ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​​​នៅថ្ងៃ​ព្រហស្បតិ៍នេះ នឹង​ប្រារព្ធ​ខួប​ទី​ ៤២ ​ឆ្នាំ​​នៃ​ការ​តស៊ូ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​ដែល​បាន​រត់ទៅ​ប្រទេស​វៀត​ណាម​ហើយ​ត្រឡប់​មក​វិញ​ជា​មួយ​កង​ទ័ព​វៀត​ណាម​​ដើម្បី​ផ្តួល​រំលំ​​ខ្មែរ​ក្រហម។

​លោក ទៀ បាញ់ ឧប​នាយករដ្ឋ​មន្រ្តីនិង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​​ប្រារព្ធ​ពិធី​រំឭក​ការ​ចង​ចាំ​​តាង​នាម​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​​នៅ​តំបន់​មួយ​ដែល​ហៅ​ថា កោះ​ថ្ម ក្នុង​ឃុំ​​ទន្លូង ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ។

លោក ឌៀប សុផល ជំនួយ​ការ​វិទ្យា​ស្ថាន​ប្រវត្តិ​សាស្រ្ត​យោធា​ ​ដែល​រៀប​ចំ​ពិធី​នេះ​ ​បាន​ថ្លែង​ថា លោក ទៀ បាញ់ ​នឹង​​សម្ពោធ​ផ្លូវ​​គ្រួស​ក្រហម​ ​ដែល​មាន​ប្រវែង​ ៩,៩​ គីឡូ​ម៉ែត្រ​​​​មាន​ឈ្មោះ​ថា​ «​​ផ្លូវ​ប្រវត្តិសម្តេច ​ហ៊ុន​ សែន»​ និង​ប្រារព្ធ​ពិធីគោរព​​​ម្ចាស់​ទឹក​ម្ចាស់​ដី ​​និង ​ដាំ​ដើម​ឈើ​ជា​និមិត្តរូប​​ដើម្បី​ចង​ចាំ​​ការ​ចាក​ចេញ​ដំណើរ​​របស់​លោក​ ហ៊ុន សែន។

លោក សុផល បាន​បន្ត​ថា​ លោក ទៀ បាញ់ ​នឹង​ធ្វើ​ដំណើរ​ពី​សា​លា​បឋម​សិក្សា​ប៊ុន​រ៉ានី​ហ៊ុន សែន ​ទៅ​ព្រំ​ដែន​កម្ពុជា​វៀតណាម​​នៅ​តំបន់​មួយ​ដែល​ហៅ​ថា X16 ដែល​មាន​ឈើ​ត្រយឹង​​ដុះ​នៅ​ទី​នោះ ​ជា​ទី​កន្លែង​ដែល​លោក​ ហ៊ុន សែន ​និង​សមមិត្ត​​របស់​គាត់​​បាន​ឆ្លង​ព្រំដែន​ទៅ​ប្រទេស ​វៀត​ណាម​។ ​លោក​ក៏​នឹង​ដាក់​ថ្ម​រំឭក​វិញ្ញាណក្ខន្ធ​​នៅ​ទី​នោះ​ផង​ដែរ​ និង​​យក​អំ​ណោយ​ខ្លះ​ៗ​ទៅ​ជូន​​ពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក​ សុផល បាន​ បញ្ជាក់​ថា​៖ «​​ទី​តាំង​ដែល​ហៅ​ថា ​កោះ​ថ្ម​ គឺ​ជា​អតី​ត​​បញ្ជា​ការ​ដ្ឋាន​​របស់​​សមមិត្ត​ ហ៊ុន សែន កាល​ពេល​នោះដែល​ជា​មេ​បញ្ជា​ការ​​តំបន់​២១​​នៅ​តំបន់​ព្រំ​ដែន​​នោះ​។ ​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​ជា​មួយ​នឹង​សមមិត្ត​​ជិត​ស្និទ្ធ និង​ទុក​ចិត្ត​បំផុត​ ដោយសារ​វា​ជាការ​តស៊ូ​សម្ងាត់»។

