ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ លោក​ ទៀ បាញ់ បាន​បញ្ជា​ផ្ទាល់​ទៅកាន់​អង្គភាព​ចំណុះ​ក្រសួងការពារជាតិ​ទាំងអស់​ត្រូវ​ប្រមូល​ទិន្នន័យ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​របស់​ខ្លួន​ដែល​មាន​ងារ​ជា​ «​ឧកញ៉ា​» ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​កំណត់​ថ្ងៃ​ជួបគ្នា​ក្នុង​ការជ្រើសរើស​តួនាទី​មួយ​ក្នុង​ចំណោម​តួនាទី​ទាំង​ ២​។

លោក​ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​បន្ទាយ​កងទ័ព​ថ្មី​ក្នុង​ខណ្ឌ​សែនសុខ កាលពី​ថ្ងៃ​ម្សិលមិញ​។ លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​និយាយ​ឲ្យ​បាន​ច្បាស់លាស់​តែម្តង​គឺ​ដើម្បី​យើង​ទាំងអស់​គ្នា​ឯកភាព​គ្នា​គឺ​ប្រធាន​ទាំងអស់​គឺ​ត្រូវតែ​ចាត់ចែង​ឲ្យ​បាន​រួសរាន់​បន្តិច​។ ខ្ញុំ​សូម​ណែនាំ​អំពី​ការចាត់ចែង​ពិធី​នេះ និង​មាន​ភាព​ប្រុងប្រយ័ត្ន ហើយ​ក៏​ធ្វើឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានា​ដល់​ការកែទម្រង់​របស់​យើង​រៀបចំ​តាម​បំណងប្រាថ្នា​ដែល​យើង​ចង់បាន​។ ពិតណាស់ ខ្ញុំ​យល់​យ៉ាងច្បាស់​អំពី​បរមងារ​ហៅថា ឧកញ៉ា​នេះ​គឺ​មាន​មួយ​ចំនួន​គឺ​គេ​គួរសម​ដែរ បាន​រួម​វិភាគទាន​ក្នុង​ការកសាង​ជាតិ មាតុភូមិ​ក្នុង​កម្រិត​ណា​មួយ​ដែល​ទទួល​លក្ខខណ្ឌ​ទៅជា​អ្នកឧកញ៉ា លោក​ឧកញ៉ា​ហ្នឹង​»​។

ទោះបី​យ៉ាងណា​លោក​ ទៀ បាញ់ សង្កត់ធ្ងន់​ថា​៖ «​ឥឡូវនេះ យើង​និយាយ​គ្នា​ឲ្យ​ច្បាស់​តាម​តម្រូវការ​គឺ​ឲ្យ​ទុក​តែមួយ​។ យើង​ឃើញថា រឿង​ឧកញ៉ា​មួយ​នេះ ត្រូវតែ​លះបង់​មុខ​តំណែង​នៅក្នុង​កងទ័ព ឬ​ហៅថា​ឋានន្តរស័កិ្ត​ក្នុង​កងទ័ព​ដែរ​។ ពីព្រោះ​ឥឡូវ​ហ្នឹង​គឺ​ទុក​តែមួយ​ទេ គឺ​ត្រូវតែ​គិតគូរ​យក​ឲ្យ​មែនទែន រហូត​ដល់​ណែនាំ​ឲ្យ​រៀបចំ​បែបបទ បញ្ឈប់​មុខតំណែង​នោះ​រួចជាស្រេច​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែ​សីហា​ដោយ​បញ្ជា​ឲ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់អាវុធ​ណា​ដែល​មាន​ងារ​ជា​ «​ឧកញ៉ា​»​ ត្រូវ​ជ្រើសរើស​ជាបន្ទាន់​ថា តើ​ត្រូវ​ជ្រើស​យក​ងារ​ «​ឧកញ៉ា​»​ ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​តទៅទៀត​។

ជាមួយ​គ្នា​នេះ​លោក​ ទៀ បាញ់ ក៏​អះអាង​ដែរ​ថា​លោក​ត្រូវតែ​ជួប​មន្ត្រី​ដែល​មាន​ងារ​ ២ ​ទាំងនោះ ទោះ​ជួប​តាម​របៀប​ណាក៏ដោយ ដើម្បី​បញ្ជាក់​ពួកគេ​ឲ្យ​បាន​ច្បាស់ ថា​ត្រូវ​ជ្រើសរើស​យក​ងារ ឧកញ៉ា ឬ​យក​តំណែង​នៅក្នុង​កងទ័ព​។ ចៀសវាង​មាន​ភាព​ថ្នាំងថ្នាក់​ណាមួយ​ក្នុងការ​សម្រេច​នេះ​ដែល​នាំ​ឲ្យ​កើតមាន​ការមិន​សុខចិត្ត ខណៈ​លោក​ដឹងថា​ការអនុវត្ត​គោលការណ៍​នេះ​គឺ​ចៀស​មិន​ផុតពី​ផលប៉ះពាល់​ដល់​មន្ត្រី​មួយចំនួន​របស់​ខ្លួន​ដែល​កំពុង​មាន​ងារ​ ២ ​។

