ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានពន្យល់ពីមូលហេតុនៃការរុះរើអគារនៅទីបញ្ជាការជួរមុខសន្តិសុខលម្ហសមុទ្រនៃមូលដ្ឋានទ័ពរាម ដោយលើកឡើងថា ធ្វើឡើងដើម្បីរើទៅទីតាំងថ្មីល្អជាងមុន និងបើកផ្លូវសម្រាប់ការអភិវឌ្ឍនៅឆ្នេរសមុទ្ររាម។
ការពន្យល់នេះធ្វើឡើងបន្ទាប់ពីក្រុមសិក្សាស្រាវជ្រាវមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញរូបភាពពីផ្កាយរណបថា កម្ពុជាបានរុះរើអគារដែលកសាងដោយសហរដ្ឋអាមេរិក។
អង្គការមួយឈ្មោះថា ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិហៅកាត់ CSIS មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី ២ ខែតុលា បានចេញផ្សាយនូវរូបភាពថតពីផ្កាយរណបមួយ ដោយអះអាងថា កម្ពុជាបានរុះរើអគារមួយដែលសាងសង់ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១២ នៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។
CSIS អះអាងថា អគារនោះត្រូវបានរុះរើនៅចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែកញ្ញា។ អគារនេះត្រូវប្ដូរទីតាំងបន្ទាប់ពីមានការរាយការណ៍ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនដែលអនុញ្ញាតឱ្យ [ទ័ព] ចិនចូលមកឈរជើងនៅទីនេះ។
ក្រៅពីបង្ហាញរូបភាពដែលបង្ហាញអគារដែលបាត់បង់នោះ អង្គការ CSIS បានស្រង់ការចុះផ្សាយរបស់កាសែត The Wall Street Journal ដែលបានលើកឡើងកាលពីឆ្នាំមុនថា កម្ពុជាធ្លាប់បានបដិសេធជំនួយរបស់សហរដ្ឋអាមេរិកក្នុងការជួសជុលអគារ ១ នៅមូលដ្ឋានទ័ពជើងទឹករាមនេះដែរ។
បើតាមគេហទំព័ររបស់ CSIS ក្នុងចំណោមគណៈគ្រប់គ្រងអង្គការ CSIS មានអតីតមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ដូចជា លោក Hengry A. Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាទីប្រឹក្សាផ្នែកសន្តិសុខជាតិ, លោក William H. Frist អតីតមេដឹកនាំមតិភាគច្រើននៃព្រឹទ្ធសភាលោកស្រី Carla A. Hill អតីតតំណាងពាណិជ្ជកម្មអាមេរិក លោក Howard Leach អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបារាំងលោក Sam Nunn និងលោក John Warner ដែលអ្នកទាំង ២ ជាអតីតសមាជិកព្រឹទ្ធសភាអាមេរិក។
ជាការឆ្លើយតបនឹងការលើកឡើងរបស់ CSIS លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងប្រាប់កាសែតភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា ទីតាំងដែល CSIS បានលើកឡើងនោះ គឺជាទីបញ្ជាការជួរមុខលម្ហសមុទ្រដែលជាផ្នែកមួយសម្រាប់ប្រចាំការតែទីបញ្ជាការធំរបស់មូលដ្ឋានទ័ពរាមស្ថិតនៅខាងលើ។ ប៉ុន្តែដោយសារតែគម្រោងពង្រីកផែ និងអូរនិងការអភិវឌ្ឍនៅកំពង់ផែរាមបានមកដល់ទីតាំងតូចមួយនេះ មិនអាចឆ្លើយតបនឹងតម្រូវការជាក់ស្ដែងបានទេ។ ដូច្នេះហើយទើបទីតាំងនេះត្រូវបានប្ដូរទៅទីតាំងថ្មីនៅកោះព្រាបដែលមានទំហំធំជាង។
