ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអះអាងថា ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍មានបំណងតែមួយគឺកាត់បន្ថយគ្រោះថ្នាក់ ប៉ុន្តែលោកទទួលស្គាល់ថា ពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវដ៏ច្រើនលើសលប់បានគោរពច្បាប់ ខណៈ ៣ ថ្ងៃមានរថយន្ត និងម៉ូតជាង ៨ ពាន់គ្រឿងត្រូវបានផាកពិន័យ។ រីឯសង្គមស៊ីវិលថា តាំងពីមានការបង្កើនប្រាក់ផាកពិន័យមក ឥរិយាបថអ្នកបើកបរមានការផ្លាស់ប្ដូរដែលបង្ហាញពីសញ្ហាល្អមួយ។
លោក នេត សាវឿន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា អ្នកបើកបរយានយន្តរាប់លានគ្រឿងបានគោរពទៅតាមច្បាប់ចរាចរណ៍ និងមានតែអ្នកបើកបរ ១ ទៅ ២ ពាន់គ្រឿងប៉ុណ្ណោះ ដែលបើកបរល្មើសច្បាប់ ហើយត្រូវបាននគរបាលឃាត់ផាកពិន័យនារយៈពេល ២-៣ ថ្ងៃ នៃការចាប់ផ្ដើមរឹតបន្តឹងច្បាប់ចរាចរណ៍មកនេះ។
លោកថា៖ «រឿងសំខាន់គឺខ្ញុំទទួលស្គាល់អ្នកធ្វើដំណើរនៅលើដងផ្លូវយ៉ាងច្រើនលើសលប់គឺបានគោរពច្បាប់ គឺមានរាប់លានគ្រឿងដែលគោរពច្បាប់ ហើយ ១ ពាន់ ឬ ២ ពាន់ ដែលបានផាកហ្នឹងដើម្បីកែតម្រូវគាត់ ដើម្បីឱ្យគាត់រាងចាល និងងាកមកគោរពច្បាប់វិញ។ គឺសំខាន់ជួយដាស់ស្មារតីគាត់ និងជួយគាត់កុំឱ្យអស់លុយ។ កុំជិះខុស (ច្បាប់) ទៅ វាអត់អស់លុយទេ កុំជិះខុសទៅវាអត់មានគ្រោះថ្នាក់ទេ»។
លោកបន្តថា៖ «អ៊ីចឹងខ្ញុំប្រើពាក្យថា អ្នកដំណើរតាមផ្លូវច្រើនលើសលប់គឺគោរពច្បាប់ ងាកទៅរកសណ្ដាប់ធ្នាប់ ងាកទៅរកសេចក្ដីថ្លៃថ្នូរ។ ឥឡូវហ្នឹង!សមត្ថកិច្ចប្រឹងប្រែងពង្រឹងបន្ថែមគឺធ្វើទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីកុំឱ្យពលរដ្ឋភ្លេចខ្លួន»។
អគ្គស្នងការនគរបាលជាតិបានដាក់ពង្រាយកងកម្លាំងជាង ៣ ពាន់នាក់នៅទូទាំងប្រទេស ដើម្បីចាំផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មីដែលបានបង្កើនប្រាក់ផាកពិន័យឡើងទៅដល់ ៣ ឬ ៥ ដងនៃការផាកពិន័យតាមអនុក្រឹត្យចាស់។
ការរឹតបង្កើនប្រាក់ផាកពិន័យនាពេលនេះត្រូវអ្នករិះគន់ខ្លះបានលើកឡើងថា ជាការដាក់បន្ទុកបន្ថែមលើពលរដ្ឋ និងបានស្នើឱ្យរដ្ឋាភិបាលពន្យារពេលអនុវត្តក្នុងពេលកំពុងរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
ប៉ុន្តែលោក នេត សាវឿន បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះគឺមានបំណងតែមួយគត់គឺកាត់បន្ថយគ្រោះថ្នាក់ ដើម្បីកុំឱ្យមនុស្សស្លាប់ របួស និងកុំឱ្យបាត់បង់ទ្រព្យសម្បត្តិរបស់ពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវ។
លោកថា៖ «ការធ្វើនេះមិនមែនធ្វើទូទៅទេគឺធ្វើតែរថយន្តដែលល្មើស ហើយល្មើសនេះទៀតមិនមែនធ្វើតាមអនុក្រឹត្យថ្មីទាំងអស់ទេ គឺធ្វើតែចំណុច (ល្មើស) ធំៗតែប៉ុន្មានចំណុច ដូចជា ឧទាហរណ៍បើកម៉ូតូត្រូវមានមួក ត្រូវគោរពស្លាកសញ្ញា ត្រូវគោរពភ្លើងស្ដុប កុំនិយាយទូរស័ព្ទ»។
លោក នេត សាវឿន អះអាងទៀតថា ចំពោះករណីប៉ូលិសចរាចរណ៍នៅខេត្តស្វាយរៀងដែលបានធ្វើលើសពីតួនាទី ដោយបានចាប់វ៉ៃខ្នោះពលរដ្ឋនៅពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍គឺត្រូវបានសម្រេចឱ្យផ្អាកពីការងារដើម្បីកែកំហុស និងឱ្យអង្គភាពត្រូវសុំទោសចំពោះពលរដ្ឋវិញ។
លោកបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិកំពុងតាមដានគ្រប់ពេលវេលាអំពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់កងកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ហើយលោកព្រមានថា ចំពោះមន្ត្រីដែលអនុវត្តខុសនឹងត្រូវទទួលរងការពិន័យតាមច្បាប់កងកម្លាំងតិច ឬស្រាល ហើយបើមានកំហុសធ្ងន់ធ្ងរចំពោះមុខច្បាប់ នឹងត្រូវយកច្បាប់ទៅធ្វើ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់កាលពីរសៀលម្សិលមិញថា ក្នុងរយៈពេល ៣ ថ្ងៃមកនេះ មានយានយន្តជាង ៨ ពាន់គ្រឿង ត្រូវបានផាកពិន័យក្នុងនោះម៉ូតូមានជាង ៦ ពាន់គ្រឿង រីឯរថយន្តមានជិត ២ ពាន់គ្រឿង។
ចំណែកលោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងដែរថា លោកបានឃើញសញ្ញាវិជ្ជមាន ២ នៃការរឹតបន្តឹងច្បាប់នៅពេលនេះ។
លោកថា៖ «អ៊ីចឹង! សម្រាប់ខ្ញុំៗមើលឃើញថា ពលរដ្ឋភាគច្រើនដែលខ្លាចច្បាប់ គឺគាត់ងាកមកគោរពច្បាប់វិញ។ យើងឃើញថា ការបើកបរនៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃហ្នឹងនៅតាមស្ដុប ពលរដ្ឋបានព្យាយាមឈប់គោរពទៅតាមគំនូសសញ្ញា ភ្លើងសញ្ញា ហើយការបើកបរក៏មិនសូវមានរូបភាពច្រងេងច្រងាងដែរនេះគឺជាសញ្ញាល្អមួយ»។
លោកបន្តថា៖ «សញ្ញាល្អទី ២ គឺឃើញបងប្អូនពលរដ្ឋដែលខ្លាចច្បាប់គឺបានយកយានយន្តទៅត្រួតពិនិត្យបច្ចេកទេស និងមួយចំនួនទៀតបានទៅពន្យារបណ្ណបើកបរ គឺមានភាពផុសផុលមែនទែន។ ខ្ញុំគិតថា អានេះគឺជាជោគជ័យមួយប៉ុន្តែបើយើងចង់បានជោគជ័យពិតប្រាកដនោះគឺត្រឹមតែផាកពិន័យតែមួយមុខគឺអត់ទាន់គ្រប់គ្រាន់ទេ គឺត្រូវតែមានការអប់រំ និងផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងត្រូវកែលម្អផ្លូវដោយត្រូវឱ្យមានគំនូសសញ្ញា និងស្លាកសញ្ញាឱ្យបានច្បាស់លាស់ អាហ្នឹងខ្ញុំគិតថា វាមានជោគជ័យជាង»។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងទៀតថា ឥរិយាបថបើកបររបស់ពលរដ្ឋបានត្រឹមត្រូវតាមច្បាប់គឺនៅពេលដែលមាននគរបាលឈរពង្រឹងច្បាប់នៅតាមដងផ្លូវប៉ុណ្ណោះ។ លោកសង្ឃឹមថា នៅពេលមានសមត្ថកិច្ចរឹតបន្តឹងច្បាប់ជាប់ជាប្រចាំបែបនេះរហូតនោះឥរិយាបថបើកបរខុសឆ្គងមួយចំនួនរបស់ពលរដ្ឋនឹងអាចកែប្រែបានច្រើននាពេលខាងមុខ។
លោកបន្តទៀតថា ចំពោះអ្នកដែលរិះគន់នៅតាមបណ្ដាញសង្គមហ្វេសប៊ុកដែលថា រដ្ឋាភិបាលរឹតបន្តឹងច្បាប់ ដោយសារចង់បានលុយពីពលរដ្ឋនោះគឺមិនមានចំនួនច្រើនលើសលប់នោះទេ ប៉ុន្តែលោកក៏ចង់ឱ្យរដ្ឋាភិបាលពន្យារពេលអនុវត្តតាមអនុក្រឹត្យថ្មីដែរ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៅកាន់ប្រជាពលរដ្ឋ។
លោក ឈួន វ៉ន់ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដែរថាចាប់ពីថ្ងៃទី ២៧ ខែមេសាមកគឺនៅទូទាំងប្រទេសមានពលរដ្ឋដែលបានសម្រុកយករថយន្តទៅត្រួតពិនិត្យបច្ចេកទេស ឬឆៀកគឺក្នុង ១ ថ្ងៃប្រហែល ៤ ពាន់គ្រឿងដែលខុសពីថ្ងៃមិនទាន់ចាប់ផ្ដើមរឹតបន្តឹងច្បាប់ចរាចរណ៍គឺមានប្រហែល ១ ពាន់គ្រឿងប៉ុណ្ណោះ។
លោកបន្តថា ចំពោះនៅតាមកន្លែងប្រឡងយកបណ្ណបើកបរក៏នៅតែមានមនុស្សសម្រុកទៅប្រឡងច្រើននាប៉ុន្មានថ្ងៃមកនេះ។
លោកថា៖ «ទាំងកន្លែងប្រឡងយកបណ្ណបើកបរ និងនៅតាមកន្លែងឆៀកគឺនៅតែមានមនុស្សច្រើននៅឡើយ បើទោះបីជាថ្ងៃនេះ (ថ្ងៃទី ៣ ឧសភា) សង្កេតឃើញនៅតែមានមនុស្សច្រើន ប៉ុន្តែបើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុន គឺចាប់ផ្ដើមថមថយវិញខ្លះហើយ»៕
វីដេអូ៖