ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​ណែនាំ​ទៅដល់​កងកម្លាំង​នគរបាល​ឱ្យ​ធ្វើ​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៣ ខែ​កញ្ញា​ នេះ​តទៅ ខណៈ​ដែល​ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ ១៩​ នៅក្នុង​ពិធីបុណ្យ​នេះ​។

លោក នេត សាវឿន បាន​ដាក់​ចេញ​នូវ​សេចក្តី​ណែនាំ​មួយ​ចំនួន​ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​សំដៅ​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ តាម​ប្រពៃណី ទំនៀមទម្លាប់​ដ៏រុងរឿង​របស់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ១៨ ខែ កញ្ញា ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖​ «​នាយកដ្ឋាន​កណ្តាល នាយកដ្ឋាន​អង្គភាព​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ត្រូវ​ចាត់វិធានការ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ដោយ​ត្រូវ​យកចិត្ត​ទុកដាក់ បង្កើន​ការក្តាប់​នូវ​សភាពការណ៍ និង​ព័ត៌មាន​នានា​ពាក់ព័ន្ធ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ជាពិសេស​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម និង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ទៀត ដើម្បី​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា​»​។

លោក​ នេត សាវឿន ​បាន​សង្កត់ធ្ងន់​ថា នៅតាម​បណ្តា​ភូមិ​ឃុំ ត្រូវ​គ្រប់គ្រង​វិធានការ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មុខសញ្ញា​មាន​ឱកាស​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ លោក​ក៏បាន​បញ្ជា​ឱ្យ​ដាក់​កម្លាំង​យាមល្បាត ការពារ​ផ្ទះសំបែង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ឬ​ទៅ​សម្រាក​កម្សាន្ត​នៅ​តាម​តំបន់​នានា នាឱកាស​ឈប់សម្រាក​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​បាន​ជំរុញ​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់ រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ នៅ​គ្រប់​គោលដៅ​ដោយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ និង​គ្រោះ​មហន្តរាយ​នានា និង​ត្រូវ​ពង្រឹង​បន្ថែម ការងារ​ប្រចាំ​បញ្ជា​គ្រប់​ថ្នាក់​ដើម្បី​ត្រៀម​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា​។

ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះដែរ​អ្នកនាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ការពារ​ខ្លួន ប្រុងប្រយ័ត្ន​កុំឱ្យ​មាន​ការចម្លង​ជំងឺ​កូវីដ ​១៩ និង​ពិសេស​ត្រូវ​រក្សា​សុវត្ថិភាព​អនាម័យ​ចំណីអាហារ ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ចៀសវាង​បញ្ហា​កើតមានឡើង​ដែល​បណ្តាល​មកពី​ម្ហូបអាហារ​។

លោកស្រី​ថ្លែង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា មិនត្រូវ​ដាក់​ចំណី​អាហារ​ច្របូកច្របល់​ចូលគ្នា កុំ​ទុក​អាហារ​ក្នុង​រយៈពេល​យូរ​ដែល​អាច​ធ្វើ​ឱ្យ​ម្ហូប​នោះ​ផ្អូម​ធ្វើឱ្យ​អ្នក​បរិភោគ​ឈឺពោះ រាករូស ក្អួតចង្អោរ ឬ​ពុល​អាហារ​ជាដើម​។

លោកស្រី​ថ្លែងថា៖ «​មួយវិញទៀត​សូម​បងប្អូន​ចៀសវាង​នូវ​ការប្រើប្រាស់​ស្រាស​ដែល​ផលិត​មិន​ត្រឹមត្រូវ ដែល​កន្លងមក​មាន​ករណី​ពុល​ស្រាស​ដោយសារ​ការយក​មេតាណុល​មក​លាយ​ដើម្បី​ឱ្យ​ទៅ​ជា​ស្រា​។ ដូចនេះ​ត្រូវ​ចៀសវាង​ការយក​មេតាណុល​មក​លាយ​ធ្វើជា​ស្រា ត្រូវ​បិត​ស្រាស​តាមរបៀប​ពី​បុរាណ​»​។

ទន្ទឹម​នឹង​នេះដែរ លោកស្រី វណ្ណឌីន ​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ត្រូវអនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន​កុំឱ្យ​មាន​ការចម្លងជំងឺ​កូវីដ​១៩​នៅតាម​ទីវត្តអារាម ដោយ​អនុវត្ត​វិធានការ​សាមញ្ញៗ​ដូចជា សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ស្អាត​ជានិច្ច ពាក់​ម៉ាស់​ជាប្រចាំ​ពេល​ទៅ​វត្តអារាម និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​៕