ភ្នំពេញៈ លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ដឹកនាំ​ប្រតិភូ​យោធា​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ឆ្ពោះ​ទៅកាន់​ប្រទេស​តួកគី​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៦ ​ថ្ងៃ​ពីថ្ងៃ​ទី​ ២៦-៣១ ខែមករា ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ការពារជាតិ កាលពី​ថ្ងៃ​ ២២ ខែ មករា ឆ្នាំ​ ២០២០​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​អង់ការ៉ា​លោក​ ទៀ បាញ់ និង​គណៈប្រតិភូ​គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សាធារណរដ្ឋ​តួកគី លោក ហ៊ូលូស៊ី អាការ៍ ស្ដីពី​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ ២​។

លោក ឈុំ សុជាត ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​មិន​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​តួកគី​ទៅលើ​វិស័យ យោធា និង​ការពារជាតិ​ដែល​នឹង​ជួយ​លើកស្ទួយ​ឲ្យ​វិស័យ​ការពារ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​។

លោក​បាន​បញ្ជាក់ថា ទំនាក់ទំនង​កម្ពុជា​ និង​ប្រទេស​តួកគី​ថ្មីៗ​នេះ​កំពុង​តែ​មាន​ការរីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​តាមរយៈ​នៃ​ការធ្វើដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​វា​បង្ហាញ​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​។ ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ ២ ​កន្លងមក យើង​មិន​ទាន់​មាន​បាន​ការវិវឌ្ឍ​ជា​ដុំកំភួន​តែ​ពេលនេះ​ប្រទេស​ទាំង​ ២ ​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ និង​ផ្តល់​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​កិច្ចការ​តំបន់​ និង​ពិភពលោក​»​។

លោក​បាន​បន្តថា​ភាគី​ទាំង​ ២ ​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​បើក​ទំព័រ​ប្រវតិ្តសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ហើយ​ប្រទេស​ទាំង​ ២ គឺអាច​ពឹងពាក់​គ្នា​ទៅវិញ​ទៅមក​នាពេល​អនាគត ហើយ​ទស្សនកិច្ច​នេះ​ចង់បង្ហាញ​ផងដែរ​ថា​កម្ពុជា​មិនមែន​មានតែ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ឬ ប្រទេស​ណាមួយ​នោះទេ តែ​កម្ពុជា​ក៏មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបតិ្តការ​ជាមួយ​ប្រទេស​ដទៃ​ផ្សេងទៀត​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​វា​ជួយ​បង្កើត និង​ពង្រឹង​ទីផ្សារ​ដ៏សំខាន់​សម្រាប់​កម្ពុជា​ផងដែរ​។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ទំនាក់ទំនង ហើយ​ថា​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាច​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​តួកគី តែ​លោក​ថា តួកគី​អាចជួយ​តិចតួច​ណាស់​ដល់​ប្រទេស​កម្ពុជា​ទាំង​វិស័យ​យោធា និង​សេដ្ឋកិច្ច​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ប្រទេស​ទាំង​ ២​។ ជាធម្មតា​ប្រទេស​នីមួយៗ​តែងតែ​ត្រូវការ​ពឹងពាក់​គ្នា​ទៅវិញទៅមក​។ ប្រទេស​តួកគី មិន​បាន​ជួយ​ធំដុំ​អី​ដល់​កម្ពុជា​នោះទេ​ទាំង​យោធា និង​សេដ្ឋកិច្ច​»​។ កម្ពុជា និង​តួកគី​ធ្លាប់​មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​តាំងពី​ឆ្នាំ​ ១៩៧០​។ ចំណង​ការទូត​បាន​បាត់បង់​ក្រោយ​ឆ្នាំ​ ១៩៧៥ ដែល​កម្ពុជា​បាន​ធ្លាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

ទំនាក់ទំនង​រវាង​កម្ពុជា និង​តួកគី​បាន​វិល​ត្រឡប់​មកវិញ​ក្រោយ​ឆ្នាំ​ ១៩៩៣ ដែលមាន​ការបោះឆ្នោត​សកល​លើកដំបូង​។ ទំនាក់ទំនង​រវាង​កម្ពុជា​ និង​តួកគី ក្រោយមក​កាន់តែ​បាន​ពង្រឹង​បន្ថែម​ទៀត ជាពិសេស​ក្រោយ​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​តួកគី​កាលពី​ខែតុលា​ឆ្នាំ​ ២០១៨​។ នា​អំឡុង​ទស្សនកិច្ច​នៅ​តួកគី​កាល​នោះ លោក ហ៊ុន សែន និង​លោក​ប្រធានាធិបតី​តួកគី Erdogan បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដោយ​កម្ពុជា​បាន​បើក​ស្ថានទូត​ក្នុង​ទីក្រុង​អង់ការ៉ា​របស់​តួកគី​ហើយ​តួកគី​បាន​បើក​ស្ថានទូត​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​។

ជុំវិញ​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់​ ១ ​ពាន់​លាន​ដុល្លារ​អាមេរិក លោក​ ហ៊ុន សែន​លើក​ជា​គំនិត​ថា គួរ​ធ្វើបញ្ជី​មុខទំនិញ​ដែល​អាច​នាំចេញ-នាំចូល​រវាង​ប្រទេស​ទាំង​ ២ ពោល តើ​ទំនិញ​អ្វីដែល​កម្ពុជា​អាច​នាំទៅ​តួកគី​បាន​? ហើយ​តួកគី​អាច​នាំ​ទំនិញ​អ្វី​មក​កម្ពុជា​បាន​? ក្រោយមក​ទៀត​នៅ​ចុងខែ​កក្កដា​ឆ្នាំ​ ២០១៩ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ក្រុង​អង់ការ៉ា ហើយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​ការលើក​កម្ពស់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​៕