ភ្នំពេញៈ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋន្ដ្រីក្រសួងការពារជាតិកាលពីម្សិលមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះការបោកប្រាស់របស់ជនខិលខូចមួយចំនួនដែលអាចធ្វើឲ្យមានជាប់ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ចូលរួមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ការអំពាវនាវរបស់លោក ទៀ បាញ់ ធ្វើឡើងខណៈពេលដែលមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសរសេរនៅលើហ្វេសប៊ុករបស់ពួកគេថា ពួកគេនឹងរង់ចាំទទួលស្វាគមន៍ ការវិលត្រឡប់របស់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំបក្សនេះនៅពេលពួកគេវិលត្រឡប់មកកម្ពុជាវិញ។
លោក ទៀ បាញ់ បានថ្លែងនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការបោកប្រាស់របស់ជនខិលខូចមួយចំនួនដែលអាចធ្វើឱ្យបងប្អូនជាប់ពាក់ព័ន្ធ ជាពិសេសការចូលរួមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា សាររបស់លោក ទៀ បាញ់ គឺជាការឆ្លើយតប ទៅនឹងសាររបស់លោក សម រង្ស៊ី ដែលថាលោកនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។
លោកបន្តថា៖ «ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ជាសិទ្ធិរបស់ពួកគាត់ហើយបើគាត់យល់ថា គាត់ចង់ចូល ឬមិនចូលជាសិទ្ធិរបស់ ពួកគាត់ ដូច្នេះការលើកឡើងរបស់ថ្នាក់ដឹកនាំណាមួយដែលរារាំង ឬរំលោភសិទ្ធិរបស់ពួកគាត់ វាជារឿងមិនត្រឹមត្រូវនឹងរំលោភគោលការណ៍សិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសិទ្ធិផ្នែកនយោបាយ»។
លោក សែនករុណា ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះស្ថានភាពដែលអាចប្រឈមមុខដាក់គ្នា រវាងកម្លាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលអាចបង្កឲ្យមានអំពើហិង្សាកើតឡើងប្រសិនបើលោក សម រង្ស៊ី ពិតជាវិលត្រឡប់មកកម្ពុជាវិញដោយពុំមានការសម្របសម្រួលនយោបាយ។
លោក សម រង្ស៊ី បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ៩ ខែ វិច្ឆិកាខាងមុខ ថែមទាំងបានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅបរទេស ឲ្យរួមដំណើរវិលត្រឡប់មកជាមួយរូបលោក និងថែមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុករង់ចាំទទួលស្វាគមន៍ផងដែរ។
អាជ្ញាធរកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់ជាច្រើនលើកមកហើយថា ពួកគេនឹងចាប់ខ្លួនលោក សម រង្ស៊ី ភ្លាមៗទៅតាមសាលដីការបស់តុលាការនៅពេលដែលមេបក្សអតីតគណបក្សប្រឆាំងរូបនេះ មកជាន់ទឹកដីកម្ពុជា។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិបានចាត់ទុកការលើកឡើងរបស់លោក ទៀ បាញ់ថា ជាការរំឭកដល់ប្រជាពលរដ្ឋកុំឲ្យមានការពាក់ព័ន្ធទៅនឹងសកម្មភាពនានារបស់លោក សម រង្ស៊ី ដោយបារម្ភខ្លាចមានការផ្ទុះឡើងនូវការតវ៉ាផ្សេងៗ ដែលនាំឲ្យមានចលាចលក្នុងសង្គម។
ប៉ុន្តែលោកថា ការព្រមានចាប់ខ្លួនអ្នកចូលរួម គឺជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកបញ្ជាក់ថា៖ «ការតវ៉ាអាចកើតឡើង ឬក៏ផ្ទុះឡើងនូវចលនាណាមួយ ដូច្នេះវាការត្រៀមខ្លួនទុកជាមុនរបស់រាជរដ្ឋាភិបាល។
ការលើកឡើងនេះវាត្រឹមត្រូវហើយដែលគេរំឭកដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនដើម្បីទប់ស្កាត់ តែបើកម្លាំងសមត្ថកិច្ចចាប់អ្នកដែលចូលរួម វាជាការឹតត្បិតសេរីភាព»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងថា សាររបស់លោក ទៀ បាញ់ គឺសំដៅថា រាជរដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមានចលនាណាមួយដែលបង្កចលាចលនៅក្នុងសង្គម ដោយសារតែរាជរដ្ឋាភិបាលមានភារកិច្ច រក្សាសន្តិសុខ និងសន្តិភាព សុវត្ថិភាពសង្គម។
លោកថា៖ «ពេលពលរដ្ឋចូលរួមនូវចលនាណាមួយ ដែលវាមិនស្របច្បាប់យើងមិនគាំទ្រ ហើយយើងគាំទ្រការលើកឡើងរបស់សម្តេចពិជ័យសេនា។ តែប្រសិនបើការតវ៉ារបស់ សម រង្ស៊ី ធ្វើតាមច្បាប់លទ្ធិប្រជាធិបតេយ្យ វាពុំមានការខុសឆ្គងនោះទេ លើកលែងតែការតវ៉ានោះវារំលោភគោលការណ៍ច្បាប់»។
កាលពីថ្ងៃទី ១៤ ខែ សីហា លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក៏បានធ្វើការអំពាវនាវផងដែរ កុំឲ្យប្រជាពលរដ្ឋ ជឿទៅតាមការឃោសនាអូសទាញរបស់អ្នកនយោបាយខ្លះឲ្យចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ។
សូមបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានជួបប្រជុំគ្នាកាលពីពេលថ្មីៗនេះ ដើម្បីត្រៀមកម្លាំងអនុវត្តដីការបស់តុលាការ ដើម្បីចាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅពេលដែលពួកគេវិលត្រឡប់មកកាន់ប្រទេស កម្ពុជា៕