ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ព្រមាន​ទៅ​ស្នងការ​នគរបាល​គ្រប់​រាជធានី-ខេត្ត​ ឱ្យ​ដក​បារ៉ាស់​ទាំងអស់​ចេញពី​តាម​ដងផ្លូវ​វិញ ខណៈ​ដែល​លោក​លើកឡើង​ថា មាន​មន្ត្រីនគរបាល​ចរាចរណ៍​នៅក្នុង​ខេត្ត​មួយចំនួន​បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ខុស​ទៅនឹង​គោលការណ៍​ណែនាំ​របស់​ថ្នាក់លើ​។

សារ​ជា​សំឡេង​បែកធ្លាយ​ដែល​ត្រូវបាន​គេ​ចែកចាយ​តៗ​គ្នា​តាម​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ម្សិលមិញ លោក នេត សាវឿន បាន​ព្រមាន​ថា ស្នងការ​គ្រប់​រាជធានី-ខេត្ត​ ទាំងអស់​នឹង​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ប្រសិន​បើ​ក្នុង​ខេត្ត​របស់ខ្លួន​នៅតែ​ដាក់​បារ៉ាស់ និង​ហៅ​យានយន្ត​របស់​ពលរដ្ឋ​មក​ត្រួតពិនិត្យ ទាំង​ដែល​អ្នកបើកបរ​មិនបាន​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​។

លោក​បញ្ជាក់ថា​៖ «​ស្នងការ​រាជធានី-ខេត្ត និយាយ​គ្នា​ឡើងវិញ​ចុងក្រោយ​ ទី​១ ឈប់​ដាក់​បារ៉ាស់​តាម​ផ្លូវ​​ ទី​២ បាន​និយាយ​ច្បាស់​ជាមួយ​គ្នា​ហើយ​ថា ទាល់តែ​ល្មើស​បាន​យើង​ហៅ​គេ​ពិនិត្យ​។ ឥឡូវ​ហ្នឹង បងប្អូន​គេ​រាយការណ៍​មក​ថា នៅតាម​ផ្លូវ ពិសេស​នៅ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ឡាន​គេ​អត់​ល្មើស​ក៏​ហៅ​គេ​ចូល​ច្រក​បារ៉ាស់​ដែរ ហើយ​បាន​ឱ្យ​ទៅ​។ ឥឡូវ​ម៉ោង​ហ្នឹង​ព្រឹក​ហ្នឹង​ (២៦ ឧសភា​) ដក​បារ៉ាស់​ចេញ​ឱ្យអស់ គ្រប់​ផ្លូវជាតិ​ទាំងអស់​ និង​គ្រប់​ខេត្ត​។ ស្នងការ លោក​ឯង​ដើរ​មើល ហើយ​ខេត្ត​ណា​នៅ​មាន​ទៀត​ គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​»​។

កាលពី​ថ្ងៃ​ម្សិលមិញ លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​អ្នក​ដែល​បាន​ធ្វើឱ្យ​បែកធ្លាយ​សំឡេង លោក នេត សាវឿន ដោយ​លោក​បញ្ជាក់ថា សំឡេង​នោះ​គឺជា​បទបញ្ជាផ្ទៃក្នុង​។

ប៉ុន្តែ​លោក​បញ្ជាក់ថា ការបញ្ជា​របស់លោក នេត សាវឿន នេះ​គឺ​ដោយសារ​នគរបាល​ចរាចរណ៍​បាន​អនុវត្ត​យុទ្ធនាការ រឹតបន្តឹង​ចរាចរណ៍​ខុស​ទៅនឹង​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ដែល​បាន​កំណត់​ឱ្យ​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​ល្មើសច្បាប់​ចំនួន ៧ ​ចំណុច និង​អ្នកបើកបរ​រថយន្ត​លើ្មស​ច្បាប់​ចំនួន​ ៩ ​ចំណុច​ប៉ុណ្ណោះ ដោយ​មិន​បាន​ចេញ​គោលការណ៍​ឱ្យ​ឃាត់​ត្រួតពិនិត្យ​តាមបែប​រដ្ឋបាល​ដូចជា​ការដាក់​បារ៉ាស់​នៅតាម​ដងផ្លូវ​នោះទេ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​បងប្អូន​ (​នគរបាល​) ​បាន​ដាក់​បារ៉ាស់​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។ បើ​គេ​អត់​ល្មើស​ទេ គឺ​ឱ្យ​គាត់​ធ្វើ​ចរាចរណ៍​ចុះ ប៉ុន្តែ​បើ​គាត់​បើកឡាន​ប្រើ​ទូរស័ព្ទ​ និង​អត់​ដាក់​ខ្សែក្រវាត់ ឬ​ជ្រែរញ៉េញ៉ៃ ដែល​គំរាមកំហែង​សុវត្ថិភាព​នៅតាម​ដងផ្លូវ អាហ្នឹង​បាន​នគរបាល​ចរាចរណ៍​ហៅ​ត្រួតពិនិត្យ និង​ផាកពិន័យ​រួមទាំង​មាន​សិទ្ធិ​ត្រួតពិនិត្យ​មើល​បណ្ណ​ ឬ​លិខិត​ឆៀក​អី​ផ្សេងទៀត​»​។

