ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ជាច្រើនរូប​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​ឲ្យ​ពង្រឹង និង​បង្កើន​ការត្រួតពិនិត្យ​រាល់​ចលនា​របស់​ឧទ្ទាម​ក្រៅ​ច្បាប់​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ បើ​មាន​សកម្មភាព​ត្រូវ​កម្ចាត់​ចោល​ភ្លាមៗ ដើម្បី​រក្សា​សន្តិភាព​។

លោក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ​បាន​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ត្រូវ​ចូលរួម​សហការ ទន្ទឹម​គ្នា​នេះដែរ​លោក​ ខេង សុមេធ មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​ ៤ និង​ទី​ ៥ ក៏បាន​ធ្វើការ​ណែនាំ​ដល់​​នគរបាល​អន្តរាគមន៍​ព្រំដែន និង​នគរបាល​តម្រួត​បទបញ្ជា​ទាំងអស់​ត្រូវ​តែ​កម្ចាត់​ចោល​ភ្លាម​ចំពោះ​ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់​។

ការពង្រឹង​សន្តិសុខ​នៅតាម​ព្រំដែន​កម្ពុជា-ថៃ​ធ្វើឡើង​ក្រោយ​ពេល​ដែល​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ដោយ​ករណី​ដោយឡែកៗ​ពីគ្នា ព្រមទាំង​ជាប់ចោទ​ទោស​ក្បត់ជាតិ​បាន​ប្រកាស​ជារឿយៗ​ថា​នឹង​វិលត្រឡប់​មក​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី ៩ ខែ​វិច្ឆិកា​ ដោយ​អំពាវនាវ​ដល់​អ្នកគាំទ្រ​បក្ស​​ប្រឆាំង​ចូលរួម​ធ្វើ​ចលនា ដោយ​បាន​អះអាង​ថា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ផ្ដល់​សេរីភាព​ដល់​ពលរដ្ឋ​វិញ ខណៈ​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ទង្វើ​របស់​លោក សម រង្ស៊ី គឺជា​ចេតនា​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​បក្ស​ដែល​កំពុង​កាន់អំណាច​ស្របច្បាប់​តាមរយៈ​ការបោះឆ្នោត​។

លោក ឆាយ គឹមខឿន បាន​ថ្លែងថា​៖ «​កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឱ្យ​បាន​ជាដាច់ខាត មិន​តែ​ប៉ុណ្ណោះ​ត្រូវតែ​ពន្យល់​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​យល់ដឹង​ពី​តម្លៃ​សន្តិភាព បើ​បាត់បង់​សន្តិភាព​នោះ​ហើយ​ប្រទេស​ជាតិ​នឹង​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​នៃ​សង្គ្រាម​សាជាថ្មី​»​។

ខណៈ​លោក ខេង សុមេធ អគ្គស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​ ៤ និង​ទី​ ៥ កាលពី​ព្រឹក​ថ្ងៃទី​ ៣០ ខែ​តុលា ឆ្នាំ​ ២០១៩ ​នេះ​នៅ​អង្គភាព​នគរបាល​អន្តរាគមន៍ រាជធានី-ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​ដល់​នគរបាល អន្តរាគមន៍ នគរបាល​ការពារ​ព្រំដែន​គោកទឹក និង​នគរបាល​តម្រួត​បទបញ្ជា​ទាំងអស់​ត្រូវ​តែ​កម្ចាត់​ចោល​ភ្លាម​ចំពោះ​ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​របប​រាជានិយម និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ​ពី​ការបោះឆ្នោត​។

លោក ខេង សុមេធ បាន​ថ្លែង​ថា​៖ «​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី មានការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ផ្តួលរំលំ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​ទង្វើ​ទាំងនេះ​គឺ​បង្ហាញ​ឲ្យ​ឃើញថា ពួក​ទាំងនោះ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​បង្ក​អសន្តិសុខ​នៅ​ផ្ទៃក្នុង​ប្រទេស​ដូចជា ការប៉ុនប៉ង​ធ្វើឃាត​ថ្នាក់ដឹកនាំ ការគ្រោង​បង្កើត​តំបន់​អប្បគមន៍​នៅតាម​ព្រំដែន ការពង្រឹង​ខ្សែរយៈ​ចាត់តាំង ការជ្រើសរើស​សកម្មជន​តាម​ខេត្ត ការញុះញង់ កៀរគរ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ ពលករ និង​ពលរដ្ឋ ការប្រើ​សង្គ្រាម​ចិត្តសាស្ត្រ ដើម្បី​បំពុល​ព័ត៌មាន​តាម​សង្គម​អ្វី​ជាដើម​នោះ ហើយ​ក្នុងនាម​យើង​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​អ្នក​ការពារ​​ប្រជាជន និង​ប្រទេសជាតិ​នោះ​ត្រូវតែ​កម្ចាត់​ឲ្យ​បាន​ចំពោះ​ក្រុម​ក្បត់ជាតិ​ទាំងនោះ​»​។