លោក​បញ្ជាក់ថា​៖ «​និយាយ​ឯកភាព​គ្នា ទើប​យើង​រៀបចំ​បែបបទ ព្រោះ​ធ្វើ​ភ្លាម​មិន​បាន​ពិគ្រោះ ក្រែងលោ​អ្នក​ដែល​លោក​មាន​ងារ​ ២ ​មិន​សប្បាយ​ចិត្ត ហើយ​មើលងាយ​មើលថោក​អី​ណា​ណី​ទៅជា​រឿង​ផ្សេង​។ ដូច្នេះ​កុំ​ឲ្យ​មាន​ហេតុការណ៍​អ្វី​ផ្សេង សូម​អង្វរករ​កុំ​ឲ្យ​មាន​ហេតុការណ៍​ដែល​ត្រូវ​ក្លាយ​ទៅ​ជា​ថ្នាំងថ្នាក់ ហើយ​បែរជា​ថា មាន​ [​ការ​] ​គាបសង្កត់​ជា​ហូរហែ​»​។

រហូត​មក​ដល់​ពេលនេះ​នៅ​មិនទាន់​មាន​ចំនួន​ជាក់លាក់​ណាមួយ​ជុំវិញ​មន្ត្រី ដែល​កំពុង​មាន​ងារ​ ២ ​ក្នុង​ជួរ​កងទ័ព​នោះទេ​។ ការអះអាង​កន្លង​ទៅ​គ្រាន់តែ​ដឹងថា​ក្នុង​ក្របខ័ណ្ឌ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ មាន​មន្ត្រី​ដែលមាន​ងារ​ឧកញ៉ា​ចំនួន​ ៦១ ​រូប​ដែល​ក្នុងនោះ​មាន​ ៤៥ ​រូប​បាន​សម្រេច​ចិត្ត​បោះបង់​ងារ​ជា​ «​ឧកញ៉ា​»​។ ចំណែក​ ១៦ រូប​ទៀត​បាន​ងាក​ទៅ​ចាប់​យក​ងារ​ជា «​ឧកញ៉ា​» ដោយ​សុខចិត្ត​លាលែង​ពី​ក្របខ័ណ្ឌ​យោធា​។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​យោធា​។

លោក​ឧត្ដមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួង​ការពារជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ពុំទាន់​មាន​តួលេខ​ថ្មី ឬ​ឈ្មោះ​មន្ត្រី​ដែល​មាន​ងារ​ជា​ឧកញ៉ា​ទាំងនេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការប្រជុំ​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​មុន​ជំនួប​ដែល​នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

ប៉ុន្តែ​លោក​ សូលីម៉ូ អះអាង​ថា​នៅពេល​មាន​ការ​សម្រេច​ជ្រើសរើស​មុខងារ​ណាមួយ​រួចរាល់​ហើយ​នោះ ក្រសួង​ការពារជាតិ​នឹង​ធ្វើ​បែបបទ​បញ្ជាក់​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​ដល់​ការចេញ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ ក្នុង​ការ​បញ្ឈប់​ពួកគេ​ចេញ​ពី​ងារ​ណា​មួយ​ដែល​ត្រូវបាន​បោះបង់​។

លោក​បញ្ជាក់ថា​៖ «​យើង​បានរៀបចំ​ទិន្នន័យ​រួចរាល់​អស់ហើយ​គឺ​អត់​មាន​អ្វី​កែប្រែ​ទេ ហើយ​ការជួប​នេះ​គឺ​មន្ត្រី​នៅក្នុង​អគ្គបញ្ជាការដ្ឋាន​ទាំង​ ៦១ ​រូប​ហ្នឹង ក៏​ត្រូវ​ជួប​ផ្ទាល់​ជាមួយ​សម្តេច​ [​ទៀ បាញ់​]​ ដែរ​»​។

យោងតាម​តួលេខ​ចេញផ្សាយ​ជា​សាធារណៈ​នាពេល​កន្លង​ទៅ​បាន​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ ១៩៩៤ រហូត​មក​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ កម្ពុជា​មាន​ឧកញ៉ា​ចំនួន​ ៧០៤ ​នាក់​ស្របពេល​តាម​ច្បាប់​ថ្មី​បាន​ចែងថា អ្នក​ដែល​ទទួល​បាន​ងារ​ជា​ឧកញ៉ា​គឺ​រាល់​សប្បុរសជន​ណា​ដែល​បាន​ធ្វើ​អំណោយ​ដល់​រដ្ឋ​លើសពី ៥០ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​នោះ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​ងារ​ជា​ឧកញ៉ា​៕