កំពង់ស្ពឺៈ ប្រមុខ​ការពារជាតិ​លោក​ ទៀ បាញ់ ក្រើនរំឭក​ដល់​កងកម្លាំង​មួកខៀវ​ទាំងអស់​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ នៅពេល​បំពេញ​បេសកកម្ម​ប្ដូរវេន​ក្នុងប្រទេស​ស៊ូដង់​ខាងត្បូង​នាពេល​ខាងមុខនេះ​។

លោក​ថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ពី​ម្សិលមិញ​នៅ​ខេត្ត​កំពង់ស្ពឺ​ជាមួយ​កងអនុសេនា​ធំ​កងរាជអាវុធហត្ថ​លេខ​ ១៨៦ ដែល​ត្រៀម​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​។

លោក​ ខៀវ ឆេន នាយកខុទ្ទកាល័យ លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រៅពី​ការក្រើន​រំឭក​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ក៏​បាន​ជំរុញ​ដល់​កងកម្លាំង​មួកខៀវ​កម្ពុជា​ទាំងអស់​ឲ្យ​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ចំណេះដឹង​ដែល​ខ្លួន​មាន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ ការពង្រីក​សមត្ថភាព​នេះ​ធ្វើ​តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ការងារ​ផ្នែក​បច្ចេកទេស​ជាមួយ​ជំនាញការ​នៃ​អង្គការ​សហប្រជាជាតិ​ (UN) និង​មន្ត្រីកងកម្លាំង​មួកខៀវ​នៃ​បណ្ដា​ប្រទេស​មួយចំនួន​ទៀត​ដែល​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​ UN នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​។

លោក​ថ្លែងថា​៖ «​ដោយសារ​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​កំពុង​ជួប​ប្រឈម​ជំងឺ​រាតត្បាត​កូវីដ​១៩ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ផ្ដែផ្ដាំ​កងកម្លាំង​មួកខៀវ​របស់​យើង​ទាំងអស់ ពិសេស​កងកម្លាំង​មួកខៀវ​ដែល​ត្រៀម​ចេញ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់ UN នៅ​ក្រៅ​ប្រទេស​ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​គោលការណ៍​ណែនាំ​ស្ដីពី​សុខភាព អនាម័យ របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩»​។

លោក​ ខៀវ ឆេន បន្តថា លោក ទៀ បាញ់ ក៏បាន​ជំរុញ​ឲ្យ​ក្រុម​កងកម្លាំង​មួក​ខៀវ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ UN ​និង​កងកម្លាំង បេសកកម្ម​នៃ​បណ្ដា​ប្រទេស​ផ្សេងទៀត​ឲ្យ​បានល្អ​ប្រសើរ​។ ជាពិសេស​កងកម្លាំង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​កង​មួកខៀវ​កម្ពុជា​ត្រូវ​ចេញទៅ​បំពេញ​បេសកកម្ម​ប្ដូរ​វេន​តាម​ការរៀបចំ​របស់​ UN ​ដោយ​ចូលរួម​គ្រប់​សកម្មភាព​ការងារ​សង្គម ដើម្បី​សន្តិភាព​សម្រាប់​មនុស្សជាតិ​ក្នុង​ភពផែនដី​។

គួរបញ្ជាក់​ផងដែរ​ថា​​ ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ដែល​ត្រៀម​ចេញ​បេសកកម្ម​នេះ​បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​នៅក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

ជាមួយ​គ្នា​នេះ​លោកស្រី​ កុសល ម៉ាលីនដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ចន្ទ​ថា នៅ​ថ្ងៃទី​ ១១-១២ ខែកញ្ញា ខាងមុខ​នេះ​កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​មួកខៀវ​ចំនួន​ ២១៨ ​នាក់​បន្ថែម​ទៀត​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ UN ​នៅ​ប្រទេស​ម៉ាលី​។ កាលពី​ដើម​ខែ​កក្កដា កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួកខៀវ​ ៨០ ​នាក់​ទៅ​ប្រទេស​ម៉ាលី សម្រាប់​បេសកកម្ម​ប្ដូរ​វេន​ផ្នែក​កង​វិស្វកម្ម​ព្រលាន​យន្តហោះ​។

លោកស្រី ម៉ាលីនដា បន្តថា សម្រាប់​កងកម្លាំង​មួកខៀវ​ ៨០ ​នាក់​ដែល​មកពី​កងអនុសេនាធំ​កងរាជ​អាវុធហត្ថ​លេខ​ ១៨៦ កំពុង​ទទួល​ការហ្វឹកហ្វឺន​ផ្នែក​បច្ចេកទេស​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន​ និង​កាកសំណល់​សង្គ្រាម​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​នាពេល​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​នៅ​ខែ​តុលា​ខាងមុខ​នេះ ដើម្បី​បំពេញ​បេសកកម្ម​ប្ដូរវេន​ក្រោម​ឆត្រ UN​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​បានទទួល​ព័ត៌មាន​បឋម​ពី​ក្រុម​ការងារ​យើង ដែល​កំពុង​បំពេញ​បេសកកម្ម​ការងារ​ក្នុងប្រទេស​ស៊ូដង់​ខាងត្បូង​ថា កម្មវិធី​ប្ដូរ​វេន​នឹង​ត្រូវ​ធ្វើឡើង​នា​ដើម​ខែ​តុលា​ខាងមុខនេះ​។ ប៉ុន្តែ​យើង​នៅ​មិនទាន់​ទទួល​បាន​សេចក្ដី​ជូនដំណឹង​ពី UN ​នៅ​ឡើយ​ទេ​»​។

បច្ចុប្បន្ន​កម្ពុជា​មាន​កងទ័ព​មួកខៀវ​ចំនួន​ ៥ ​កងកម្លាំង​ធំៗ និង​មាន​កងកម្លាំង​រក្សា​សន្តិភាព​សរុប​ចំនួន ៦៧៨ ​នាក់​។ ក្នុងនោះ​មាន​នារី​ជិត​ ៨០ ​នាក់​បាននិង​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ UN នៅ​ប្រទេស​ចំនួន​ ៤ រួមមាន​ប្រទេស​ម៉ាលី ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល និង​ប្រទេស​លីបង់​៕