ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកងកម្លាំងនគរបាលនៅតាមគោលដៅទាំងអស់ត្រូវក្រោកឈរ ដើម្បីសួរនាំអ្នកធ្វើដំណើរ និងត្រូវប្រើពាក្យសម្ដីឲ្យបានសមរម្យ។
ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពីលោកទទួលបានការសំណូមពរ និងការទិតៀនពីឥរិយាបថរបស់កងកម្លាំងដែលកំពុងឈរនៅតាមបណ្តាគោលដៅមួយចំនួន ដែលនិយាយជាមួយនឹងប្រជាពលរដ្ឋមិនបានក្រោកឈរនិយាយទេ ហើយមានការជំរុញពីម្នាក់ទៅម្នាក់ដោយនិយាយជាមួយនឹងពលរដ្ឋទាំងអង្គុយលើកៅអី មិនព្រមក្រោកឈរនិយាយ។
លោក នេត សាវឿន បាននិយាយតាមរយៈសារជាសំឡេងនៅថ្ងៃនេះថា៖ «អ្នកដែលនិយាយជាមួយនឹងប្រជាពលរដ្ឋ អ្នកដែលនិយាយជាមួយអ្នកធ្វើដំណើរ ត្រូវក្រោកឈរ និងមានឥរិយាបថជាតម្រួតឱ្យច្បាស់លាស់ ត្រូវកែសម្រួលចំណុចនេះភ្លាម»។
លោកបានបន្តថា មិនត្រូវធ្វើការរុញពីម្នាក់ទៅម្នាក់ទេ ហើយអ្នកណាដែលទទួលការស្នើពីពលរដ្ឋត្រូវសុំយោបល់សម្រេចថា តើត្រូវឱ្យអ្នកដំណើរឆ្លងកាត់ ឬអត់។
លោក នេត សាវឿន បានបន្ថែមថា អ្នកដែលអង្គុយ គឺកុំនិយាយជាមួយគេ អ្នកអង្គុយ គឺសម្រាក អ្នកដែលសម្រេចកិច្ចការ គឺត្រូវឡើងឈរនិយាយជាមួយគេ។ ត្រូវធ្វើការកែទម្លាប់បន្តិចម្តងៗ ដោយត្រូវធ្វើឱ្យមានរបៀបនៃកងកម្លាំង ដើម្បីចៀសវាងនូវការទិតៀន៕