ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​មាន​ទំហំ​ ១,៤ ​លាន​ហិកតា គ្របដណ្តប់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​រយៈពេល ១៨ ​ខែ​ចុង​ក្រោយ​នេះ (​ពី​ខែ​មករា ឆ្នាំ ២០១៩ ដល់​ខែ​មិថុនា ឆ្នាំ​ ២០២០) មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​ចំនួន ៧ ៦៥៤ លើក​ លើ​ចម្ងាយ​ផ្លូវ ២៤៥ ៥៣៥ ​គីឡូម៉ែត្រ​ ដែល​ក្នុង​នោះបាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រួមមាន បញ្ឈប់​ការទន្ទ្រាន​ដី​ដោយ​ខុសច្បាប់​​ចំនួន ១៧១ ​ករណី​ ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ចំនួន ២០៥ ករណី ពិន័យ​អន្តរកាល​ចំនួន ២៧៧ ​ករណី បញ្ជូន​ជនល្មើស​ចំនួន ៨៧ ​នាក់​ទៅកាន់​តុលាការ​។

ជាមួយ​គ្នា​នេះ​ក្រុមល្បាត​ក៏បាន​រុះរើ​ខ្ទម​ខុសច្បាប់​ចំនួន​ ៩៨៣ ដកហូត​ឈើ​ចំនួន​ ២ ១៧៩ ​ម៉ែត្រគុប ដកហូត និង​រឹបអូស​រណារយន្ត​ចំនួន ១ ៩៥៤ ​គ្រឿង ដោះ​អន្ទាក់​បាន​ចំនួន ៣២ ៣២២ ​អន្ទាក់ ​ជួយ​សង្គ្រោះ​សត្វព្រៃ​រស់​បាន​ចំនួន ៧៤៧ ក្បាល និង​រឹបអូស​សត្វព្រៃ​ស្លាប់​ចំនួន​ ២០៦ ​ក្បាល ​រួមទាំង​រឹបអូស​រថយន្ត​បាន​ចំនួន​ ១៦៩ ​គ្រឿង ត្រាក់ទ័រ និង​រថយន្ត​ប៊ុលដូហ្សែរ​ចំនួន ៤៣ ​គ្រឿង ម៉ូតូ​ចំនួន​ ១៧៣ ​គ្រឿង គោយន្ត​ចំនួន ២៧១ ​គ្រឿង​ផងដែរ​។

លោក ភក្ត្រា ក៏​បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការអនុវត្ត​ច្បាប់​កន្លងមក​របស់​អាជ្ញាធរ​ដែនដី និង​ភាគី​ដែល​ពាក់ព័ន្ធ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា​ក្នុង​នោះ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ផ្តោតលើ​ការការពារ​សក្តានុពល​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ជាពិសេស​ក្នុង​ខេត្ត​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ​។

ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័នមិត្ត​សត្វព្រៃ​បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចសហប្រតិបត្តិ​ការការពារ និង​អភិរក្ស​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​មាន​ទំហំ​ដី​អភិរក្ស ១,៤ ​លាន​ហិកតា​ដែល​ក្នុង​នោះ​រួមមាន​ដែនជម្រក​សត្វព្រៃ​តាតៃ ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ឧទ្យាន​ជាតិ​បទុមសាគរ​ជាដើម​។

លោក​ថ្លែងថា​៖ «​កិច្ចសហការ​ល្អ និង​ការអនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ​ដែល​កម្ពុជា​មាន​។ ការចូលរួម​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​គឺជា​ការរួម​វិភាគទាន​មួយ​ដ៏មាន​តម្លៃ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​កម្ពុជា​»​។

«​នេះ​គឺជា​កិច្ចសហការ​ដ៏ស្មោះត្រង់​ និង​ប្រកប​ដោយ​ផ្លែផ្កា​ដែល​ក្រសួង​បរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ធ្វើ​ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បាន​ធ្វើឱ្យ​តំបន់​អភិរក្ស​កាន់តែ​ត្រូវ​បាន​ការពារ​យ៉ាង​ល្អប្រសើរ បទល្មើស​គ្រប់​ប្រភេទ​បាន​ថយចុះ​យ៉ាងច្រើន​នៅ​តំបន់ ទាំង​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​។ ការការពារ​បាន​នូវ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ធ្វើឲ្យ​កម្ពុជា​លក់​ឥណទាន​កាបូន​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​តាតៃ និង​ឧទ្យាន​ជាតិ​ជួរ​​ភ្នំក្រវាញ​ខាងត្បូង​»​។ បច្ចុប្បន្ននេះ​កម្ពុជា​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៦៩ ​កន្លែង​លើ​ទំហំ​ផ្ទៃដី​ ៧,៣ ​លាន​ហិកតា​៕