ភ្នំពេញៈ នាយឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ លោក នេត សាវឿន បានដាក់​ចេញ​នូវ​ផែនការ​ពង្រឹង​វិធានការ​សន្ដិសុខ និង​ការងារ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ដល់​គណៈបញ្ជាការ​សន្ដិសុខ​សុវត្ថិភាព​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​រៀបចំ​ជា​ក្រុមការងារ​ជំនាញ និង​សហប្រតិបត្ដិការ​ជាមួយ​ស្ថាប័ន អន្តរក្រសួង និង​អន្តរជាតិ​។

ការដាក់ចេញ​ផែនការ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការពង្រឹង​វិធានការ​សន្ដិសុខ និង​ការងារ​ប្រយុទ្ធប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃទី​ ៣១ សីហា ក្រោម​អធិបតីភាព នាយឧត្តមសេនីយ៍ លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​មាន​ការចូលរួម​ពី​អគ្គស្នងការរង ប្រធាន​នាយកដ្ឋាន​ស្នងការ​រាជធានី-ខេត្ត និង​មន្ដ្រី​នគរបាល​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​នៅ​​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។

លោក​ ឆាយ គឹមខឿន ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​បាន​ដាក់​ចេញ​នូវ​ការពង្រឹង​វិធានការ​ទៅលើ​សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ពង្រឹង​​ការងារ​លើ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ គឺ​បាន​ប្រកាស​បែងចែក គណៈបញ្ជាការ​សន្ដិសុខ សុវត្ថិភាព​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​បានរៀបចំ​ជា​ក្រុមការងារ ផ្នែក​ជំនាញ ផ្នែក​សហប្រតិបត្ដិការ​ជាមួយ​អន្តរក្រសួង​ និង​អន្តរជាតិ​»​។

លោក​បន្ដថា​៖ «​កិច្ចប្រជុំ​នេះ យើង​ផ្ដោត​សំខាន់​សំដៅ​លើ​ការប្រមូល​ព័ត៌មាន ការបែងចែក​ប្រគល់​ភារកិច្ច​ច្បាស់លាស់​ដល់​ក្រុម​ការងារ ដើម្បី​ម្ចាស់ការ​​គ្រប់គ្រង​សភាពការណ៍​ពាក់ព័ន្ធ​ផ្នែក​សន្ដិសុខ សុវត្ថិភាព និង​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​»​។

បើ​តាម​មន្ត្រី​នាំពាក្យ​រូបនេះ ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​នេះ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បានដាក់​ទិសដៅ​ស្រួច ទៅលើ​ការ​ឯកភាពគ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រមូលផ្ដុំ​កងកម្លាំង​ទៅតាម​សភាពការណ៍ ដើម្បី​អាច​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​សំដៅ​រំដោះ​ជនរងគ្រោះ​។

ពាក់ព័ន្ធ​នឹង​ការដាក់​ចំណាត់ថ្នាក់​ (​ការវាយតម្លៃ​របស់​អាមេរិក​មកលើ​កម្ពុជា​) លោក ឆាយ គឹមខឿន ​បញ្ជាក់​ថា​៖ «​អាមេរិក​គាត់​ដាក់ គាត់​អត់​ដែល​បាន​សួរ​យើង​ផង​។ ក៏ប៉ុន្ដែ​រឿង​យើង​សំខាន់ គឺ​ការសង្គ្រោះ​ជនរងគ្រោះ​ដែល​កំពុងតែ​ធ្លាក់​ទៅក្នុង​រណ្ដៅ​នៃ​ការជួញដូរ​។ ដូច្នេះ​ការដាក់ចេញ​នូវ​វិធានការ​នេះ​គឺ​មាន​វិធានការ​ជំនាញ ការអប់រំ និង​ពង្រឹង​ឡើងវិញ​នូវ​សុវត្ថិភាព​ក្នុង​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​នគរបាល ជាពិសេស​មន្ដ្រី​អនុវត្ដ​ច្បាប់​»​។

