ភ្នំពេញ: លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យមន្ត្រីនគរបាលជំនាញនាំខ្លួនលោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ និងជាមេធាវី ដើម្បីសាកសួរ ក្រោយពីមន្ត្រីរូបនេះត្រូវបានចោទប្រកាន់ដោយបានដកកាំភ្លើងភ្ជង់ និងគំរាមពលរដ្ឋ ២ នាក់ប្ដីប្រពន្ធដែលជាម្ចាស់ហាងមួយក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
លោក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា សមត្ថកិច្ចជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិបាននិងកំពុងសាកសួរលោក ថ្លាង ភិនរ៉ា កាលថ្ងៃទី ២៣ ខែកញ្ញា ប៉ុន្ដែមិនទាន់អាចបញ្ជាក់បានពីលទ្ធផលនៃការសួរចម្លើយនោះទេ។
ការសាកសួរនេះបានធ្វើឡើងក្រោយលោក នេត សាវឿន ចេញវិធានការ និងចំណាត់ការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលរូបនេះដោយហៅមកធ្វើកំណត់ហេតុឱ្យសារភាពពីទោសកំហុស សម្របសម្រួល ឬសុំទោសចំពោះជនរងគ្រោះ ប្រសិនបើពិតជារកឃើញកំហុសមែន។ ប៉ុន្តែបើការសម្របសម្រួលមិនត្រូវគ្នានឹងបញ្ជូនសំណុំរឿងទៅតុលាការ និងដាក់ពិន័យតាមច្បាប់កងកម្លាំង។
លោក សុខឃី ថ្លែងថា៖ «យើងកំពុងធ្វើការសាកសួរគាត់ហើយ ប៉ុន្ដែមិនទាន់មានលទ្ធផលសម្រេចទេ។ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងមិនបានទុកសកម្មភាពរបស់មន្ត្រីនគរបាលដែលខុសឆ្គង ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូលទេ គឺតែងតែដាក់ទោសទណ្ឌចំពោះនគរបាលដែលប្រព្រឹត្តបទល្មើស»។
លោក សុខឃី បានអះអាងចំពោះវិធានការផ្លូវច្បាប់នេះបានធ្វើឡើង បន្ទាប់ពីពលរដ្ឋ ២ នាក់ប្ដីប្រពន្ធ ដែលជាម្ចាស់ហាងគុយទាវឈ្មោះ «អង្គរជុំសាខាទួលគោក» នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញបានដាក់ពាក្យប្តឹងលោក ថ្លាង ភិនរ៉ា ទៅកាន់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាលាដំបូងរាជធានីភ្នំពេញ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរកយុត្តិធម៌។
ការប្ដឹងនេះធ្វើឡើងបន្ទាប់ពីលោក ថ្លាង ភិនរ៉ា បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ពលរដ្ឋ ២ នាក់ប្ដីប្រពន្ធ ដែលជាម្ចាស់ហាងនោះ ដោយបានដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ទៅលើអ្នកទាំង ២ ដែលកំពុងហូបអាហារថ្ងៃត្រង់ជុំគ្នាជាមួយមិត្តភក្តិចំនួន ៨ នាក់នៅក្នុងហាងគុយទាវរបស់ពួកគេ ហើយម្ចាស់ហាងទាំង ២ នាក់ក៏មិនដែលមានទំនាស់អ្វីជាមួយមន្ត្រីរូបនេះដែរ ប៉ុន្ដែគាត់តែងតែមកហូបគុយទាវនៅហាង។
អ្នកស្រី ឌីណា ជាម្ចាស់បណ្ដឹងបានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឱ្យសម្ដេចក្រឡាហោម ស ខេង និងមន្ត្រីជំនាញពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យគ្រួសារខ្ញុំផង ព្រោះខ្ញុំនៅបារម្ភពីសុវត្ថិភាពនៅឡើយ។ គេមានលុយ មានអំណាច បុណ្យស័ក្ដិទៀត ខ្ញុំគ្មានលទ្ធភាពតតាំងនឹងគាត់ទេ គឺមានតែពឹងលើច្បាប់ជួយដោះស្រាយបញ្ហានេះ។ ខ្ញុំទាមទារសំណងជំងឺចិត្ត ១០ ម៉ឺនដុល្លារ និងស្នើសូមឱ្យច្បាប់ផ្តន្ទាទោសធ្ងន់ធ្ងរមិនអាចលើកលែងទេ»។
យោងតាមពាក្យបណ្ដឹងបានឱ្យដឹងថានៅថ្ងៃកើតហេតុថ្ងៃទី ២០ ខែកញ្ញា នាម៉ោង ១២ ថ្ងៃត្រង់ ជនរងគ្រោះបានរៀបចំការហូបចុកជុំជាមួយមិត្តភក្តិប្រមាណ ៨ នាក់នៅក្នុងហាង ព្រោះហាងមិនបានទាន់បានបើកឱ្យដំណើរការទេនៅក្រោយថ្ងៃបុណ្យភ្ជុំ។
លុះការហូបចុកបានមួយសន្ទុះលោក ថ្លាង ភិនរ៉ា ដើរចូលមកដោយគ្មានការអញ្ជើញ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុអនុញ្ញាតឱ្យគាត់អង្គុយហូបជាមួយគ្នា។ ការហូបចុកបានបន្តរហូតដល់ម៉ោងប្រមាណ ២ រសៀល មិត្តភក្តិមួយចំនួនបានត្រឡប់ទៅផ្ទះអស់នៅសល់មនុស្សប្រមាណ ៥ នាក់រួមមាន ២ នាក់ប្ដីប្រពន្ធ។ ពេលនោះលោក ភិនរ៉ា មានអាការស្រវឹងស្រាក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុលនៅខាងមុខហាងគុយទាវ។
លើសពីនេះលោក ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញឱ្យបិទហាងគុយទាវនេះថែមទៀតផង។ ក្រោយមានការលើកឡើងបែបនេះ ជនរងគ្រោះជាប្ដីបានឆ្លើយតបទៅវិញដោយអះអាងថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអ្វីនោះទេ ហេតុអ្វីក៏ចង់បិទហាង?
ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ភិនរ៉ា បានដកកាំភ្លើងពីចង្កេះរួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើម្ចាស់ហាង ២ នាក់ប្ដីប្រពន្ធ។ មិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់ទេ លោក ភិនរ៉ា បានប្រើពាក្យសម្តីធ្ងន់ៗគំរាមសម្លាប់ បើទោះបីជាមានការហាមឃាត់ពីមិត្តភក្តិនៅទីនោះក៏ដោយ។
ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញមិនអាចទាក់ទងលោក ថ្លាង ភិនរ៉ា ដើម្បីសុំការអត្ថាធិប្បាយបានទេ៕
វីដេអូ៖