កំពង់ធំ: អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ចំពោះ​លោក​​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ការបើក​រថយន្ត​ទាំង​ស្រវឹង​បុក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជេរប្រមាថ​អភិបាល​ខេត្តកំពង់ធំ​។

តាម​សេចក្តី​សម្រេច​របស់​លោក នេត សាវឿន ចុះ​ថ្ងៃទី​ ១៦ ឧសភា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ត្រូវបាន​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​វរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ​ ០៣៨៧៤​។

ក៏ប៉ុន្តែ​មន្ត្រី​នគរបាល​រូបនេះ​ត្រូវ​មក​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។

លោក​ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ ដោយ​លោក​អះអាង​ថា​កំពុង​ជាប់រវល់​មិនអាច​និយាយ​ទូរស័ព្ទ​បាន​។

ប៉ុន្ដែ​លោក ហ៊ឹម យ៉ាន ត្រូវ​បាន​ Fresh News ដកស្រង់​សម្ដី​ពី​ម្សិលមិញ​ថា អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​​ចាត់ទុក​ករណី​របស់​លោក រុំ សុវិជ្ជា ជា​អំពើ​ល្មើស​នឹង​បទបញ្ជា​របស់​នគរបាល​ជាតិ​ដែល​មិន​ធ្វើ​គំរូ​ក្នុង​ការគោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដោយ​បាន​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ប្រមាថ​ដល់​អ្នកដទៃ​។

លោក​បន្តថា ការ​បាន​សម្រេច​​ព្យួរការងារ​នេះ​គឺ​ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។ ក្រោយ​ចេញ​លិខិត​នេះ​រួច​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ត្រៀម​លិខិត​មួយ​ផ្សេងទៀត​គឺ​គ្រោង​ស្នើសុំ​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ដកតំណែង​ចោល​តែម្តង​។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​លោក នេត សាវឿន ដែល​បាន​អនុវត្ត​ច្បាប់​ទៅលើ​លោក រុំ សុវិជ្ជា ចំពោះ​កំហុសឆ្គង​របស់​គាត់​។

លោក​ថា​៖ «​ទីតាំង​កើតហេតុ​ដែល​លោក រុំ សុវិជ្ជា បង្ក​ឡើង​នេះ​គឺមាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​ចំណាំង​ប្លាត​ទៀត​គឺ​មកពី​គាត់​ស្រវឹង បើកបរ​មិន​ប្រយ័ត្ន​ខ្លួន​គាត់ បែរ​ជា​មក​ជេរប្រមាថ​ខ្ញុំ​ទៅវិញ​។ កន្លង​មក​នេះ​ថ្នាក់​​លើ​ក៏​ធ្លាប់​ព្រមាន​គាត់​ដែរ រឿង​គាត់​ទៅ​ស្រែក​ឡូឡា​ក្នុង​មន្ទីរពេទ្យ​ខេត្ត​កាលពី​ ៣ ​ខែ​មុន ពេល​គាត់​ប្រព្រឹត្ត​អ៊ីចឹង ធ្វើឲ្យ​បាត់បង់​តម្លៃ​យើង​ជា​មន្ត្រី​...»​។

លោក រុំ សុវិជ្ជា ពី​ម្សិលមិញ​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បាន​ទេ​។

ប៉ុន្ដែ​តាម​សំឡេង​បែកធ្លាយ​ក្នុង​ហ្វេសប៊ុក​ឲ្យ​ដឹងថា កាលពី​ម៉ោង​ ៩:១២ ​នាទី​យប់​ថ្ងៃទី​ ១៥ ​ខែ​ឧសភា​លោក រុំ សុវិជ្ជា បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​រួច​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ​លាក់​ (​រង្វង់មូល​) ​បង្ក​ឲ្យ​ខូច​។ ​ជាង​នេះ​​ទៀត​មន្ត្រី​នគរបាល​រូបនេះ​បាន​ស្រែកជេរ និង​ប្រមាថ​ធ្ងន់ៗ​លើ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​ថា​ «​នៅ​ទីតាំង​ហ្នឹង មិនមាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំង​ប្លាត​អ្វី​ទេ ទើប​ធ្វើឲ្យ​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ​»​។

គួររំឭក​ថា​កាលពី​ថ្ងៃ​ ២៦ មីនា​​ ឆ្នាំ​នេះ​លោក រុំ សុវិជ្ជា ធ្លាប់​ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចេញ​លិខិត​ព្រមាន​ជា​លើក​ទី​ ១ ​ផង​ដែរ ដោយសារ​តែ​មាន​ការធ្វេសប្រហែស​លើ​ការអនុវត្ត​ភារកិច្ច​របស់​ខ្លួន និង​បាន​បញ្ជាក់ថា ប្រសិន​បើ​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​នេះ​ទៀត​នឹង​ចាត់វិធានការ​ទៅ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​ជាក់​ជាពុំខាន​។

នៅមុន​ពេល​លោក ស ខេង ចេញ​លិខិត​ព្រមាន​នេះ​គឺ​កាលពី​ថ្ងៃទី​ ២៦ ​ខែ​មីនា​ឆ្នាំនេះ​លោក រុំ សុវិជ្ជា ក៏​ធ្លាប់បាន​ជេរប្រមាថ អ្នកគ្រូ​ពេទ្យ​នៅ​ខេត្ត​កំពង់ធំ​ផងដែរ ខណៈ​រូបគាត់​បាន​ចូល​ទៅ​អុកឡុក​ក្នុង​មន្ទីរពេទ្យ ដើម្បី​ចូល​មើល​មិត្តភក្តិ​ផឹកស៊ី​ជាមួយ​គ្នា​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ​។ ​នេះ​បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ធំ​៕