សៀមរាប៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ដែល​ជំនួស​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ចូលរួម​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​ ១៤ នៅ​ខេត្ត​សៀមរាប​​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​អាស៊ាន​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ជា​អ្វី​ដែល​លោក​អះអាង​ថា​កំពុង​រីក​រាលដាល​ក្នុង​តំបន់​គួរឱ្យ​ព្រួយបារម្ភ​។

លោក ទៀ បាញ់ បាន​លើកឡើង​ថា ឱសថ​ក្លែង និង​អន់​គុណភាព​គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដែល​ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវ​តែ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់ ពីព្រោះ​វា​កំពុង​រីក​រាលដាល​គួរ​បារម្ភ​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​ជាពិសេស​ឱសថ​ទាំងនេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លក់​តាម​អនឡាញ​គ្មាន​ប្រភព​ច្បាស់លាស់ និង​មិន​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ដែល​បាន​ស្រង់​សុន្ទរកថា​របស់​លោក ទៀ បាញ់ ​ថ្លែង​បើក​កិច្ចប្រជុំ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​។

លោក ទៀ បាញ់ បន្ត​ថា​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ធ្វើឱ្យ​ប៉ះពាល់​អាយុជីវិត គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ សុវត្ថិភាព​សង្គម និង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។

លោក​ថា​៖ «​អាស៊ាន​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរ​វិស័យ ការបន្ត​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ការលើក​កម្ពស់​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ការតាមដាន​ស្រាវជ្រាវ​ជាប់​ជាប្រចាំ និង​ការបន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​»​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ដើម​ឆ្នាំ​ ២០១៨ ​ឲ្យ​ដឹងថា ផលិតផល​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​គឺមាន​គ្រប់​ប្រភេទ​នៃ​ថ្នាំ​សម្រាប់​ព្យាបាល ហើយ​អង្គការ​នេះ​ប៉ាន់​ប្រមាណ​ថា ១ ​ក្នុង​ចំណោម​ ១០ ​នៃ​ផលិតផល​ថ្នាំពេទ្យ​ដែល​ស្ថិត​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម និង​ទាប​គឺ​អន់​គុណភាព​ និង​ក្លែងក្លាយ​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​ ៣ និង​អាស៊ាន​ចិន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​ ២៩ ដល់​ថ្ងៃទី​ ៣០ ខែ​សីហា​ក្រោម​ប្រធានបទ​លើក​កម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​ទាំងមូល​ដូចជា ការប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ការធានា​និរន្តរភាព​ហិរញ្ញប្បទាន​សេវា​ថែទាំ​សុខភាព ការពង្រឹង​សមត្ថភាព​ក្នុងការ​អនុវត្ត​និយតកម្ម​សុខភាព​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​នវានុវត្តន៍​នៃ​ការពង្រឹង​សេវា​ថែទាំ​សុខភាព​។

នៅក្នុង​កិច្ចប្រជុំ​នេះ​លោក ទៀ បាញ់ ក៏បាន​ស្នើឱ្យ​ប្រទេស​អាស៊ាន​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ដូចជា ការកាត់បន្ថយ​គម្លាត​ផ្នែក​គុណភាព​សេវា​សុខាភិបាល​ក្នុង​តំបន់​ការត្រៀម​លក្ខណៈ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ផ្នែក​សុខភាព​សាធារណៈ ការកាត់បន្ថយ​គម្លាត​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​តាមរយៈ​ការ​ជួយ​បំពេញ​គ្នា​ទៅវិញ​ទៅមក​នូវ​ចំណុច​ខ្វះខាត និង​ការ​រួមគ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះ​មហន្តរាយ​នានា​។

បន្ថែម​ពីនេះ​លោក​ក៏​ចង់ឱ្យ​អាស៊ាន​រួមគ្នា​ជា​ដៃគូ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​​ដើម្បី​ជំរុញ​ការអនុវត្ត​យន្តការ​ថ្នាក់​តំបន់ និង​សកលលោក​ដែលមាន​ស្រាប់​ និង​បង្កើត​យន្តការ​ ឬ​គោលការណ៍​ណែនាំ​ថ្មីៗ​បន្ថែម​ទៀត សម្រាប់​ធ្វើ​សុខដុមនីយកម្ម​វិស័យ​សុខាភិបាល និង​ការជួយ​គាំទ្រ​បច្ចេកទេស​និង​ថវិកា​ ដើម្បី​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​គឺជា​កិច្ចប្រជុំ​ប្ដូរ​វេន​រវាង​សមាជិក​ទាំង​ ១០ ដែល​រៀបចំ​ ២ ​ឆ្នាំ​ម្ដង ហើយ​កិច្ចប្រជុំ​លើក​ទី​ ១៤ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​គឺ​ក្រុម​រដ្ឋមន្ត្រី​សុខាភិបាល​នឹង​ពិនិត្យ​និង​អនុម័ត​លើ​ឯកសារ​មួយ​ចំនួន​ដើម្បី​ជំរុញ​ការ​អនុវត្ត​ដោះស្រាយ​បញ្ហា​សុខភាព ប្រជាជន​ក្នុង​តំបន់​បន្ថែមទៀត​។

នៅក្នុង​កិច្ចប្រជុំ​ដដែល​នេះ​ក៏​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​ចិន ជប៉ុន និង​កូរ៉េ និង​កិច្ចប្រជុំ​អាស៊ាន​-​ចិន​ ផង​ដែរ​៕