ចំពោះការបដិសេធជំនួយសហរដ្ឋអាមេរិកក្នុងការជួសជុលអគារមួយចំនួននៅបញ្ជាការជួរមុខនៅឆ្នេររាមលោក ទៀ បាញ់ បានមានប្រសាសន៍ថា ការបដិសេធនោះធ្វើឡើងដោយសារតែកម្ពុជាបានមានផែនការរួចហើយក្នុងការរើទីបញ្ជាការជួរមុខទៅទីតាំងថ្មីនៅកោះព្រាប។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបាននិយាយហើយនិយាយទៀតថា បើមានសន្ដានចិត្តចង់ជួយគឺទៅជួយឱ្យបានខ្លាំងក្លានៅកន្លែងថ្មី។ យើងរៀបចំកន្លែងនោះឱ្យទំនើបតែម្ដងគឺជួយនៅកន្លែងនោះវិញ។ កន្លែងនេះយើងនឹងអភិវឌ្ឍផ្សេងហើយ ដូច្នេះយើងរើទៅកន្លែងថ្មី ធ្វើឱ្យវាល្អ។ យើងបាននិយាយអ៊ីចឹង ហើយយើងបានបញ្ជាក់ទៀតថា យើងមិនជួសជុលទៀតទេកន្លែងចាស់នេះ»។
ការរុះរើអគារនេះលោកថា មិនមែនជារឿងអ្វីធំដុំទេ ប៉ុន្តែអ្នកដែលចោទប្រកាន់ចេះតែពង្រីកឱ្យវាទៅជារឿងធំ ដោយចោទថា កម្ពុជារុះរើអគារ និងបដិសេធជំនួយជាហូរហែ។
លោកថ្លែងដូច្នេះថា៖ «នៅក្នុងដែនអធិបតេយ្យរបស់យើងមានសិទ្ធិចាត់ចែងចង់ទៅដាក់កន្លែងណាវាសមស្របជាង កន្លែងនោះវាមិនសមស្រប យើងលើកទៅដាក់កន្លែងផ្សេង។ វាហាក់ដូចជាមិនមានអីត្រូវជ្រៀតជ្រែកខ្លាំងក្លាពេកទេ ព្រោះវាក្នុងអធិបតេយ្យរបស់យើង។ យើងត្រូវធ្វើអីក៏ធ្វើបានដែរ។ ដូច្នេះបានជាយើងមិនទទួលយកការជួសជុលទេ គឺយើងទៅធ្វើថ្មី។ ដូច្នេះបើមានសន្ដានចិត្តចង់ជួយ ទៅជួយកន្លែងថ្មីចុះ»។
កាលពីថ្ងៃទី ៣ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់អំពីរឿងនេះជាមួយនឹងសារព័ត៌មានមួយថា តាមពិតសហរដ្ឋអាមេរិកមិនបានកសាងអគារដែលបានលើកឡើងនេះទេ ប៉ុន្តែបានជួសជុលបន្តិចបន្តួចអគារចាស់របស់កងទ័ពជើងទឹក និងបានបំពាក់ឧបករណ៍បន្តិចបន្តួចដើម្បីបម្រើការឱ្យទីបញ្ជាការជួរមុខរបស់សន្តិសុខលម្ហសមុទ្រនោះ។ លោកថាការចោទប្រកាន់នេះគឺជា «សារជាតិរបស់មហាអំណាចដែលមានគោលបំណងរារាំងអ្វីមួយ»។
ការសាងសង់ទីបញ្ជាការជួរមុខថ្មីមានទំហំធំជាងមុន និងមានតម្លៃលើសកន្លែងចាស់រាប់រយដង ដោយមានទាំងកន្លែងចតនាវា កន្លែងសម្រាក និងងាយស្រួលចេញប្រតិបត្តិការ។ កម្ពុជាស្វាគមន៍ការចូលមកជួយបន្ថែមទៀត ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក ដោយគ្មានការគំរាមកំហែង។ ប៉ុន្តែក្នុងដែនអធិបតេយ្យភាពកម្ពុជា កម្ពុជាអាចធ្វើបានអ្វីដែលចង់ធ្វើ។ នេះបើតាមការបញ្ជាក់របស់លោក ទៀ បាញ់។
កាលពីខែកក្កដាឆ្នាំមុន មន្ត្រីសហរដ្ឋអាមេរិកមិនបញ្ចេញឈ្មោះបានលើកឡើងនូវការចោទប្រកាន់ថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយចិនដែលនឹងអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មូលដ្ឋានជើងទឹកកម្ពុជានៅរាម។ មន្ត្រីទាំងនោះបានអះអាងថា តាមរយៈកិច្ចព្រមព្រៀងសម្ងាត់នោះ យោធាចិនអាចប្រើប្រាស់មូលដ្ឋានរាមរយៈពេល ៣០ ឆ្នាំ ហើយកុងត្រានោះនឹងត្រូវបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេល ១០ ឆ្នាំ ក្រោយពីកុងត្រា ៣០ ឆ្នាំបានបញ្ចប់។ កុងត្រានោះអាចអនុញ្ញាតឱ្យយោធាចិនឈរជើង ស្តុកទុកនូវអាវុធ និងចតនាវាចម្បាំង។
យ៉ាងណាក៏ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់បែបនេះជាបន្តបន្ទាប់។
