ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​នាក់​ចាប់ផ្ដើម​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​ ២២ ខែធ្នូ​ក្នុង​គោលបំណង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​យោធា​ក្នុង​ឆ្នាំ​ ២០២០​។

បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៦ ​ធ្នូ ឆ្នាំ​ ២០១៩ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​បាន​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​លោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ក្នុងអំឡុង​ពេល​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ ​ថ្ងៃ​ក្នុង​រដ្ឋធានី​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ព្រមទាំង​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​វៀតណាម និង​ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ឆ្នាំ​ ២០២០-២០២៤ និង​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​ ២០២០ រវាង​ក្រសួង​ការពារជាតិ​ទាំង​ ២ កម្ពុជា-វៀតណាម​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា​លោក រដ្ឋមន្ត្រី​ ទៀ បាញ់ នឹង​គណៈប្រតិភូ​ក្រសួង​ការពារជាតិ​កម្ពុជា​ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​ត្រីភាគី កម្ពុជា-វៀតណាម-​ឡាវ និង​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧៥ ថ្ងៃ​បង្កើត​កងទ័ព​ប្រជាជន​វៀតណាម​នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​វៀតណាម​។

លោក​ ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​មិនអាច​ទាក់ទង​សុំ​ការធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​បានទេ​។ ក្នុង​ខែ​តុលា ឆ្នាំ​ ២០១៩ ​នេះ​បញ្ជាការដ្ឋាន​កងទ័ព​កម្ពុជា-វៀតណាម​បាន​ឯកភាព​គ្នា​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​លើ​វិស័យ​យោធា​៕