កណ្តាលៈ ​លោក​នាយក​រដ្ឋ មន្ត្រី​ ​ហ៊ុន​ ​សែន​ បាន​ប្រ​កាស​ថា​ ​លោក​ ទៀ​ បាញ់ ​ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នឹង​​ទៅ​បំពេ​​ញ​ទស្សន​កិច្ច​នៅ​ប្រទេស​តួក​គី ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​ខណៈ​ដែល​រ​ដ្ឋ​មន្ត្រី​ក្រសួង​មហា​​ផ្ទៃ ​ទើប​តែ​បញ្ចប់​ការ​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​​ពេល​ថ្មីៗ​នេះ។​ ​

អ្នក​វិភាគ​មើល​ឃើញ​ថា​ ​នេះ​​គឺ​ជា​ការ​កសាង​ទំនាក់​ទំនង​ដៃ​គូ​យុ​ទ្ធ​សាស្ត្រ​​ដ៏​ល្អ​មួយ​ ​តែ​កម្ពុជា​ក៏​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​កម្រិត​ភូមិ​សាស្ត្រ​នយោ​បាយ​ថែម​ទៀ​ត​។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ ​និង​វិញ្ញា​បន​បត្រ​​ដល់​និស្សិត​ ​និង​សិក្ខា​កាម​នៃ​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ ​លោក​ ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា ​ក្រោយ​ពី​​ដំណើ​រ​ទស្សន​កិច្ច​របស់​លោក​កាល​ពី​ឆ្នាំ​មុន ​គឺ​តម្រូវ​ឱ្យ​មាន​ដំ​ណើរ​ទស្សន​កិច្ច​តាម​ក្រោយ​ដោយ​លោក ​ស​ ខេង។​ លោក ហ៊ុន ​សែន​ ​ថ្លែង​ថា ​ទស្សន​កិច្ច​ជា​ថ្មី​ម្តង​ទៀត​គឺ​ត្រូវ​ធ្វើ​ឡើ​ងដោយ​លោ​ក​ ​ទៀ ​បាញ់។​

លោក ​ហ៊ុន​ ​សែន​ ​ថ្លែង​ថា​៖​ ​«​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ជួប​គ្នា​ជា​មួយ​នឹង​ប្រធា​នាធិប​តី​តួក​គី​ចុង​ក្រោយ​​នៅ​ឯ​ប្រទេស​ តា​ជី​គី​ស្តង់​ ​ក៏​គាត់​រំឭក​អំពី​ចំ​ណុច​ដែល​ត្រូវ​ធ្វើ​ការ​បន្ត​រ​វាង​យើង​ជា​មួយ​នឹង​តួក​គី​»​។​

​​​​កាល​ពី​ថ្ងៃ​ទី​​ ២៨ ​ខែ​ កក្កដា ​ដល់​ថ្ងៃ​ទី ១​ ​ខែ​ សី​ហា ​លោក​ ស​ ខេង​ បាន​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស ​តួក​គី។​ ​លោក​ក៏​​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​សន្តិ​សុខ​រវាង​កម្ពុជា ​និង​តួក​គី។​

​លោក ​ហ៊ុន​ ​សែន​ ​ថ្លែង​ថា​ ការ​ចុះ​ហត្ថ​លេខា​រវាង​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ប្រទេស​​ទាំង​ ២ នេះ​​ក៏​អាច​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ជា​ដៃ​គូ ​ដែល​កម្ពុជា​អាច​ធ្វើ​ទៅ​រួច​រវាង​ប្រទេស​ កម្ពុជា ​និង​ប្រទេស​ក្នុង​តំបន់​ និង​រាប់​ទាំង​ប្រ​ទេស​ក្រៅ​តំបន់។​ ​លោក​ថ្លែង​ថា​ ​តួក​គី​មិន​មែន​ជា​ប្រទេស​នៅ​ក្នុង​សហ​គមន៍​អឺរ៉ុប​ទេ តែ​តួក​គី​ស្ថិត​នៅ​ក្នុង​​ប្រទេស​នៃ​សន្ធិ​សញ្ញា​អាត្លង់​ទិក​ខាង​ជើង​ ​អូ​ត​ង់​ ​ឬ​ណា​តូ។​