ក្រសួងការពារជាតិកម្ពុជានៅចុងខែកក្កដាឆ្នាំមុន ក៏បានដឹកនាំក្រុមអ្នកសារព័ត៌មាន រ៉យទ័រ អេភី និងអាអេហ្វប៉េ និងសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើនទៀតទៅទស្សនាមូលដ្ឋានទ័ពជើងទឹករាម។ អ្នកកាសែតជាច្រើនបានអះអាងនៅពេលនោះថា ពួកគេមិនបានឃើញសញ្ញាណាមួយបញ្ជាក់ថា មានវត្តមានទ័ពបរទេសនៅទីនោះទេ។
លោករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងបញ្ជាក់ពីម្សិលមិញថា លោកបានស្វះស្វែងចរចា រកជំនួយមកអភិវឌ្ឍមូលដ្ឋានទ័ពរាមអស់រយៈពេលជិត ១០ ឆ្នាំហើយ។ លោកមានប្រសាសន៍ថា៖ «ថាចង់ជួយអ៊ីចេះ ជួយអ៊ីចុះ តែតាមពិតគ្មានទេ។ ដូចខ្ញុំនិយាយច្រើនហើយ ដូចសន្តិសុខលម្ហសមុទ្រដែលបានជួយបន្តិចនោះ បើមានចិត្តចង់ជួយទៀត ជួយមកឱ្យបានទំនើបបំពាក់ឱ្យបានណាណីម្ដង។ មិនត្រឹមតែមិន [ឱ្យ] ទេ ជំនួយដែលបានព្រមព្រៀងហើយ ប្រកាសហើយ កាត់ទៅទៀតផង ដូចជានាវាតូចៗនោះមិនយកមកទៀតផង»។
លោកបន្តថា៖ «គោលដៅរបស់គេ គេថា កំពង់ផែរាមធ្វើសម្រាប់ចិនអីជាដើម តាមតែគេចោទ។ ដូច្នេះកម្ពុជាហាក់ដូចជាគេមិនឱ្យមានសិទ្ធិអីក្នុងការអភិវឌ្ឍ កុំឱ្យមានសិទ្ធិក្នុងការស្ថាបនា ឬស្វះស្វែងរកជំនួយ ដើម្បីការពារជាតិការពារមាតុភូមិរបស់ខ្លួននោះទេ។ គេគិតគូរថា អ៊ីចឹង។ គេចោទថា ឱ្យទៅអ្នកនេះ អ្នកនោះជាដើមតាមតែគេចោទ»។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍តាមអ៊ីមែលកាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថានទូតបានឃើញមានការរាយការណ៍គួរឱ្យជឿជាក់ថា អគារសន្តិសុខសមុទ្រផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពរាមត្រូវបានរុះរើដោយផ្នែក។ ទោះយ៉ាងណាលោកបង្វែរសំណួរឱ្យសួរទៅកងទ័ពកម្ពុជាវិញ អំពីការអភិវឌ្ឍ «គួរឱ្យបារម្ភ» នេះ។
លោក Roedemeier ថ្លែងដូច្នេះថា៖ «យើងនៅតែជំរុញឱ្យកម្ពុជាចាត់វិធានការគ្រប់យ៉ាងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ហើយមិនអនុញ្ញាតឱ្យប្រទេសណាមួយ ប្រើប្រាស់អគារយោធាដោយផ្ដាច់មុខនៅក្នុងព្រំដែនរបស់ខ្លួន។ ការសម្របសម្រួលឱ្យដៃគូរបស់កម្ពុជាទាំងអស់ចូលទៅរាម ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងហើយគ្មានប្រទេសណាមួយមានវត្តមានផ្ដាច់មុខ ឬជាអចិន្រៃ្តយ៍នោះគឺស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសនេះដើម្បីចៀសវាងការសឹក រេចរឹលនៃស្ថិរភាពក្នុងតំបន់»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់នាពេលលោកអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វ៊ីសកាលពីខែកក្កដា ឆ្នាំ ២០១៩ ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសនៅលើដីកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានទ័ពកម្ពុជានៅលើទឹកដីប្រទេសដទៃនោះដែរ។ លោកបានថ្លែងថា៖ «ខ្ញុំបញ្ជាក់ជាឱឡារិក មិនថា [ទ័ព] ចិន ឬក៏នរណា [ទ័ពប្រទេសណា] ទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីកម្ពុជាទេ»៕
វីដេអូ៖