ព្រះវិហារៈ មន្ត្រី​ក្រសួងបរិស្ថាន​បានបង្ហាញ​ការអនុវត្ត​គម្រោង​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​ដែល​ជា​គម្រោង​មួយ​ផ្សារភា្ជប់​នឹង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ការងារ​អភិរក្ស​ដល់​ក្រុម​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​នានា​ក្នុង​ដំណើរ​ទស្សនកិច្ច​ ២ ​ថ្ងៃ​ទៅកាន់​តំបន់​ដែនជម្រក​សត្វព្រៃ​នៅ​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​អង្គការ​សមាគម​សង្គ្រោះ​សត្វព្រៃ​កម្ពុជា (WCS) សហគមន៍ អាជ្ញាធរខេត្ត និង​មន្ត្រី​គម្រោង​ព្រៃឡង់​បៃតង និង​ទីភ្នាក់ងារ​​ជំនួយ​អាមេរិក (USAID)​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា​៖ «​ការចុះ​មក​សិក្សា​ស្វែងយល់​នេះ​គឺ​ដើម្បី​ពិនិត្យមើល​នៃ​ភាពជោគជ័យ​របស់​គម្រោង​ដែល​បាន​អនុវត្ត​កន្លងទៅ​។ គម្រោង​ដែល​យើង​មក​មើល​ហ្នឹង​គឺមាន​ទាំង​គម្រោង​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​មាន​ការចូលរួម​ពិនិត្យ​ទៅលើ​ការធ្វើ​ជំរឿន​សត្វត្មាត​នៅ​ប្រទេស​កម្ពុជា​របស់​យើង​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ១០ ខែ​មិថុនា ហើយ​និង​ការចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​អភិរក្ស​សត្វ​ខ្សឹប​នៅ​ភាគ​ខាងជើង​ទំនាប​បឹង​ទន្លេសាប​នៅក្នុង​ខេត្ត​កំពង់ធំ​ និង​ខេត្តសៀមរាប​»​។

លោក​បញ្ជាក់ថា គម្រោង​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នេះ​គឺ​ផ្តោត​ទៅ​លើ​ការអភិរក្ស​សត្វ​​ត្រយង​យក្ស​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​តាមរយៈ​ការបង្កើត​មុខរបរ និង​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​​ពួកគាត់​មាន​ជម្រើស​ក្រៅពី​ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វ​បែរ​មក​ប្រកបរបរ​កសិកម្ម ដាំ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​វិញ​។ សេចក្តីប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃ​អង្គារ​បញ្ជាក់​ថា ទស្សនកិច្ច​នេះ​មាន​រយៈពេល​ ២ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ៩ ​ដល់​ទី​ ១០ ខែ​មិថុនា ធ្វើឡើង​នៅ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព និង​ដែន​ជម្រក​សត្វព្រៃ​ឆែប ខេត្ត​ព្រះវិហារ និង​តំបន់​អភិរក្ស​សត្វ​ខ្សឹប​ក្នុង​ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ​។

លោកស្រី Veena Reddy នាយក​បេសកកម្ម​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ​ថា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏មាន​ការចុះហត្ថលេខា​លើ​ការផ្តល់​ជំនួយ​បន្ថែម​ដោយ​គម្រោង USAID ព្រៃឡង់​បៃតង​ដល់​អង្គការ​សន្សំ​ម្លប់​ព្រៃ ដែល​ជា​អង្គការ​កសិកម្ម​ក្នុង​ស្រុក​មួយ​ធ្វើ​ការងារ​ផ្នែក​ការពារ​បរិស្ថាន និង​សត្វព្រៃ​តាមរយៈ​ការជំរុញ​វិស័យ​កសិកម្ម​បែប​ជួយ​ការពារ​សត្វព្រៃ​នៅក្នុង​សហគមន៍​ដែល​រស់នៅក្នុង​ និង​ជុំវិញ​តំបន់​ការពារ ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​។

លោក កែន សេរីរដ្ឋា នាយក​អង្គការ WCS ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ដំណើរ​ទស្សនកិច្ច​គឺជា​ឱកាស​មួយ​ដ៏វិសេសវិសាល ពីព្រោះ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​ប្រតិភូ និង​នាំ​អ្នកសារព័ត៌មាន​មកកាន់​ទីតាំង​គម្រោង​ដើម្បី​ផ្តិត​យក​រូបភាព និង​ការអនុវត្ត​ជាក់ស្តែង​។

លោក កែន សេរីរដ្ឋា ថ្លែងថា​៖ «​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​អំពី​ការយក​ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ដែនដី​យក​ចិត្ត​ទុកដាក់​ទៅដល់​ការងារ​អភិរក្ស ធនធាន​ជីវចម្រុះ និង​ការលើកកម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​»​។

គម្រោង USAID ព្រៃឡង់​​បៃតង​គឺជា​គម្រោង​មួយ​ដែល​ផ្តោតលើ​ការលើកកម្ពស់​ការអភិវឌ្ឍ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការគ្រប់គ្រង ប្រកប​ដោយ​និរន្តរភាព​នៃ​តំបន់​ទេសភាព​ព្រៃឡង់ និង​តំបន់​ជុំវិញ​តាមរយៈ​ការផ្តោត​លើ​សហគមន៍ ការអភិរក្ស និង​អភិបាលកិច្ច​។ គម្រោង USAID ព្រៃឡង់​បៃតង (USAID GPL) មាន​រយៈពេល ៥ ​ឆ្នាំ និង​ទទួល​បាន​មូលនិធិ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID៕