
បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នាពេលកន្លងមក។ Prey Lang Page
ភ្នំពេញៈ ក្រសួងបរិស្ថានបានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ ឱ្យដឹងថា បទល្មើសធនធានធម្មជាតិ ដូចជា ការលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ នៅតែបន្តកើតមាន ទោះបីជាការអនុវត្តច្បាប់ត្រូវបានរឹតបន្តឹង ដោយការចុះល្បាតរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមរបស់សហគមន៍នៅតាមតំបន់ការពារធម្មជាតិមានប្រសិទ្ធភាពជាងឆ្នាំ ២០១៩ ក៏ដោយ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ «ការបង្ក្រាប និងទប់ស្កាត់បទល្មើសមានការកើនឡើងបានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើ និងជីវចម្រុះ»។
យោងតាមរបាយការណ៍នៃការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ មន្ត្រី ឧទ្យានុរក្សបង្ក្រាបបទល្មើសបានចំនួន ៨ ៩១៧ ករណី បើប្រៀបធៀបឆ្នាំ ២០១៩ បង្ក្រាបបានតែចំនួន ៥ ៤៧៥ ករណីប៉ុណ្ណោះ ដូច្នេះបង្ហាញឱ្យឃើញថាការអនុវត្តច្បាប់មានប្រសិទ្ធភាព ព្រោះបង្ក្រាបបទល្មើសបានច្រើនជាងឆ្នាំ ២០១៩ ចំនួន ៣ ៤៤២ ករណី។
លោក ភក្ត្រា ថ្លែងថា៖ «ការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឆ្នាំ ២០២០ មានកំណើនចំនួន ៣ ៤៤២ ករណីនេះ បើគិតជាភាគរយកើនឡើងប្រមាណ ៣០ ភាគរយ»។
លោក នេត្រ ភក្ត្រា បានឱ្យដឹងផងដែរថា ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២០០ នាក់ ហើយក្នុងឆ្នាំ ២០២០ បានចុះល្បាតសរុបចំនួន ២៧ ៥៨៨ លើក ខណៈការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤ ០៤៨ លើក។ ហេតុនេះការចុះល្បាតមានការកើនឡើងចំនួន ៣ ៥៤០ លើក។ បទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។
នៅឆ្នាំ ២០២០ សំណុំរឿងបទល្មើសធនធានធម្មជាតិបានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ ករណី មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យាមានចំនួន ២ ៩៤៦ ករណី។
ក្នុងប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសនៅឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណារយន្តបានចំនួន ៤ ០០៤ គ្រឿង មានការកើនឡើងប្រមាណ ៥០០ គ្រឿង ខណៈនៅឆ្នាំ ២០១៩ រណារយន្តដែលត្រូវបានរឹបអូសមានចំនួន ៣ ៤៩៤ គ្រឿង។
ចំណែកអន្ទាក់ដែលត្រូវបានដោះបានចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ ២០២០ មានចំនួន ៤៣ ២៧០ អន្ទាក់ មានការកើនឡើងជិត ៤ ០០០ អន្ទាក់ បើប្រៀបធៀបឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិដោះបានចំនួន ៣៩ ៣៨២ អន្ទាក់។
នៅឆ្នាំ ២០២០ រថយន្តចំនួន ២១៥ គ្រឿង ដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១ គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០ គ្រឿង ត្រូវបានដកហូតផងដែរ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២ ៧១៨ ម៉ែត្រគុប។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា។
តាមរយៈប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើសព្រៃឈើខ្នាតតូចដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀត។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមបណ្តាញសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានអះអាងថា ថ្វីបើបទល្មើសក្នុងការអភិរក្សធនធានធម្មជាតិទ្រង់ទ្រាយធំមិនមានគគ្រឹកគគ្រេងដូចពេលមុន ប៉ុន្តែ ការកាប់បំផ្លាញព្រៃឈើនៅតែកើតមានក្នុងលក្ខណៈលួចលាក់ចូលកាប់ និងដឹកចេញបើគិតជាចំនួនគុបនៅតែមានការបាត់បង់ប្រហាក់ប្រហែល និងការកាប់បំផ្លាញទ្រង់ទ្រាយធំដដែល។
លោក តុលា ថ្លែងថា៖ «យើងឃើញថា បទល្មើសនៅតែមានកាប់ឈើនៅតែកាប់ លក់រ៉ែនៅតែលក់ ធនធានធម្មជាតិនៅតែបាត់បង់ គ្រាន់តែគេអត់ធ្វើលក្ខណៈទ្រង់ទ្រាយធំទេ គេធ្វើលក្ខណៈទ្រង់ទ្រាយតូច តែបើគិតទៅក្នុង ១ យប់ បើកចេញ ៥ ឡាន ហើយក្នុង ១ ឡាន ៥ គុប គិតជាខែទៅ ស្មើទ្រង់ទ្រាយធំដដែលហ្នឹង»។
លោក ភក្ត្រា ថ្លែងថា ក្រសួងនឹងបញ្ចូលបច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុងការពិនិត្យតាមដានបទល្មើស ធនធានធម្មជាតិដូចជាការប្រើដ្រូនពិនិត្យពីលើទីកន្លែងដែលមានផ្ទៃដីធំ បន្ថែមលើការល្បាតរបស់មន្ត្រីឧទ្យានុរក្ស៕
វីដេអូ៖