​លោក​ ​ហ៊ុន​ ​សែន​ ​ថ្លែង​បន្ត​ថា​៖​ ​«​ក៏​ប៉ុន្តែ​ ​ដោយ​មើល​ឃើញ​អំពី​ស្ថាន​ភាព​ ដែល​អាច​ទៅ​រួច តួក​គី​មិន​ញញើត​ក្នុង​ការ​ចុះ​ហត្ថ​លេខា​រវាង​កម្ពុជា​ ​និង​ តួក​គី​នោះ​ទេ​»​។​

លោក​ ឈុំ​ ​សុជាត​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​​ថា ​លោក​មិន​ទាន់​ទទួល​ព័ត៌​មាន​ បន្ថែម​ជុំ​វិញ​ដំ​ណើរ​ទស្សន​កិច្ច​នេះ​ទេ​។​ ​

​​លោក​ ​គិន​ ​ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ ​រា​ជប​ណិ្ឌត្យ​សភា​កម្ពុជា ​និង​ជា​អ្នក​វិភាគ​បញ្ហា​នយោ​បាយ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​បើ​មើល​ទំនោរ​ចុង​ក្រោយ​នេះ​ កម្ពុជា និង​តួក​គី​ហាក់​ដូច​ជា​កំពុង​កសាង​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​មួយ​។​

មាន​លក្ខណៈ​នយោ​បាយ​​​ប្រហាក់​ប្រហែល​កម្ពុជា ​ ​តួក​គី​កំពុង​តែ​មាន​បញ្ហា​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ដែរ ជា​ពិសេស​គឺ​ក្រោយ​ពេល​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​ តួក​គី​ហាក់​ដូច​ជា​ងាក​ចេញ​ឆ្ងាយ​ពី​សហ​រដ្ឋ​អាមេរិក​ ​ហើយ​ត្រឡប់​មក​មាន​សម្ព័ន្ធ​ភាព​ល្អូក​ល្អិន​ជា​មួយ​រុស្ស៊ី ​និង​បណ្តា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ ​ហើយ​ក៏៏​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ចិន​ដែរ​។​

​​លោក​ ​គិន ​ភា ​បានថ្លែង​ថា៖​ ​«​ពិត​ហើយ ​ដើម្បី​ក្លាយ​ទៅ​ជា​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រ​មួយ​ លុះ​ត្រា​តែ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ ​ទាំង​វិស័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​ គឺ​វិស័យ​នគរ​បាល​ វិស័យ​ការ​ពារ​ជាតិ​ ​វិស័យ​នយោ​បាយ​ គឺ​ ​ឯក​ឧត្តម​ ​ប្រាក់​ ​សុខុន​ ​(​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស)​ លោក​បាន​ទៅ​ទស្សន​កិច្ច​ហើយ​ ​ហើយ​មាន​ដំណើរ​ទស្ស​កិច្ច​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ​(​ហ៊ុន​ ​សែន​)​។​ ​មាន​ន័យ​ថា ​គឺ​ជា​ការ​ជំរុញ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ហ្នឹង​ទៅ​ជា​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រ​មួយ​ដ៏​ល្អ​ទៅ​ខាង​មុខ​»​។​

​​លោក​ មាស ​នី​ អ្នក​វិភាគ​នយោ​បាយ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​បើ​មើ​ល​ពី​ការវិវឌ្ឍ​ទិដ្ឋ​ភាព​នយោ​បាយ​ក្នុង​ពិភព​លោក​ ​ប្រទេស​ តួក​គី​ ក៏​កំពុង​ទទួល​រង​នូវ​ការរិះ​គន់​ ឬ​ក៏​ការ​គាប​សង្កត់​ពី​បណ្តា​បស្ចិម​ប្រទេស​ជា​បណ្តើរៗ​។ ​ស្ថាន​ការណ៍​នយោ​បា​យ​នៅ​​ប្រទេស​តួក​គី​ពេល​​នេះ​ ដូច​ជា​មិន​ខុស​ពី​អ្វី​ដែល​កម្ពុជា​កំពុង​ទទួល​រង​នា​ពេល​បច្ចុ​ប្បន្ន​នោះ​ទេ​។​

