ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនបានចាកចេញពីប្រទេសកម្ពុជាកាលពីម្សិលមិញឆ្ពោះទៅកាន់ប្រទេសចិនរយៈពេល ៥ ថ្ងៃ ដើម្បីចូលរួមការប្រកួតកីឡាយោធិនពិភពលោក និងពិភាក្សាលើបញ្ហាសន្តិសុខនៅក្នុងតំបន់ ដើម្បីលើកកម្ពស់សន្តិភាព។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃទី ១៦ ខែតុលា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងដោយសារមានការអញ្ជើញរបស់លោក Wei Fenglhe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូក្រៅពីចូលរួមវេទិកាកីឡាហើយក៏នឹងចូលរួមវេទិកាសៀងសាន ប៉េកាំងលើកទី ៩ (09 Beijing Xiangshan Forum ប្រព្រឹត្តទៅនៅថ្ងៃទី ២០-២២ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង។
ប្រតិភូកម្ពុជាក៏ចូលរួមផងដែរពិធីបើកការប្រកួតកីឡាយោធាពិភពលោក លើកទី ៧ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នៅទីក្រុង អ៊ូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ហើយព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោកលើកទី ៧ នេះរៀបចំឡើងក្រោមប្រធានបទ «ការចែករំលែកមិត្តភាព និងលើកកម្ពស់សន្តិភាព»។
សេចក្តីប្រកាសព័ត៌មានបន្តថា បន្ទាប់ពីព្រឹត្តិការណ៍នេះគឺប្រតិភូនឹងចូលរួមវេទិកាសៀងសាន ប៉េកាំង លើកទី ៩ (9th Beijing Xiangshan Forum) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននៅក្នុងវេទិកា សៀងសាន លើកទី ៩ នេះសម្តេចពិជ័យសេនា ទៀ បាញ់ និងចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។
នៅក្នុងឱកាសនោះដែរលោក ទៀ បាញ់ ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គទី ៣ ក្រោមប្រធានបទ “ផលប្រយោជន៍នៃប្រទេសតូច និងមធ្យម និងសន្តិសុខរួមគ្នា"ហើយក្នុងដំណើរទស្សនកិច្ចនេះក៏មានការជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោក Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការពង្រឹង និងពង្រីកទំនាក់ទំនង និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសចិនទៅលើវិស័យ យោធា និង ការពារជាតិដែលនឹងជួយឲ្យវិស័យការពារប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន។
លោក ភា ថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនានឹងធ្វើឲ្យទំនាក់ទំនងវិស័យយោធា និងការពារជាតិរវាងប្រទេសទាំង ២ កាន់តែត្រូវបានពង្រឹងនឹងពង្រីកទ្វេឡើងថែមទៀតពីព្រោះថាយើងឃើញថា មួយរយៈកន្លងមកនេះការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រមុខការពារជាតិនៃប្រទេសទាំង ២ និងរវាងកងកម្លាំងយោធា ដូច្នេះវាធ្វើឲ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅថែមទៀត និងទំនុកចិត្តគ្នាទៅវិញទៅមក»។
លោកបានការពារនូវជំហររបស់ប្រទេសកម្ពុជាដែលបានពឹងផ្អែកទៅលើប្រទេសចិនដោយចាត់ទុកថាប្រទេសចិនគឺជាប្រទេសដែលមានឆន្ទៈ ស្មោះត្រង់នឹងប្រទេសកម្ពុជា និងគោរពគោលនយោបាយកម្ពុជា ខណៈដែលសហរដ្ឋអាមេរិកមិនទាន់បង្ហាញឆន្ទៈស្មោះត្រង់មកលើប្រទេសកម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងល្អនោះទេ ហើយថាប្រទេសកម្ពុជាតែងតែស្វាគនម៍ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសផ្សេង។
លោកថ្លែងថា៖ «តើសហរដ្ឋអាមេរិកពិតជាមានសុឆន្ទៈ និងមានភាពស្មោះត្រង់ទំនាក់ទំនងជាមួយកម្ពុជាដែរឬទេ?
តើពិតជាមានបំណងចង់ជួយកម្ពុជាពិតប្រាកដដែរឬទេ? យើងមិនចង់បង្កសត្រូវជាមួយមហាអំណាចណានោះទេហើយប្រសិនប្រទេសណាដែលគេជួយ និងផ្តល់កិច្ចសហប្រតិបត្តិការល្អ យើងពិតជាត្រូវមានទំនាក់ទំនងល្អជាមួយវិញហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថាដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនង ហើយថាលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអាចនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំចិនអំពីបញ្ហានយោបាយក្នុងប្រទេសកម្ពុជាផងដែរ ហើយថាទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជាចិនអាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងផងដែរថា៖ «កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិនហើយមិនមានការអ្វីប្លែកទេរាល់ពេលមានបញ្ហា ច្រើនតែឃើញមានមន្ត្រីជាន់ខ្ពស់ទៅប្រទេសចិន ហើយអាចនឹងមានការជជែកគ្នាអំពីបញ្ហានយោបាយប្រទេសកម្ពុជា យើងតែងតែស្រែកឲ្យចិនជួយ និងយើងពឹងផ្អែកចិនជាបង្អែករបស់កម្ពុជាទាំងសេដ្ឋកិច្ច និងនយោបាយ» ៕