
លោក ទៀ បាញ់ ថ្លែងទៅកាន់កងទ័ពជើងទឹក។ រូបថត សហការី
ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងទៅកាន់កងទ័ពជើងទឹកកាលពីម្សិលមិញថា ត្រូវចូលរួមរក្សាស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ដោយសហការជាមួយសមត្ថកិច្ចតាមស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងបទល្មើសខុសច្បាប់ឲ្យបានទាន់ពេលវេលា។
លោក ទៀ បាញ់ បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ ២០២០ របស់បញ្ជាការកងទ័ពជើងទឹកដោយបានបញ្ជាក់ដល់កងទ័ពជើងទឹកទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធការពារជាតិនៅតាមបណ្តាកោះ និងឆ្នេរសមុទ្រនៅទូទាំងប្រទេស។
លោក ទៀ បាញ់ បានថ្លែងថា៖ «ពង្រឹងការដាក់ប៉ុស្តិ៍សង្កេតការណ៍នៅតាមបណ្តាកោះ និងធ្វើល្បាតត្រួតពិនិត្យភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ម្ចាស់ការចូលរួមរក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សហការជាមួយសមត្ថកិច្ចតាមស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ចូលរួមឱ្យបានសកម្មក្នុងការពង្រឹង ការអនុវត្តច្បាប់ បង្ការទប់ស្កាត់ និងបង្ក្រាបភាពអនាធិបតេយ្យខុសច្បាប់ និងបទល្មើសផ្សេងៗឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមគាំទ្រការប្រមូលថវិកាជាតិទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា កងទ័ពជើងទឹកក៏ត្រូវគិតគូរទុកជាមុននូវរាល់ការប្រឈមទាំងឡាយដែលនឹងអាចកើតមានឡើងនៅលើលម្ហសមុទ្រកម្ពុជាទាំងសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ដូចជា បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ បញ្ហាភេរវកម្មប្រដាប់អាវុធ អន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិដែលទាមទារឱ្យកងទ័ពជើងទឹក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ខិតខំរួមគ្នាលើវិស័យនាវាចរ ដើម្បីធានាបាននូវសន្តិសុខយូរអង្វែង លើផ្ទៃសមុទ្រកម្ពុជា។
លោក ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹកបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ កងទ័ពជើងទឹកបានយកចិត្តទុកដាក់ប្រមូលផ្ដុំដឹកនាំអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងនោះភារកិច្ចការពារបូរណភាពទឹកដី ពង្រឹងរបៀបការពារដែនទឹក កោះ ឆ្នេរ ដែនអាកាស និងធ្វើល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវបានជាប់ជាប្រចាំ។
លោកថ្លែងថា៖ «(យើង) ចាត់តាំងកម្លាំង និងមធ្យោបាយចេញធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសរក្សាសន្តិសុខ ចូលរួម ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗព្រមទាំងចេញល្បាតរួមគ្នានៅតំបន់ទឹកប្រវត្តិសាស្ត្រជាមួយកងទ័ពជើងទឹកប្រទេសជិតខាងផងដែរ»។
លោក ទៀ បាញ់ បានឱ្យដឹងថា កងទ័ពជើងទឹកត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់តាមរយៈការចូលចតនាវានៅកំពង់ផែកម្ពុជា ដំណើរទស្សនកិច្ចផ្លាស់ប្តូរយោបល់ ការជួបពិភាក្សាគ្នាទៅវិញទៅមក ការចូលរួមក្នុងវេទិកាប្រជុំកងទ័ពជើងទឹកអាស៊ាន និងកម្មវិធីល្បាតរួមគ្នាជាមួយប្រទេសជិតខាងសំដៅចែករំលែកព័ត៌មានទៅវិញទៅមក ពង្រឹងសមត្ថភាពមន្ត្រីយោធា ជំនាញអន្តរជាតិ លើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាង ដើម្បីខិតខំប្រឹងប្រែងរួមគ្នាធ្វើឱ្យមានសណ្តាប់ធ្នាប់ និងបរិស្ថានល្អនៅក្នុងដែនសមុទ្រកម្ពុជា។
លោកថាកងទ័ពជើងទឹកមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកងទ័ពជើងទឹក ប្រទេសជិតខាង និងក្នុងតំបន់លើវិស័យសន្តិសុខលម្ហសមុទ្រដែលបច្ចុប្បន្នកំពុងវិវត្តទៅមុខ។
លោកបានបញ្ជាក់ថា៖ «កងទ័ពជើងទឹកត្រូវខិតខំពង្រឹងសមត្ថភាពលើគ្រប់វិស័យសំដៅឱ្យមានទាំងសីលធម៌ គុណធម៌ វិន័យ និងឆន្ទៈ តាមរយៈការបណ្តុះបណ្តាល ហ្វឹកហ្វឺន ការបំពាក់ឧបករណ៍ សម្ភារ យុទ្ធោបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទន់-រឹងឱ្យសមស្របទៅនឹងបច្ចេកវិទ្យាទំនើប និងភាពរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងទៅអនាគត»៕