​លោក ​មាស​ ​នី​ ​ថ្លែង​ថា៖​ «​ពី​ដើម​មក​ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ ​ឆ្ងល់​ថា​ ​ហេតុ​អ្វី​បា​ន​ជា​ស្ងាត់ៗ​ កម្ពុជា​នឹក​ឃើញ​ទាក់​ទង​សុំ​ទិញ ​ឬ​ក៏​ជួល​​ម៉ាស៊ីន​ភ្លើង​ពី​ប្រទេស​ តួក​គី? ​តែ​ឥឡូវ​នេះ​ យើង​ឃើញ​ថា​ ដូច​ជា​ទំនាក់​ទំនង​រវាង​តួក​គី​ ​និង​កម្ពុជា​ហ្នឹង​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​គ្នា ​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ តួក​គី​ក៏​កំ​ពុង​តែ​ទទួល​រង​នូវការ​ហ៊ុម​ព័ទ្ធ​ និង​ការរិះ​គន់​ពី​បស្ចិម​ប្រទេស​ផង​ដែរ​»​។​ ​

លោក​ ​មាស​ ​នី​ ​បន្ត​ថា​ ​ជា​ការ​សម្គាល់​របស់​លោក​ វា​ហាក់​ដូច​ជា​​មាន​ចរន្ត​ពិភព​លោក​មួយ​ដែល​កំពុង​ធ្វើ​ការ​ប្រមូល​ផ្តុំ​នូវ​សម្ព័ន្ធ​មិត្ត​មួយ​ដែល​ចែក​ដាច់​ មិ​ន​មែន​ជា​សម្ព័ន​មិត្ត​ជា​មួយ​​បស្ចិម​ប្រ​ទេស។​ ​វា​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុ​ជា​កាន់​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​កម្រិត​នៃ​ភូមិ​សាស្ត្រ​នយោ​បាយ​កាន់​តែ​ច្រើន​ថែម​ទៀត​។​ កាល​ពី​ឆ្នាំ ​២០១៨​ លោក ​ហ៊ុន​ ​សែន​ ​បាន​ទៅ​បំពេញ​ទស្ស​ន​កិច្ច​នៅ​ប្រទេស​ តួក​គី និង​បាន​​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួ​ន​​ ​ដើ​​​ម្បី​ពង្រឹង​កិច្ច​សហ​ ប្រតិ​បត្តិ​ការ​ប្រទេស​ទាំង​ ២​។​

​​កាល​ពី​ខែ​ មិថុ​នា ​ឆ្នាំ​ ២០១៩ ​លោក​ ហ៊ុន​ ​សែន​ បាន​ជួប​ជា​មួយ​ប្រធា​នា​ធិប​តី​តួក​គី ​លោក Recep Tayyip Erdoan ​នៅ​ប្រទេស ​តា​ហ្ស៊ីគី​ស្ថាន​ ​ខណៈ​ដែល​លោក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​លើក​ទី​៥​ ​នៃ​សន្និ​សីទ​ស្តី​ពី​​អន្តរ​សកម្ម​ភាព​ ​និង​វិធាន​កា​រ​​​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​នៅ​ ទី​ក្រុង​ឌូសាន់​បេ​ នៃ​ប្រទេ​ស តា​ហ្ស៊ីគី​ស្ថាន​។​ ​

កាល​ពី​ថ្ងៃ​ទី ១ ​ដល់​ទី ៣ ​ខែ​ តុលា ​ឆ្នាំ​ ២​០១៨​ ​លោក​ ​ប្រាក់ ​សុ​ខុន​ ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ ​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​តួក​គី​ដើម្បី​រឹត​ចំណង​មិត្ត​ភាព​ ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ ​និង​រឹង​មាំ​ថែម​ទៀត។​ ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ប្រទេស​ទាំង​ ២ បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរ​ណៈ​ដើ​ម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​វិទ្យា​ស្ថាន​ការ​ទូត​នៃ​ក្រសួង​ការបរទេស ​ប្រ​ទេស​ទាំង​ ២៕