ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​លើក​ពី​គុណសម្បត្តិ​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​លោក​ថា​បាន​ចូលរួម​ការពារ​របប​រាជានិយម ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ទប់ស្កាត់​បដិវត្តន៍​ពណ៌ ព្រមទាំង​សកម្មភាព​ប្រទូសរ៉ាយ គ្រប់បែបយ៉ាង​របស់​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​នានា​។

ការបញ្ជាក់​បែបនេះ​របស់​ប្រមុខ​ការពារជាតិ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​ ២៧ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​បុគ្គលិក​រយៈពេល​ ៥ ​ឆ្នាំ (២០១៥ -២០១៩) និង​លើក​ទិសដៅ​អនុវត្ត​ ៥ ​ឆ្នាំ​បន្ត (២០២០-២០២៤) របស់​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​ការពារជាតិ នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។

លោក ទៀ បាញ់ បញ្ជាក់​ថា​ នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក​នេះ​ដោយសារ​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព អនុវត្តមាន​ប្រសិទ្ធភាព​ទើប​កងយោធពល​ខេមរភូមិន្ទ​នៅ​តែ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន ក្នុង​ការធ្វើ​ជា​បង្អែក​ដ៏រឹងមាំ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម ការពារ​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​។ លើសពី​នេះ​កងទ័ព​បាន​ «​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ពណ៌ និង​សកម្មភាព​ប្រទូសរ៉ាយ​គ្រប់​បែប​យ៉ាង​របស់​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​នានា​ដែល​ប៉ុនប៉ង​ឥតឈប់ឈរ សំដៅ​រាំងខ្ទប់​ការអភិវឌ្ឍ និង​រុញច្រាន​កម្ពុជា​ឱ្យ​ឃ្លាត​ចេញ​ពី​មាគ៌ា ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បាន​យ៉ាង​ទាន់​ពេលវេលា​នៅ​គ្រប់​កាលៈទេសៈ​»​។

លោក​បន្តថា មេបញ្ជាការ​ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ និង​យន្តការ​ត្រួតពិនិត្យ​ឱ្យមាន​ប្រសិទ្ធភាព​តាម​តួនាទី​ភារកិច្ច​ដែល​ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការ​ប្រគល់​ជូន ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ​កាន់តែ​រឹងមាំ​ធានា​នូវ​កិច្ចការពារ​សន្តិភាព​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​ និង​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ការប្រតិបត្តិការ ថែរក្សា​សុវត្ថិភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ «​ដោយ​មិនឱ្យ​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ក្បត់​នឹង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ឬ​មជ្ឈដ្ឋាន​អគតិ​នៅ​ខាងក្រៅ​មក​បំផ្លាញ​ទៅវិញ​បាន​ឡើយ ទោះបី​ជា​ត្រូវ​បង់​ក្នុង​តម្លៃ​ណាក៏ដោយ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា កងយោធពល​ខេមរភូមិន្ទ​មាន​តួនាទី​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ថែរក្សា​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ទប់ស្កាត់​ចលនា​ណាមួយ​ដែល​ប៉ុនប៉ង​ដែល​បង្ក​ឲ្យ​ប្រទេស​មាន​អសន្តិសុខ និង​អស្ថិរភាព​។ ​«​ការលើកឡើង​របស់​សម្តេច​ (​ទៀ បាញ់​) ​ពិតជា​ត្រឹមត្រូវ​ដោយសារ​តែ​កងយោធពលខេមរភូមិន្ទ​គឺជា​កម្លាំង​ស្នូល​»៕