ភ្នំពេញ៖ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​សេចក្តី​ណែនាំ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ (E-Crime2020) ចាប់​ពី​ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ ដើម្បី​ធានា​និរន្តរភាព និង​សន្តិសុខ​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ស្ថិតនៅ​ក្នុង​និយាម​បណ្ណសារដ្ឋាន​ស្រប​តាម​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា។

យោង​តាម​សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី ៤ ខែ​ឧសភា ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​នេះ​ជួយ​ដល់​មន្ត្រី​នគរបាល​ក្នុង​ការ​ទាញ​យក​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ចេញ​ពី​ប្រព័ន្ធ​ទិន្នន័យ (Database) យក​ទៅ​ប្រើប្រាស់​ផ្លូវ​ការ​សម្រាប់​វិភាគ និង​វាយ​តម្លៃ​អំពី​ស្ថានភាព​បទល្មើស​តាម​ភូមិសាស្ត្រ​តាម​កាល​កំណត់។

លោក នេត សាវឿន បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​នេះ​ថា៖ «ត្រូវ​បាន​កំណត់​ជា​គោលការណ៍​សម្រាប់​រយៈពេល​នៃ​ការ​បញ្ចូល​ទិន្នន័យ​បទល្មើស​ទៅ​ក្នុង​ប្រព័ន្ធ​អំឡុង​ពេល ៤៨ ម៉ោង​ បន្ទាប់​ពី​បទល្មើស​បាន​កើត​ឡើង និង​កំណត់​ឲ្យ​កត់ត្រា​ទិន្នន័យ​ដីកា​បង្គាប់​ចាប់​ពី​ឆ្នាំ ២០០០ រហូត​មក​ដល់​បច្ចុប្បន្ន​ព្រម​ទាំង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជា​ប្រចាំ»។

លោក នេត សាវឿន បាន​ណែនាំ​ឱ្យ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត ត្រូវ​ធានា​និរន្តរភាព​ធនធាន​មន្ត្រី និង​ការ​បំពាក់​ឧបករណ៍ សម្ភារ​បច្ចេកទេស​រួម​ទាំង​ការ​ផ្គត់ផ្គង់​អ៊ីនធឺណិត​សម្រាប់​ផែន​សេនាធិការ ឬ​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច បញ្ចូល​ទិន្នន័យ​បទល្មើស​រក្សា​ទុក​ក្នុង​ទិន្នដ្ឋាន។

លោក សាវឿន ក៏​បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​សរុប​ផែនការ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ត្រូវ​ពង្រឹង​កិច្ច​សហការ​ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ ដែល​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត បាន​កត់ត្រា​បញ្ចូល​រក្សា​ទុក​ក្នុង​ទិន្នដ្ឋាន និង​ណែនាំ​ឲ្យ​បញ្ចូល​ទិន្នន័យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់។

លោក​ថ្លែង​ថា៖ «ផែន​ព្រហ្មទណ្ឌ និង​ផែន​សេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត ត្រូវ​សហការ​ក្នុង​ការ​ផ្តល់​ឯកសារ ព័ត៌មាន រូបថត ពាក់ព័ន្ធ​ករណី​បទល្មើស​តាម​ទម្រង់​ឯកភាព​គ្នា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចូល​ទិន្នន័យ​រក្សា​ទុក​ក្នុង​ទិន្នដ្ឋាន​ឲ្យ​បាន​ទាន់​ពេលវេលា»។

លោក សាវឿន បន្ត​ថា៖ «ក្នុង​ករណី​ដែល​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត ពុំ​មាន​រូបថត​ជន​សង្ស័យ ឬ​ជន​រងគ្រោះ សូម​ស្នើ​កិច្ច​សហការ​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ដោះស្រាយ​ផ្តល់​ជូន»។

បើ​យោង​តាម​សេចក្តី​ណែនាំ​នេះ បន្ទាប់​​ពី​ទិន្នន័យ​បទល្មើស​ដែល​ត្រូវ​បាន​កត់ត្រា​រក្សា​ទុក​ក្នុង​ទិន្នដ្ឋាន​រួច​ហើយ ក្នុង​អំឡុង​ពេល ៤៨ ម៉ោង មន្ត្រី​ជំនាញ​កត់ត្រា​អាច​កែ​តម្រូវ​ទិន្នន័យ​បាន​គ្រប់​ចំណុច​នៅ​ក្នុង​ប្រព័ន្ធ។

សេចក្តី​ណែនាំ​បន្ត​ថា ប៉ុន្តែ​បន្ទាប់​ពី ៤៨ ម៉ោង ប្រព័ន្ធ​ពុំ​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​កត់ត្រា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត កែ​តម្រូវ​កំណត់ត្រា​បទល្មើស​បាន​ឡើយ។ លើក​លែង​តែ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត បាន​ធ្វើ​សំណើ​ជា​ផ្លូវ​ការ​មក​ប្រធាន​នាយកដ្ឋាន​សរុប​ផែនការ ពិនិត្យ​សម្រេច និង​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​កែ​តម្រូវ​ជូន។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៥ ខែ​ឧសភា​ថា ប្រព័ន្ធ​នេះ គឺ​សម្រាប់​កត់ត្រា​ទិន្នន័យ​បទល្មើស។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​រៀបចំ និង​អនុវត្ត​ប្រព័ន្ធ​នេះ​ជាង ១០ ឆ្នាំ​មក​ហើយ តែ​ពេល​នេះ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​នេះ​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «ការ​ជួយ​ដល់​នគរបាល​ជាតិ​នោះ គឺ​យើង​កត់ត្រា​បាន​នូវ​សាវតាជាតិ​ជនល្មើស សាវតាជាតិ​ជន​រងគ្រោះ តួលេខ និង​ទិន្នន័យ​នៃ​បទល្មើស ទិន្នន័យ​ស្តីពី​លទ្ធផល​បង្ក្រាប រួម​ទាំង​បណ្តា​ដីកា​តាម​ចាប់​ខ្លួន​មួយ​ចំនួន​ទៀត»៕