ភ្នំពេញៈ លោក នេ​ត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ កាល​ពីម្សិល​មិញ បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដី​ពី​វិធាន​ការ​ធានា​ស្ថិរភាព​សន្ដិសុខ​ស​ណ្ដា​​ប់​ធ្នាប់​សាធា​រណៈ និង​សុវត្ថិ​ភាព​សង្គម​ នៅ​ក្នុង​ឱ​កាស​​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃ​ណី​ជាតិ​ខ្មែរ «ឆ្នាំកុរ» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​ ១៤ ​ដល់​ថ្ងៃ​ទី​ ១៦ ខែ​ មេសា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

លោក នេ​ត សាវឿន បាន​ប្រាប់​ទៅ​កាន់នាយក​ដ្ឋាន​កណ្ដា​ល នាយក​ដ្ឋាន​ជំនាញ អង្គ​ភាព និង​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​-ខេត្ត​ទាំង​អស់​ តាម​រយៈ​សេច​ក្ដី​ណែនាំ​ដែល​ចុះ​ថ្ងៃ​អង្គារ ​ទី ១៩ ​ខែ​ មីនា​ ​ថា ​ត្រូវ​កសាង​ផែន​ការ ​ការពារ​សន្ដិ​សុខ សណ្ដាប់​ធ្នាប់​ជំនាញ និង​​តាម​ភូមិ​សាស្ដ្រ​រៀងៗ​ខ្លួន ដោយ​ផ្ដោត​លើ​ការងារ​សំខាន់​ៗ ចំនួន ១០ ចំណុច។

លោកបាន​ប្រាប់​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​គ្រប់​រាជ​ធានី​ខេត្ដ​ទាំង​អស់ថា៖ «ត្រូវ​យក​ចិត្ដ​ទុក​ដាក់​បង្កើន​ការ​ក្ដាប់​សភាព​ការ​ណ៍​ ពាក់​ព័ន្ធ​សន្ដិសុខ សណ្ដាប់​ធ្នាប់សង្គម ជាពិសេស សកម្មភាព​​ភេរវក​ម្ម ឧក្រិដ្ឋកម្ម ចលា​ចល​សង្គម និង​សកម្មភាព​ល្មើស​ផ្សេងៗ​ទៀត​ ដើម្បី​ចាត់​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្រ្កាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់​ពេលវេលា»។

លោក​អគ្គ​ស្នង​ការ​ ក៏បាន​ណែនាំទៀតថា ត្រូវ​ជំរុញ​ការអនុវត្ដ​គោល​នយោបាយ​ «ភូមិ​ឃុំ មាន​សុវត្ថិភាព» ឲ្យ​បាន​សកម្ម​ផុស​ផុល និង​ត្រូវ​យក​ចិត្ដ​ទុកដាក់​គ្រប់​គ្រង​ឲ្យ​បាន​ហ្មត់​ចត់​ នូវ​មុខ​សញ្ញា​គ្រប់​ប្រភេទ ​តាម​សហគមន៍ ភូមិ​-ឃុំ ដោយ​ប្រើ​ប្រាស់​គ្រប់​វិធាន​ការ​ដើម្បី​​បង្ក្រាប​​ឲ្យ​មាន​​ប្រសិទ្ធភាព​ជា​​មុន​ មិន​​ត្រូវ​ទុក​ឲ្យ​មុខ​សញ្ញា​មាន​ឱកាស​ធ្វើ​សកម្ម​ភាព​បង្ក​អសន្ដិ​សុខ ឬគ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត និង​អន្ដរាយ​ដល់​ទ្រព្យ​សម្បតិ្ដ​ប្រជាពលរដ្ឋ​​នោះ​ឡើយ។

លោក នេត សាវឿន ក៏បាន​ណែនាំ​ អង្គ​ភាព និង​ស្នង​ការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​វិធាន​ការ​សន្ដិ​សុខ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ នៅ​តាម​បណ្ដា​គោល​ដៅ​ប្រា​រព្ធ​ពិធី​បុណ្យ និង​គោល​ដៅ​កម្សាន្ដ​សប្បាយ​របស់​ប្រជា​ពលរដ្ឋ​ ដូចជា​នៅ​ទីវត្ដ​អារាម តំបន់​​ប្រា​សាទ រមណីយដ្ឋាន ដើម្បី​រក្សា​នូវ​សណ្ដាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ។

ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​បញ្ជា​ឲ្យ​យក​ចិត្ដ​ទុក​ដាក់​យាមកាម ល្បាត​ការពារ​ផ្ទះ​សំបែង ទ្រព្យ​សម្បត្ដិ ប្រជាពលរដ្ឋ​ដែល​ចាក​ចេញ​ទៅ​ជួប​ជុំ​សាច់ញាតិ​នៅ​ឯស្រុក​កំណើត ឬទៅ​កម្សាន្ដ​នៅ​ទី​ឆ្ងាយ​ទាំង​គ្រួសារ​ផងដែរ។

លោក​អគ្គស្នងការ​ ​បាន​ស្នើ​ឲ្យ​​ប្រធាន​នាយកដ្ឋាន​កណ្ដាល នាយក​ដ្ឋាន​ជំនាញអង្គភាព​និង​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​-ខេត្ដ ត្រូវ​រៀប​ចំ​ផែនការ​ការពារ​សន្ដិ​សុខ​ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់ សង្គម​ឲ្យ​បាន​សម​ស្រប​តាម​លក្ខណៈ​ភូមិ​សាស្រ្ដ និង​ការងារ​ជំនាញ​ជាក់​ស្ដែង​ រួច​ធ្វើ​របាយ​ការណ៍​មក​កាន់​សេនា​ធិការដ្ឋាន​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃសុក្រ ទី ៥ ខែ មេសា ឆ្នាំ ២០១៩ និង​ត្រូវ​ចាត់​តាំង​ឲ្យ​អនុវត្ដ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។

ទាក់ទង​នឹង​ការ​អនុវត្ដ​នូវ​វិធាន​ការ​ការពារ​សន្ដិ​សុខ សុវត្ថិ​ភាព​សង្គម​ ជូន​ប្រជា​ពលរដ្ឋ​នារដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ លោក ជួន ណារិន្ទ ស្នងការ​ខេត្ត​​ព្រះ​​​សីហនុ បាន​ថ្លែង​ថា​៖ «ខេត្ត​ព្រះ​សីហនុ​បាន​​ធ្វើ​ផែន​ការ កិច្ច​ការពារ ហើយ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ ខេត្ត​ព្រះសីហនុ​ យើង​នឹង​មាន​រៀបចំ​សង្ក្រាន្ដសមុទ្រ​ផងដែរ»។

លោក​បាន​បន្ដ​ថា​៖ «កិច្ច​ការពារ​សុវត្ថិ​ភាព សន្តិសុខ​ ជូន​​ភ្ញៀវជាតិ​ និង​អន្តរ​ជាតិ​ គ្រប់​កន្លែង​សប្បាយ។ ចំពោះ​កិច្ច​ការងារ​របស់​សមត្ថកិច្ច​នគរបាល​យើង​ យើង​ធ្វើ​ទៅ​លើ​អ្វីដែល​ពាក់​ព័ន្ធនឹង​សន្តិសុខ​ប៉ុណ្ណោះ»៕