លោក សុមេធ បាន​ឲ្យ​ដឹងថា​៖ «​កងកម្លាំង​ប្រដាប់អាវុធ គឺ​ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ត្រូវ​ត្រៀម​ខ្លួន​គ្រប់​ពេលវេលា ដើម្បី​ទទួល​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​ដាក់ជូន ខណៈ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ព្យាយាម​ធ្វើ​សកម្មភាព​ណាមួយ​ដែល​នាំឲ្យ​ប្រទេសជាតិ​មាន​ភាពវឹកវរ​ជាដើម​នោះ​»​។

ដាច់​ដោយឡែក​ពីនេះ​ដែរ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​ ១ ខែ​វិច្ឆិកា​នឹងមាន​ការ​ចល័ត​កងកម្លាំង​ប្រដាប់អាវុធ​ដើម្បី​ចូលរួម​ហ្វឹកហាត់​រួមគ្នា​ជាមួយ​កងកម្លាំង​ឈរជើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​។

ក្នុង​សេចក្ដី​ជូនដំណឹង​មួយ​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ដែល​ចុះ​ថ្ងៃទី​ ៣០ ខែ​តុលា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា​នឹង​មាន​ការចល័ត​កម្លាំង​ចេញពី​បញ្ជាការ​ទិស​ទី​ ១ ​បន្ទាយមានជ័យ និង​ពី​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ឆ្ពោះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

ក្រោយពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា មាន​ពលរដ្ឋ​ខ្មែរ​ដែល​​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាច្រើន​​បាន​ចាកចេញ​ចូលមក​កម្ពុជា​នោះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៣០ តុលា បាន​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​នេះ​បងប្អូន​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​កំពុង​បម្រើ​ការងារ​តាម​ធម្មតា​ពុំ​មាន​ការធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​​ជា​គំហុក​ដូច​ដែល​សារព័ត៌មាន​មួយ​ចំនួន​បាន​ធ្វើការ​ចុះផ្សាយ​នោះទេ​។ ជាង​នេះ​ទៅ​ទៀត​ភាគី​ថៃ​ក៏​កំពុងតែ​ដំណើរការ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ និង​បណ្ណ​អនុញ្ញាត​ការងារ​ជូន​ដល់​បងប្អូន​ពលករ​អាច​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​បន្តទៀត​បាន​រហូត​ដល់ ឆ្នាំ​ ២០២២»​។

ទូត​ខ្មែរ​នៅ​ថៃ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលករ​ទាំងអស់​រក្សា​ភាពស្ងៀមស្ងាត់ និង​បន្ត​អនុវត្ត​ការងារ​ជាធម្មតា កុំ​ជឿ​តាម​ការផ្សព្វផ្សាយ និង​ការញុះញង់​របស់​សារព័ត៌មាន​មួយចំនួន​ដែល​ជា​ហេតុ​បង្ក​ឱ្យ​បងប្អូន​ខាតបង់​​ថវិកា ពេលវេលា និង​អាច​ត្រូវ​និយោជក​បញ្ឈប់​ពី​ការងារ​ទៀតផង​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​ចាត់ទុក​ការណែនាំ​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​អគ្គស្នងការរង​នគរបាលជាតិ ហើយ និង​ការចល័ត​កម្លាំង​ថា ជា​ការប្រតិកម្ម​ហួសហេតុ​ទៅ​នឹង​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​នេះ​វា​ជា​រឿង​មួយ​ដែល​ហួសហេតុ​។ ការបង្ហាញ​កម្លាំង​ដើម្បី​បង្ក្រាប​ទៅលើ​អ្នកគាំទ្រ​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា វា​គឺ​ការគំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហើយ​នឹង​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​»​។

លោក ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​បាន​ថ្លែងថា យុទ្ធនាការ​របស់​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ​បាននិង​កំពុង​ធ្វើឲ្យ​ស្ថានភាព នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​អាច​ប្រឈមមុខ​នឹង​ការបាត់បង់ EBA និង​ GSP ដូច្នេះ​រាជរដ្ឋាភិបាល​គួរតែ​បង្ក​បរិយាកាស​នយោបាយ​ល្អប្រសើរ​​ដើម្បី​ថែរក្សា​ EBA និង​ GSP​។

លោក ឯម សុវណ្ណារ៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ផងដែរ​ថា​៖ «​កាលណា​បង្កើន​ការហ្វឹកហ្វឺន វា​បញ្ជាក់​នូវ​រូបភាព​មួយ​មិនល្អ​សម្រាប់​បរិយាកាស​សុវត្ថិភាព សន្តិសុខ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ក្តីបារម្ភ ខណៈ​ថ្ងៃទី​ ៩ វិច្ឆិកា ខិតជិត​មក​ដល់​មាន​ប្រជាជន​ខ្លះ​បាន​ធ្វើ​ដំណើរ​វិល​ឡប់​ទៅ​ស្រុក​កំណើត​វិញ​។ នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន រាជរដ្ឋាភិបាល​គួរតែ​ស្វែងរក​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​ជា​អំណះអំណាង​ទៅ​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ក្នុង​ការរក្សា EBA និង GSP ហើយ​បើ​កម្ពុជា​នៅ​តែ​បន្ត​បង្ហាញ​ស្ថានភាព​តានតឹង​បែបនេះ EBA និង​ GSP ​អាច​ប្រឈម​នឹង​ការបាត់បង់​»៕