ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដីណែនាំ​ជាថ្មី​ម្ដងទៀត​ដល់​មន្ត្រីនគរបាល​ថ្នាក់ក្រោម​នៅ​ទូទាំងប្រទេស​ត្រូវ​បន្ត​រឹតបន្តឹង​ការត្រួតពិនិត្យ​បណ្ណ​បើកបរ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) ​រថយន្ត ដើម្បី​បន្ត​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​ដែល​បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។

យោងតាម​សេចក្ដី​ណែនាំ​ស្ដីពី​ការបង្កើន​ប្រសិទ្ធភាព​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០២១ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃទី​ ១៥ ខែមីនា បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ជំនាញ​ត្រូវ​បង្កើន​ការរឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។

លោក នេត សាវឿន បានឱ្យដឹង​នៅក្នុង​សេចក្ដី​ណែនាំ​របស់​លោក​ថា​៖ «​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅតែ​ជា​បញ្ហា​​ប្រឈម​យូរអង្វែង កំពុង​បង្ក​ហានិភ័យ​ជា​រៀងរាល់ថ្ងៃ​ដល់​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើង​»​។

យោងតាម​សេចក្ដី​ណែនាំ​ដដែល​នេះ​បានឱ្យ​ដឹងថា មន្ត្រីនគរបាល​នៅ​ទូទាំង​ប្រទេស​ត្រូវមាន​វិធានការ​ដែល​ត្រូវ​បង្កើន​បន្ថែមទៀត​ក្នុង​ការរឹតបន្តឹង​អនុវត្ត​ច្បាប់​ចំពោះ​រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ និង​រថយន្ត​ដឹក​​ទំនិញ​គ្រប់​ប្រភេទ ដើម្បី​ធានា​ថា អ្នកបើកបរ​គ្រប់រូប​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ រថយន្ត​មាន​ឯកសារ​អនុញ្ញាត​តាមច្បាប់​គ្រប់គ្រាន់​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​ការផ្ទុក ឬ​ដឹកជញ្ជូន​ធានា​សុវត្ថិភាព​តាមច្បាប់​ដែល​បានកំណត់​។

យោងតាម​សេចក្ដីណែនាំ​បានឱ្យ​ដឹងថា​៖ «​ត្រូវ​ផ្អែកលើ​បទពិសោធ​ល្អ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​ ២០២០ នៅតាម​ភូមិសាស្ត្រ​រាជធានី ខេត្ត​នីមួយៗ​ដោយ​ធ្វើការ​កំណត់​ឱ្យបាន​ច្បាស់​អំពី​គោលដៅ មុខសញ្ញា មូលហេតុ និង​ពេលវេលា​បង្ក​គ្រោះថ្នាក់​ ឬ​ការប្រព្រឹត្ត​អំពើ​ដែល​ល្មើសច្បាប់​»​។

យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដោះអាសន្ន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ ​បាន​ឱ្យ​ដឹងថា ចំនួន​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ៨០៨ ​លើក​បាន​សម្លាប់​មនុស្ស​ជាង​ ៤០០ ​នាក់​។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា កម្លាំង​ជំនាញ​នៅតែ​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​មិន​បន្ធូរដៃ​ឡើយ ប៉ុន្តែ​បន្ថែម​វិធានការ​ដោយ​ផ្តល់​ការណែនាំ​ដល់​អ្នកធ្វើ​ដំណើរ​ត្រូវ​ពាក់ម៉ាស់ ដើម្បី​ចូលរួម​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

លោក​ថា​៖ «​ការអនុវត្ត​ច្បាប់​ចរាចរណ៍​យើង​នៅតែ​រឹតបន្តឹង​អត់​មាន​បន្ថយ​ដៃ​ទេ យើង​នៅតែ​អនុវត្ត​ជា​បន្តបន្ទាប់​ដល់​បច្ចុប្បន្ន​នេះ គ្រាន់តែ​យើង​បន្ថែម​ទៅលើ​ច្បាប់​ចរាចរណ៍​គឺ​ណែនាំ​គាត់​ឱ្យ​ពាក់​ម៉ាស់​ត្រូវ​មាន​អាល់កុល ណែនាំ​កិច្ចការពារ​បញ្ហា​កូវីដ ហើយ​ពេល​យើង​ត្រួតពិនិត្យ​ក៏មាន​ការចែក​ម៉ាស់​ឱ្យ​គាត់​ផង យើង​មាន​ម៉ាស៊ីន​វាស់​កម្តៅ​នៅតាម​គ្រប់​គោលដៅ​នគរបាល​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ និង​បញ្ជ្រាប​តាម​ការណែនាំ​របស់​រដ្ឋាភិបាល ៣ ​កុំ ៣ ​ការពារ​»​។

លោក ជួន ណារិន្ទ ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​មួយរយៈ​ចុងក្រោយ​នេះ​មានការ​កាត់បន្ថយ​ច្រើន​បើ​ប្រៀបធៀប​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

លោក​ថា​៖ «​គ្រោះថ្នាក់​ចរាចណ៍​នេះ​មាន​ការកាត់បន្ថយ​ច្រើន ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុជីវិត​នេះ ដោយសារ​ការប្រើប្រាស់​មធ្យោបាយ​មិន​គោរព​ច្បាប់ ហើយ​មិន​គោរព​ផ្លូវ ច្រើនតែ​ជិះ​លឿន ជិះ​វ៉ា និង​ជិះ​ចូល​ទៅ​មធ្យោបាយ​ធំៗ ហើយ​ភាគច្រើន​បង្កដោយ​ខ្លួនឯង​»​។

លោក​ឱ្យដឹង​ដែរ​ថា បើទោះបី​ជា​ដក​កម្លាំង​មួយចំនួន​ដើម្បី​​ទប់ស្កាត់​កូវីដ​ក្តី ប៉ុន្តែ​កម្លាំង​ជំនាញ​នៅតែ​ឈរ​ប្រចាំការ ដើម្បី​ត្រួតពិនិត្យ​អ្នកបើកបរ​ដឹក​លើស​ទម្ងន់ និង​អ្នកបើកបរ​មិន​គោរព​ច្បាប់​។

លោក​ថា​៖ «​គឺ​យើង​ធ្វើការ​ណែនាំ​ត្រួតពិនិត្យ​ជាប្រចាំ សំខាន់​បំផុត​ផ្លូវជាតិ​លេខ ៤ ខាង​ជំនាញ​នាយកដ្ឋាន​នគរបាល​សណ្តាប់ធ្នាប់​ចរាចរណ៍ គឺ​គាត់​មាន​គោលដៅ ដើម្បី​ល្បាត​ត្រួតពិនិត្យ ដោយសារ​យើង​ផ្លូវវែង ពេលខ្លះ​ពួកគាត់​ច្រើនតែ​ភ្លេចខ្លួន អះអាង​ថា ស្ងាត់ យើង​បានរៀបចំ​ក្រុម​ចល័ត​ដើម្បី​ឆ្មក់​ត្រួតពិនិត្យ​តាម​ពាក់កណ្តាល​ទី ដើម្បី​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​សារជាតិ​ញៀន​ផង ព្រោះ​ចុង​ទី ដើមទី យើង​មាន​ហើយ​»៕