ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានណែនាំឲ្យមន្ត្រីក្រោមឱវាទធ្វើផែនការសកម្មភាពបន្ទាន់ ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ដោយត្រួតពិនិត្យ និងអនុវត្តវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ទៅតាមស្ថានភាពជាក់ស្តែង។
លោក នេត សាវឿន កាលពីថ្ងៃទី ២៩ ខែមេសានេះបានណែនាំឲ្យអគ្គស្នងការរង ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការរាជធានីខេត្ត ត្រូវកសាងផែនការសកម្មភាព និងចាត់តាំងអនុវត្តជាបន្ទាន់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា នូវរាល់សកម្មភាពនៃការនាំមនុស្សចេញចូលឆ្លងដែនដោយខុសច្បាប់រួមទាំង ការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ឬក៏ចល័តបំពានវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «ផែនសន្តិសុខ ផែនយុត្តិធម៌ ផែនការពារព្រំដែន និងផែនជំនាញពាក់ព័ន្ធត្រូវកសាងផែនការជំនាញសំដៅ ចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ និងអំពើរត់ពន្ធមនុស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់»។
តាមរយៈសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ លោក នេត សាវឿន បានប្រាប់ទៅស្នងការនគរបាលខេត្តជាប់ព្រំដែនទាំងអស់ត្រូវសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីពិគ្រោះយោបល់ កំណត់បែងចែកភូមិសាស្ត្រទទួលខុសត្រូវក្នុងការពង្រាយកម្លាំងត្រួតពិនិត្យ ការរៀបចំកម្លាំងឈរជើង បន្ថែមលើគោលដៅក្នុងភូមិសាស្ត្រ ស្មុគស្មាញ ការរាំងខ្ទប់ និងលុបបំបាត់ច្រកក្រៅផ្លូវការ។ សកម្មភាពទាំងនេះគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចនាំមនុស្សចេញ ចូលឆ្លងកាត់ព្រំដែនខុសច្បាប់ និងបទល្មើសនានាឆ្លងតាមព្រំដែន ព្រមទាំងសហការស្រាវជ្រាវ បង្ក្រាប តាមចាប់មេក្លោង មេខ្យល់ ក្នុងប្រទេសយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។
លោក នេត សាវឿន បញ្ជាក់ថា៖ «ក្នុងករណីរកឃើញការជ្រៀតចូលរបស់ជនបរទេសដោយខុសច្បាប់នៅត្រង់ចំណុចណាមួយនៃខ្សែបន្ទាត់ព្រំដែន ត្រូវធ្វើការបណ្តេញចេញនៅហ្នឹងកន្លែងត្រង់ចំណុចនោះ។ ប៉ុន្តែក្នុងករណីរកឃើញនៅតាមភូមិសាស្ត្រខាងក្នុងនៃទឹកដីកម្ពុជាត្រូវឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័កស្របតាមវិធានសុខាភិបាលព្រមទាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់»។
ជាមួយគ្នានោះ គ្រប់ស្នងការដ្ឋាននគរបាលរាជធានីខេត្តត្រូវពង្រឹងកិច្ចការសំខាន់ៗមួយចំនួនដូចជា ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការជំរុញការងារផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង និងចូលរួមក្នុងការបង្ការ ទប់ស្កាត់សកម្មភាពនាំមនុស្ស ឆ្លងដែនដោយខុសច្បាប់ និងលួចនាំជនបរទេសចល័តចូលនៅមូលដ្ឋាន បំពានទៅនឹងវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្រ។
សេចក្តីណែនាំសរសេរថា៖ «នគរបាលរាជធានីខេត្តត្រូវគ្រប់គ្រង ត្រួតពិនិត្យចំពោះការស្នាក់នៅ ការចល័តចេញ ចូល របស់ពលរដ្ឋនៅតាមមូលដ្ឋាន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបំពានទៅនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ភូមិសាស្ត្រ»។
ក្រៅពីនេះ លោក នេត សាវឿន ក៏បានបញ្ជាអគ្គស្នងការរងដែលត្រូវបានចាត់តាំងឲ្យទទួលខុសត្រូវមុខព្រួញទិសភូមិភាគ ត្រូវធ្វើជាសេនាធិការជូនអគ្គស្នងការនគរបាលជាតិក្នុងការចង្អុលដឹកនាំកម្លាំងក្រោមឱវាទដោយត្រូវ តាមដានត្រួតពិនិត្យជាប្រចាំចំពោះការចាត់តាំងអនុវត្តផែនការសកម្មភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបេសកកម្មនាំមនុស្ស ឆ្លងដែនដោយខុសច្បាប់ និងការលួចនាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។ ប៉ុន្តែសកម្មភាពនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរទទួលទានស្របច្បាប់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនឡើយ៕