បាងកកៈ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​លើក​ឡើង​ពី​បញ្ហា​ភេរវកម្ម និង​អំពើហិង្សា​ជ្រុលនិយម​ទៅ​កាន់​មេដឹកនាំ​យោធា​ប្រទេស​អាស៊ាន និង​អាស៊ាន​បូក​ដែល​លោក​ថា នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​សុវត្ថិភាព និង​សុខដុមរមនា​នៅក្នុង​សង្គម​បច្ចុប្បន្ន​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន បូក​លើក​ទី​ ៦ ​នៅ​ទីក្រុង​បាងកក ប្រទេស​ ថៃ​ កាលពី​ថ្ងៃ​អាទិត្យ​លោក ទៀ បាញ់ ​បញ្ជាក់​ថា ការគំរាមកំហែង​ទាំងនេះ​នឹង​កាន់តែ​មាន​គ្រោះថ្នាក់​ខ្លាំង​ឡើង នៅពេល​ដែល​ត្រូវ​បាន​ច្របាច់​បញ្ចូល​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​មាន​ដូចជា​បណ្តាញ​សង្គម ដើម្បី​កេណ្ឌ​សមាជិក​ថ្មី និង​បច្ចេកវិទ្យា​ស្មុគស្មាញ​ដូចជា​យន្ដហោះដ្រូន​​ដែល​បំពាក់​ដោយ​អាវុធ​។ នេះ​បើ​យោងតាម​គេហទំព័រ​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​អង្គារ​។

យោង​តាម​គេហទំព័រ​ដដែល​លោក ទៀ បាញ់ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ​ថ្លែង​ថា​៖ «​បទពិសោធ​បង្ហាញ​ថា គ្មាន​ប្រទេស​ណា​អាច​ដោះស្រាយ​បញ្ហា​ភេរវកម្ម​តែម្នាក់ឯង​បានទេ​។ យើង​យល់​យ៉ាងច្បាស់​ពី​តួនាទី​នៃ​យន្តការ​រួមគ្នា ជាមួយ​ដៃគូ​របស់​យើង និង​តួនាទី​របស់​វេទិកា​កម្រិត​តំបន់ និង​អន្តរជាតិ ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​ការគំរាមកំហែង​នេះ​»​។

លោក ទៀ បាញ់ បន្ត​ថា​ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ភេរវកម្ម និង​សង្គ្រោះ​មហន្តរាយ កងយោធពលខេមរភូមិន្ទ​កម្ពុជា​បាន​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន​ស្តីពី​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះ​គ្រោះមហន្តរាយ​។ ទន្ទឹម​នេះ​កម្ពុជា​ក៏​ត្រៀម​ពង្រឹងសមត្ថភាព សង្គ្រោះ​គ្រោះមហន្តរាយ​នេះ​ដោយ​នឹងធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជាមួយ​ប្រទេស​វៀតណាម នៅ​ខែធ្នូ​ខាង​មុខ​ផងដែរ​។

លោក​ថ្លែង​ថា​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​បច្ចេកវិទ្យា​អ៊ីនធឺណិត​កំពុង​តែ​កែប្រែ​រូបរាង​ពិភពលោក​ក្នុង​រូបភាព​ថ្មី​មួយ​ដោយបាន​បង្កលក្ខណៈ​ច្នៃប្រឌិត​ដ៏អស្ចារ្យ​ដែល​ជំរុញ​ឱ្យមាន​ការរីកចម្រើន​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ និង​ជួយ​ឱ្យសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​។ ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​ក៏​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ផងដែរ​នៅពេល​ដែល​រីកសាយ​ភាយ និង​ធ្លាក់​ដល់ដៃ​ពួក​ភេរវករ​។

លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​កាលពី​ថ្ងៃ​អង្គារ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​ត្រូវ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា និង​ត្រូវ​ដើរ​ឱ្យទាន់​ភាពរីកចម្រើន​នៃ​បច្ចេកវិទ្យា​។ ម្យ៉ាងទៀត​ការ​នាំចូល​បច្ចេកវិទ្យា​ថ្មី ក៏​ជា​រឿង​ចាំបាច់​ដែរ សម្រាប់​កម្ពុជា​ក្នុង​ការគ្រប់គ្រង​សន្តិសុខ​។

លោក​បន្ថែម​ថា​ កម្ពុជា​ក៏​ត្រូវ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ឱ្យ​បាន​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត ពីព្រោះ​បញ្ហា​សន្តិសុខ​នេះ មិនមែន​ជា​បញ្ហា​ឯកជន ឬ​ឯកតោភាគី​នៃ​រដ្ឋ​ណាមួយ​នោះទេ​។ វា​ជា​បញ្ហា​រួម​សម្រាប់​តំបន់ និង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​យើង​ក៏​ត្រូវតែ​ពង្រីក​នូវ​កញ្ចប់​ថវិកា​ការពារជាតិ​ដែល​យើង​ត្រូវ​មាន​ឱ្យបាន​ប្រសើរ​ឱ្យ​បាន​ច្រើនជាង​មុន ហើយ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​កងកម្លាំង​របស់​យើង​ទាំង​ចំណេះដឹង ទាំង​ជំនាញ ទាំង​បទពិសោធ និង​ការហ្វឹកហាត់​ជាប្រចាំ​»​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក​ ទៀ បាញ់ បាន​ដឹកនាំ​ប្រតិភូ​យោធា​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​​ទី​ ៦ ​ចាប់ពី​ថ្ងៃទី​ ១៦ ​ដល់ទី​ ១៨ ​ខែ​វិច្ឆិកា នៅ​ទីក្រុង​បាងកក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​លោក ទៀ បាញ់ នឹងធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បរិស្ថាន​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ហើយ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក លោក ទៀ បាញ់ ចូលរួម​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បរិស្ថាន​សន្តិសុខ​តំបន់ និង​អន្តរជាតិ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក និង​អនុម័ត​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ការលើកកម្ពស់​ភាពជា​ដៃគូ​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​ចីរភាព​។ លោក​ ទៀ បាញ់ ក៏មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​។

បើ​យោងតាម​គេហទំព័រ​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ឱ្យ​ដឹងថា​លោក ប្រាវីត វង្សសុវណ្ណ ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ​បាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន បូក​លើក​ទី​ ៦ និង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​អាស៊ាន​បូក រួមមាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា សហព័ន្ធ​-​រុស្ស៊ី និង​សហរដ្ឋអាមេរិក​។

គេហទំព័រ​បាន​បន្តថា របាយការណ៍​នៃ​ការអភិវឌ្ឍ​ថ្មីៗ​របស់​អាស៊ាន​បាន​បញ្ជាក់ថា រាល់​ការចូលរួម​កិច្ចប្រជុំ​ទាំងអស់​មាន​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ទស្សនវិស័យ​របស់​អាស៊ាន គឺ​ជំរុញ​ឲ្យ​មាន​សន្តិភាព វិបុលភាព​នៅក្នុង​តំបន់​។ ការជំរុញ​ឲ្យ​មាន​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់ គឺ​មាន​សារៈសំខាន់​ដែល​នឹង​ធ្វើឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​៕