ទោះជា​យ៉ាងណា​លោក ឆាយ គឹមខឿន ​អះអាង​ថា ថ្វីដ្បិត​មានការបញ្ជា​ឱ្យ​ដក​បារ៉ាស់​ទាំងអស់​ចេញ​ពី​តាមផ្លូវ​ក្ដី ប៉ុន្តែ​ប៉ូលិស​នៅតែ​ត្រូវបាន​ដាក់ពង្រាយ​ដូចដើម​នៅ​តាម​ដងផ្លូវ ដើម្បី​តាមឃ្លាំមើល​ការបើកបរ​ដែល​ល្មើស​ទៅនឹង​ច្បាប់​ចរាចរណ៍​។

កាលពី​កន្លងមក​លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្លែងថា នគរបាល​ចរាចរណ៍ គឺ​បាន​កំណត់​បទល្មើស​ចរាចរណ៍​ជា​អាទិភាព​ចំនួន​ ៧ សម្រាប់​អ្នកបើកបរ​ម៉ូតូ និង​ ៩ ​ចំណុច​សម្រាប់​អ្នក​បើកបរ​រថយន្ត​ដែល​ត្រូវ​រឹតបន្តឹង​ដូចជា​អ្នកបើកបរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ស្រវឹង មិន​គោរព​ភ្លើង​សញ្ញា​ និង​ស្លាក​សញ្ញា ល្មើស​ការបត់ និង​វ៉ាជែង ដឹក​លើស​ចំណុះ គ្មាន​ស្លាក​លេខ ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស គ្មាន​បណ្ណ​បើកបរ មិន​ពាក់​ខ្សែក្រវាត់​។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា លោក​បាន​បញ្ជា​ឱ្យ​ដក​បារ៉ាស់​ចេញពី​តាម​ដងផ្លូវ​ទាំងអស់​ចាប់ពី​ថ្ងៃទី​ ២៦ ខែឧសភា​តទៅ បន្ទាប់ពី​ទទួល​បាន​បញ្ជា​ពី​លោក នេត សាវឿន​។ ប៉ុន្តែ​លោក​បន្តថា កងកម្លាំង​គឺ​នៅតែ​ដាក់ពង្រាយ​តាមផ្លូវ ដើម្បី​ចាំ​ឃាត់​ក្នុងករណី​មាន​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ និង​ដើម្បី​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​។

លោក​ថា​៖ «​ខ្ញុំ​ជា​មន្ត្រីនគរបាល​នៅក្នុង​ខេត្ត​ គឺ​ត្រូវតែ​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់លើ​។ ពីមុនមក​មាន​ដាក់​បារ៉ាស់ ប៉ុន្តែ​ចាប់ពី​ម៉ោង​នេះ​ទៅ គឺ​អត់​មាន​ទេ​។ កាលពីមុន​យើង​ដាក់​បារ៉ាស់​ហ្នឹង​ក៏​ដើម្បី​ឆែក និង​ដើម្បី​បាញ់​វាស់​កម្ដៅ​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ខេត្ត​ខ្ញុំ​ដើម្បី​រក​កូវីដ​»​។

រដ្ឋាភិបាល​បានចាប់ផ្ដើម​អនុវត្ត​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​ឧសភា ដើម្បី​ផាកពិន័យ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ ដោយ​ការផាកពិន័យ​បាន​កើនឡើង​ទៅ​ដល់​ពី​ ៣ ​ទៅ​ ៥ ​ដង​នៃ​អនុក្រឹត្យ​ចាស់​ដើម្បី​ធ្វើយ៉ាងណា កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ និង​របួស​ជា​អតិបរមា​ក្នុង​ឆ្នាំ​ ២០២០ ​បន្ទាប់ពី​បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​ឆ្នាំ​ ២០១៩​។

តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ២៤ ខែឧសភា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១៦៤ ​លើក​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ៩០ ​នាក់ និង​របួស​ធ្ងន់ធ្ងរ​ចំនួន ២៣០ ​នាក់​។

កាលពី​ថ្ងៃទី​ ១៥ ​ឧសភា​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែងថា ចាប់តាំងពី​មាន​ការរឹតបន្តឹង​ច្បាប់​រយៈពេល​ ២ ​សប្ដាហ៍​ក្នុង​ខែឧសភា ​នេះ​គឺ​បានធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​មាន​ការថយចុះ​គួរឱ្យ​កត់សម្គាល់​៕