ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានប្រកាសថា ក្រសួងនឹងផ្ដល់ម៉ាស់ចំនួន ៣ សែនបន្ទះ និងសម្លៀកបំពាក់ការពារឆ្លងមេរោគមួយចំនួនទៅក្រសួងការពារជាតិប្រទេស ចិន ដើម្បីចូលរួមចំណែកក្នុងការបង្ការការឆ្លងវីរុសកូរ៉ូណាថ្មី ឬ Covid-19។
គេហទំព័រក្រសួងការពារជាតិបានចុះផ្សាយថា ការប្រកាសរបស់លោក ទៀ បាញ់ ដើម្បីផ្ដល់ម៉ាស់ និងសម្លៀកបំពាក់ការពារឆ្លងមេរោគទៅកាន់ប្រទេសចិននេះ គឺធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងបើកវគ្គសិក្សាឆ្នាំ ២០២០ និងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ ខ្នង នៅសាកលវិទ្យាល័យការពារជាតិ។
លោកថ្លែងថា៖ «ដោយសារតែយើងឃើញនូវទុក្ខធុរៈរបស់មិត្តចិនគឺមានសភាពធ្ងន់ធ្ងរណាស់ ក្រសួងការពារជាតិយើងនៅថ្ងៃនេះបានជូនដំណឹងទៅស្ថានទូតចិននៅកម្ពុជាហើយ ដោយយើងបានសម្រេចប្រមូលបានម៉ាស់មួយចំនួនហើយ ទោះបីជាវាមិនច្រើនមែនសម្រាប់ប្រទេសចិនចំពោះម៉ាស់ចំនួន ៣ សែននេះ តែវាជាទឹកចិត្តរបស់យើងក្នុងការចូលរួមជាមួយមិត្តរបស់យើង»។
លោក ទៀ បាញ់ ក៏បានអំពាវនាវឱ្យនាយទាហានទាំងអស់រួមទាំងប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មីដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ លោកក៏បានចាត់ទុក អ្នកដែលបានផ្សព្វផ្សាយក្លែងក្លាយកន្លងមកថា កម្ពុជាកំពុងឆ្លងវីរុសនេះថាភាគច្រើនជាក្រុមអ្នកក្បត់ជាតិ និងក្រុមប្រឆាំង។
លោក ទៀ បាញ់ និងលោក ឈុំ សុជាតិ មន្ត្រីនាំពាក្យក្រសួងការពារជាតិ មិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
យោងតាមសារព័ត៌មាន BBC បានចុះផ្សាយថា កាលពីដើមខែកុម្ភៈនេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងថា អ្វីដែលប្រទេសចិនត្រូវការជាបន្ទាន់នៅពេលនេះគឺម៉ាស់វេជ្ជសាស្ដ្រ ឈុតសម្លៀកបំពាក់ការពារ និងវ៉ែនតាការពារសុវត្ថិភាព។
កាលពីថ្ងៃអង្គារម្សិលមិញប្រទេស ចិន បានប្រកាសថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19 គឺកើនដល់ចំនួន ២ ៦៦៣ នាក់ ខណៈអ្នកឆ្លងកើនដល់ ៧៧ ៦៥៨ នាក់។ គិតមកដល់ពេលនេះប្រទេសជាង ៣០ ហើយ ដែលបានរាយការណ៍ថាបានរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី និងកំពុងរាតត្បាតដោយវីរុសនេះ បន្ទាប់ពីបានផ្ទុះឡើងដំបូងកាលពីខែធ្នូឆ្នាំ ២០១៩ ស្ថិតក្នុងទីក្រុងវ៉ូហាន ខេត្តហឺប៉ីប្រទេសចិន។ កម្ពុជាមិនទាន់មានការរាតត្បាតនៃវីរុសនេះនៅឡើយទេ ក្រៅពីបានរកឃើញករណីឆ្លងវីរុសមួយករណីលើជនជាតិចិនស្ថិតនៅខេត្តព្រះសីហនុ៕