លោក​ថ្លែង​ថា​ការវាយតម្លៃ​របស់​អាមេរិក​ចំពោះ​កម្ពុជា​នេះ​ប្រហែល​ជា​អាមេរិក​ប្រមូល​ព័ត៌មាន​មិន​អស់ពី​កម្ពុជា និង​ប្រហែល​ជា​មិន​បាន​វាយតម្លៃ​ច្បាស់លាស់​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ការវាយតម្លៃ​នេះ​មាន​ការបាត់​តម្លាភាព​ខ្លះ មិនបាន​គ្រប់​ជ្រុងជ្រោយ​ទេ​។ គាត់​មិន​ទាំង​ដាក់​តារាង​ពិន្ទុ​នៃ​ការវាយតម្លៃ​របស់គាត់​នោះ​ឱ្យ​យើង​មើល​ផង​។ ដូច្នេះ​ការវាយតម្លៃ​របស់គាត់​គឺជា​សិទ្ធិ​របស់គាត់ ព្រោះ​គាត់​មិនដែល​ហៅ​យើង​ទៅ​ប្រជុំ​វាយតម្លៃ​ឯណា​។ ប៉ុន្ដែ​ទោះយ៉ាងណា ការវាយតម្លៃ​របៀប​ណា វា​ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ពាក់ព័ន្ធ​នឹង​កិត្ដិយស​របស់​កម្ពុជា​»​។

លោក​ ឆាយ គឹមខឿន ​បន្ថែម​ថា រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ច្បាស់លាស់ កងកម្លាំង​នគរបាលជាតិ កងកម្លាំង​អនុវត្ត​ច្បាប់​មាន​ស្មារតី​ប្ដេជ្ញាចិត្ត​ច្បាស់លាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស សំខាន់បំផុត​គឺ​ការរំដោះ​ពលរដ្ឋ​ជា​ជនរងគ្រោះ​ពី​ការជួញដូរ​។

កាលពី​ខែ​មិថុនា​ ក្រសួង​ការបរទេស​អាមេរិក​បានចេញ​របាយការណ៍​ឆ្នាំ​ ២០២០ អំពី​ស្ថានភាព​ការជួញដូរ​មនុស្ស​នៅ​ទូទាំង​សកលលោក​។ កម្ពុជា​ត្រូវ​បានដាក់​ក្នុង​បញ្ជី​ឃ្លាំមើល​កម្រិត​ ២ ដែលជា​ប្រទេស​មិនបាន​បំពេញ​តាម​ស្តង់ដា​អប្បបរមា​ក្នុងការ​លុបបំបាត់​ការជួញដូរ​មនុស្ស​។

លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ មើលឃើញ​ថា បញ្ហា​នៃ​ការជួញដូរ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា នៅតែ​ជា​ក្ដីកង្វល់​។ កត្ដា​នេះហើយ​ទើប​អាមេរិក​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំមើល​កម្រិត​ ២ ដែលជា​ប្រទេស​មិន​បាន​បំពេញ​តាម​ស្តង់ដា​អប្បបរមា​ក្នុង​ការលុបបំបាត់​ការជួញដូរ​មនុស្ស​។

លោក​ សំអាត បាន​ថ្លែងថា​៖ «​ដូច្នេះ​បើ​ឆ្នាំនេះ រាជរដ្ឋាភិបាល​មិន​ខិតខំ​ប្រឹងប្រែង​ទៀត វា​អាច​ធ្លាក់​ចំណាត់ថ្នាក់​ទៅដល់​លេខ​ ៣​។ ដូច្នេះ​បញ្ហា​នេះ​​ជា​ការឆ្លុះបញ្ចាំង​មួយ​ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​​ពង្រឹង​នូវ​កិច្ចការពារ​ដល់​ជនរងគ្រោះ​​ពី​ការជួញដូរ​នៅ​កម្ពុជា​»៕