ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បញ្ជាឲ្យនាយកដ្ឋានកណ្ដាលសន្ដិសុខ ស្រាវជ្រាវរកអ្នកបន្តលួចបើកហ្គេមអនឡាញប្រព្រឹត្តខុសនឹងសារាចររបស់រដ្ឋាភិបាល ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ក្រោយពីក្រសួងប្រៃសណីយ៍ និងនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិបិទចោលគេហទំព័របើកហ្គេមអនឡាញចំនួន ៦។
អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយនៅចុងសប្ដាហ៍មុនថា គេហទំព័រចំនួន ៦ ដូចជាគេហទំព័រ www.v89bet.comwww.ibc2888.com www.sbc369.net www.asb365.com www.a28bet.com និង www.afb1188.com ត្រូវបាននាយកដ្ឋានកណ្ដាលសន្ដិសុខ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សហការគ្នាបិទចោល ដោយសារបានបើកឱ្យលេងល្បែងតាមអនឡាញខុសច្បាប់។ ការបិទល្បែងតាមអនឡាញនេះ គឺដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបន្តថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានបញ្ជាឱ្យស្រាវជ្រាវរកអ្នកដែលនៅពីក្រោយនៃការបើកហ្គេមអនឡាញទាំងនោះផងដែរ។
រដ្ឋាភិបាលបានចេញសារាចរហាមការបើកហ្គេមអនឡាញគ្រប់ប្រភេទដោយអះអាងថា ហ្គេម អនឡាញផ្ដល់ផលប្រយោជន៍តិចតួចដល់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែបានផ្ដល់ប្រយោជន៍ធំធេងសម្រាប់ការលាងលុយកខ្វក់ ក្រុមម៉ាហ្វីយ៉ា និងក្រុមភេរវករជាដើម ខណៈការបើកហ្គេមអនឡាញទាំងនោះ គឺភាគច្រើនជាអ្នកវិនិយោគជនជាតិចិន។
កាលពីថ្ងៃទី ២៨ មិថុនា លោក ឆាយ គឹមខឿន មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ការបើកហ្គេមអនឡាញភាគច្រើន គឺមានមេកើយនៅក្រៅប្រទេស និងមានបណ្ដាញនៅក្នុងប្រទេស។ លោកថា នៅពេលអាជ្ញាធររកឃើញបណ្ដាញទាំងនោះ មន្ត្រីនឹងចេញផ្សាយព័ត៌មានបន្ថែមជាមិនខាន។
លោកថា៖ «អាហ្គេមអនឡាញនេះប្រសិនបើគ្មានបណ្ដាញនៅក្នុងប្រទេសក៏រកស៊ីអត់បានដែរ។ វាអាចមានមេខ្លោងនៅក្រៅប្រទេស និងបណ្ដាញនៅក្នុងប្រទេស អាហ្នឹងវាសហការគ្នាអ៊ីចឹង»។
លោក អ៊ឹម វុត្ថា សមាជិកនិយតករទូរគមនាគមន៍កម្ពុជានៃក្រសួង ប្រៃសណីយ៍ថ្លែងថា គេហទំព័របើកហ្គេមអនឡាញទាំងនោះ គេបើកនៅក្រៅប្រទេស។ ប៉ុន្តែលោកមិនដឹងថា នៅប្រទេសណាមួយឡើយហើយគេហទំព័រទាំង ៦ នោះត្រូវបាននាយកដ្ឋានកណ្ដាលសន្ដិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិស្នើមកឱ្យក្រសួង ប្រៃសណីយ៍បិទកុំឱ្យបើកមើលឃើញនៅកម្ពុជាទៀត។ ប៉ុន្តែគេហទំព័រទាំងនោះនៅតែអាចមើលឃើញនៅក្រៅប្រទេសដដែល។
លោកបញ្ជាក់ថា៖ «ប្រតិបត្តិករនីមួយៗបានធ្វើការងារហ្នឹងកាលពីអាទិត្យមុននេះទេ អ៊ីចឹងបិទជាបណ្ដើរៗហើយ យើងបិទមិនទាន់អស់ទេ។ យើងគ្មានសិទ្ធិទៅបិទគេហទំព័រទាំងហ្នឹងទេ ដោយសារជាគេហទំព័របរទេស»។
លោក ង៉ែត ម៉ូសេ ទីប្រឹក្សាផ្នែកសន្ដិសុខឌីជីថលនិយាយថា ថ្វីដ្បិត រដ្ឋាភិបាលបិទមិនឱ្យអាសយដ្ឋាន អ្នកលេងនៅកម្ពុជាអាចបើកចូលទៅក្នុងវេបសាយហ្គេមអនឡាញទាំងនោះបានមែន ប៉ុន្តែអ្នកលេងមួយចំនួននៅក្នុងប្រទេសនៅតែអាចមានបច្ចេកទេសចូលទៅកាន់ វេបសាយនោះដដែល ដោយប្រើប្រាស់ឧបករណ៍មួយចំនួន។
លោកថ្លែងថា៖ «វេបសាយមិនមែនបើកនៅស្រុកយើងទេ គឺគេបើកនៅកន្លែងណាក៏បានដែរ ប៉ុន្តែអ្នកលេងនៅយើងដែលចង់ចូលទៅលេងនៅក្នុងវេបសាយហ្នឹង គឺត្រូវប្រើប្រាស់ឧបករណ៍ ឬ Software មួយចំនួន ដើម្បី by past គឺ [ការរំលងអាការរាំងខ្ទប់] មិនឱ្យបើក [វេបសាយ] នៅក្នុងស្រុកយើងហ្នឹង»។
លោកទីប្រឹក្សារូបនេះបានបន្តថា រដ្ឋាភិបាលពិបាកក្នុងការបិទមិនឱ្យមានការលេងល្បែងតាមអនឡាញទាំងស្រុងនៅក្នុងប្រទេស ហើយការបិទមិនឱ្យមានវេបសាយទាំងនោះ គឺត្រូវការស៊ើបអង្កេតរយៈពេលយូរ។
លោក ង៉ែត ម៉ូសេ បានបញ្ជាក់ថា៖ «ការបិទរាំងខ្ទប់មិនឱ្យចូលទៅវេបសាយទាំងនោះ ជាទូទៅគឺយើងធ្វើតែឯងអត់កើតទេ។ ឧទារហណ៍គេបង្ហោះវេបសាយហ្នឹងនៅកន្លែងណា [យើង] ត្រូវទៅដល់ប្រទេសហ្នុង ហើយត្រូវមើលច្បាប់ក្នុងប្រទេសហ្នុង ថា តើគេបិទវេបសាយគឺបិទយ៉ាងម៉េច ព្រោះជួនកាលហ្គេមហ្នឹងយើងមិនឱ្យលេង តែគេឱ្យលេង»។
កាលពីថ្ងៃទី ២២ មិថុនានៅពេលជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និយាយថាចាប់ពីខែមីនា ឆ្នាំ ២០១៩ ដែលប្រទេសទាំង ២ មានកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងល្បែងស៊ីសងលើបណ្ដាញអ៊ីនធឺណិតមកនោះ ការឆបោកលើបណ្ដាញទូរស័ព្ទ ការអន្តរាគមន៍ចាប់អ្នករត់គេច និងការប្រឆាំងគ្រឿងញៀនជាដើមទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
លោកបន្ថែមថា ការបិទមិនឱ្យមានអាជីវកម្មល្បែងភ្នាល់លើប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលកម្ពុជាបានជួយទៅដល់បរិយាកាសវិនិយោគនៅក្នុងប្រទេសនេះ៕
វីដេអូ៖