លោក​បានបន្ថែមថា សមមិត្ត​ ៤ នាក់​ដទៃ​​ទៀត ​រួម​មានលោក​​ នុច ថន, លោក ​ញ៉ឹក ហួន, លោក សាន សាញ់ ​និង​លោក វ៉ា ប៉ោអ៊ាន។

​លោក​បន្ត​ថា​៖ «​សម្តេច​ [ហ៊ុន សែន] ​បាន​សម្រេច​ចិត្ត​តស៊ូ​ដោយ​បូជា​ជីវិត​​របស់​លោក។លោក​បាន​ឆ្លង​ទៅ​ប្រទេស ​វៀត​ណាម​ ​ខណៈ​​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​​ និង​វៀត​ណាម​​បាន​មាន​ជម្លោះ​ជា​មួយ​គ្នា​​រួច​ហើយ​ក៏​ដោយ​​។ ​លោក​ត្រូវ​តែ​ពុះ​ពារ​គ្រោះ​ថ្នាក់​​ រួ​ម​មាន​​គ្រោះ​ថ្នាក់​នៃ​ការ​ប្រទះ​ឃើញ​ដោយ​​ ប៉ុល ពត ​ការ​វាយ​ប្រហារ​ដោយ​វៀត​ណាម ​ការ​ជាន់​មីន ​និង​ចម្រូង​​ឫស្សី​មុត​​ស្រួច​ដាក់​នៅ​ក្រោម​ដី»។

លោក​បាន​បន្តថា លោក ហ៊ុន សែន ​មិន​អង្គុយ​រង់​ចាំ​ការ​សម្លាប់​​ដោយ​​ខ្មែរ​ក្រហម​ទេ។ ប៉ុន្តែ​​​សូម្បី​តែ​មាន​ក្តី​សង្ឃឹម​​តិច​តួច​ក៏​ដោយ​ ក៏​លោក​​ត្រូវ​តែ​តស៊ូ​ទៅ​ប្រទេស​វៀត​ណាម​ ​ខណៈ​ក្នុង​ករណី​អាក្រក់​បំផុត​ លោក​នឹង​ត្រូវ​ចាប់​ខ្លួន​ដោយ​វៀតណាម។

លោក សុផល បាន​ពន្យល់​ថា ​ការ​​ធ្វើ​ដំណើរ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២០ ​ខែ​ មិថុនា ឆ្នាំ​ ១៩៧៧​ នាំ​ទៅ​ដល់​ការ​បង្កើត​ឡើង​នូវ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ២ ធ្នូ ឆ្នាំ​ ១៩៧៨។ លោក​បន្ត​ថា​ ​រណ​សិរ្ស​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ផ្តួល​រំលំ​​​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​ ៧ ខែ ​មករា ឆ្នាំ ១៩៧៩។

លោក សុផល បាន​បញ្ជាក់​ថា៖ «​​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​​​ថ្ងៃ​ទី​ ២៣ តុលា ​១៩៩១ ​ជា​ការ​ពិត មិន​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ទេ ​សង្គ្រាម​ស៊ីវិល​​បាន​បញ្ចប់​​គឺ​នៅ​ថ្ងៃ​ទី​ ២៩ ខែ​ ធ្នូ ឆ្នាំ​ ១៩៩៨ ​ដោយ​សារ​គោល​នយោ​បាយ​ឈ្នះ​‑ឈ្នះ ​​របស់​សម្តេច​ ហ៊ុន សែន»។

​អ្នក​វិភាគ​នយោបាយ​​ លោក ឡៅ ម៉ុង​ហៃ​ ​បាន​ថ្លែង​ថា ការ​រំឭក​នេះ​គឺ​ជា ​«​ឥរិយាបថ​​ដើម្បី​​បញ្ជាក់​និង​លើក​តម្កើង​វីរ​ភាព​​របស់​លោក​នាយក​រដ្ឋមន្រ្តី»៕