ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចេញ​សេចក្ដីណែនាំ​ដល់​នគរបាល​ទូទាំង​ប្រទេស​ឲ្យ​ត្រៀមកម្លាំង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ជា​វិធានការ​ស្ថិរភាព​សន្តិសុខ និង​ត្រួតពិនិត្យ​ចំនួន​ជាក់លាក់​នៃ​ការប្រមូលផ្ដុំ​ដែល​អាច​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ​១៩​។

ពិធីបុណ្យ​ចូលឆ្នាំ​នឹង​ចាប់ផ្ដើម​រយៈពេល​ ៤ ​ថ្ងៃ​ពី​ថ្ងៃ​ទី​ ១៣-១៦ ខែ ​មេសា ឆ្នាំ​ ២០២០​។

លោក នេត សាវឿន បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ណែនាំ​ថា​៖ «(​សេចក្ដី​ណែនាំ​នេះ​) ដើម្បី​ចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​វិធានការ បង្ការ ទប់ស្កាត់ ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩»​។

យោង​តាម​សេចក្តីណែនាំ​របស់​អគ្គស្នង​ការនគរបាល​ជាតិ​ចុះ​ថ្ងៃទី​ ៣ ខែ​មេសា បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​អង្គភាព​ជំនាញ​ចំណុះ​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​គ្រប់​រាជធានី ខេត្ត ទូទាំង​ប្រទេស​ទាំងអស់​ត្រូវ​កសាង​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​តាម​ជំនាញ និង​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​។

សេចក្តី​ណែនាំ​ដដែល​បន្តថា គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​ក្តាប់​សភាពការណ៍​ឲ្យ​បាន និង​បង្ក្រាប​រាល់​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម សកម្មភាព​ប៉ុនប៉ង​បង្កចលាចល​សង្គម និង​បទល្មើស​ផ្សេងៗ​ទៀត​ដោយ​ហាម​មិន​ឲ្យ​មាន​អំពើ​ឆក់ លួច ប្លន់ ការជួញដូរ​គ្រឿងញៀន ក្មេង​ទំនើង ល្បែងស៊ីសង និង​ល្បែង​ច្រក​ថង់​ទឹក​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ជាដើម​។

សេចក្តី​ណែនាំ​បញ្ជាក់ថា​៖ «​ត្រូវ​ត្រៀម​លក្ខណសម្បត្តិ​ទាំង​កម្លាំង​អន្តរាគមន៍ និង​មធ្យោបាយ​សម្ភារ​សំដៅ​រួមចំណែក​ក្នុង​ការអនុវត្ត​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ គ្រប់​ថ្នាក់​»​។

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​លើកឡើង​ក្នុង​សេចក្តីណែនាំ ថា​កម្លាំង​នគរបាល​ទូទាំង​ប្រទេស​ត្រូវ​ទប់ស្កាត់​រាល់​ការប្រមូលផ្ដុំ​ជួបជុំ​រៀបចំ​កម្មវិធី​កម្សាន្ដ​បែប​ប្រពៃណី ពិធីជប់លៀង​រាំកម្សាន្ដ​នៅតាម​ទីសាធារណៈ និង​តាម​សហគមន៍​។

លោក​បញ្ជាក់ថា រាល់​ការជួប​តាមបែប​សាសនា ឬ​តាម​រូបភាព​ណាក៏ដោយ ត្រូវតែ​ធ្វើការ​ហាមឃាត់ លើកលែង​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​រូបភាព​តូចៗ​តាម​គេហដ្ឋាន នោះ​នឹង​មិន​ត្រូវបាន​ហាមឃាត់​នោះឡើយ​។

លោក​បន្ថែមថា​៖ «​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្តាប់​អំពី​វត្តមាន និង​ស្ថានភាព​របស់​ពលករ​ចំណាកស្រុក​ដែល​វិលត្រឡប់​មកពី​ក្រៅប្រទេស ដើម្បី​បន្ត​អប់រំ និង​តាមដាន​ការអនុវត្ត​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការបង្ការ ទប់ស្កាត់​ការឆ្លង​​រាលដាល​ជំងឺ​កូវីដ​ ១៩​។ មាន​វិធានការ​សង្គ្រោះ​ក្នុង ខណៈ​ពេលដែល​រកឃើញ​ពលរដ្ឋ​ណា​ម្នាក់​មាន​ការសង្ស័យ ឬ​មាន​សញ្ញា​ផ្ទុក​ជំងឺ កូវីដ​ ១៩»​។

ក្រៅពី​នេះ​លោក នេត សាវឿន ក៏បាន​ណែនាំ​ឲ្យ​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ដោះស្រាយ​នូវ​រាល់​សំណូមពរ​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ គ្រប់​ថ្នាក់​ឲ្យ​បាន​ទាន់​ពេលវេលា ពិសេស​ការដាក់​កម្លាំង​ការពារ​តាម​គោលដៅ​អាទិភាពដូចជា មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និង​គោលដៅ​ដាក់​ឲ្យ​នៅ​ដោយឡែក​ដែល​ត្រូវបាន​កំណត់ដោយ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

លោក ដួង តេង អធិការ​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ស្រុក​របស់​លោក​បាន​ត្រៀម​​កម្លាំង​ប្រចាំការ​រួចជាស្រេច ដើម្បី​ចេញ​អន្តរាគមន៍​រាល់​បាតុភាព​ដែល​កើតមានឡើង​ក្នុង​អំឡុង​ពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។

លោក​បន្តថា​៖ «​ខ្ញុំ​បាន​ត្រៀមកម្លាំង​អន្តរាគមន៍ ៣០ ​នាក់ និង​តាម​ប៉ុស្តិ៍​នោះ​គឺ​ត្រៀម ៥ ​នាក់​ ដើម្បី​ត្រៀម​ចរាចរណ៍ សណ្តាប់ធ្នាប់ និង​នៅពេល​មាន​ហេតុការណ៍​ភ្លើង​ឆេះ​អី​ផ្សេងៗ​ដោយ ២៤ ម៉ោង​ លើ​ ២៤ ម៉ោង​។ ចំណែក​បញ្ហា​ការជួប​ប្រមូលផ្តុំ ខ្ញុំ​គិតថា​ប្រជាពលរដ្ឋ​មាន​ការយល់​ច្រើនណាស់ គាត់​នឹង​មិន​មាន​ការប្រមូលផ្តុំ​អី​ច្រើន ក្រៅពី​ការជួបជុំ​គ្រួសារ​គាត់​ទេ ព្រោះ​គាត់​មាន​ការយល់ដឹង​ខ្លួន​ឯង​»​។

ប៉ុន្តែ​យ៉ាងណា​លោក ដួង តេង បាន​អះអាង​ថា ក្នុង​នាម​កងកម្លាំង​ការពារ​សុវត្ថិភាព​សង្គម​នឹង​ត្រៀមខ្លួន​ជានិច្ច និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចៀសវាង​មាន​ការប្រមូលផ្តុំ​តាម​រូបភាព​ផ្សេងៗ ហើយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​រីករាយ​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​៕

វីដេអូ៖