ភ្នំពេញៈ ​លោក​ នេ​ត​ សាវឿន​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​នៅ​តាម​មូលដ្ឋាន​ ​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​បទល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ខ្លួន​ ​ដោយ​មិន​ត្រូវ​ចាំបាច់​រង់ចាំ​តែ​ទទួល​​បញ្ជា​ពី​ថ្នាក់​ជាតិ​ទៀត​ទេ។​ ការ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​លោក​ ​ស ​ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​ឱ្យ​អាជ្ញា​ធរ​​ខិត​ខំ​លុប​បំបាត់​ការ​ប្រើ​ប្រាស់​និង​ចែក​ចាយ​គ្រឿង​ញៀន​ឱ្យ​អស់​នៅ​តាម​ក្លិប​កម្សាន្ត​ក្នុង​ឆ្នាំ​ ២០១៩​ នេះ​។​

​​លោក​ ​នេ​ត​ ​សាវឿន​ ​កាល​ពី​ថ្ងៃ​ទី ២០​ ម្សិល​មិញ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​មហា​ផ្ទៃ​ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នគរបាល​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​គ្រប់​រាជ​ធានី​-​ខេត្ត​ ​ដើម្បី​ឱ្យ​មន្ត្រី​តាម​ខេត្ត​ទាំង​នេះ ​បាន​ស្វែង​យល់​បន្ថែម​អំពី​បទ​ពិ​សោធ​​ ​ក្រោយ​មាន​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាម​ក្លិប​កម្សាន្ត​មួយ​ចំនួន ​ដែល​អាជ្ញា​ធរ​បាន​អះ​អាង​ថា​ បាន​ទទួល​ជោគ​ជ័យ​។​

លោក​ ​មាស​ ​វី​រិ​ទ្ធ​ ​អគ្គ​លេខាធិ​​ការ​អាជ្ញា​ធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ប្រាប់​អ្នក​កា​សែត​ថា​ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ទៅ​ ​អាជ្ញា​ធរ​ថ្នាក់​ជាតិ​បាន​ផ្ទេរ​សិទ្ធិ​អំណាច ​និង​ភារ​កិច្ច​ទាំងអស់​ទៅ​ឱ្យ​ថ្នាក់​ក្រោម​ជាតិ​ ​ដើម្បី​ស្រាវ​ជ្រាវ​បង្ក្រាប​បញ្ហា​គ្រឿង​ញៀន​​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួក​គេ ​ហើយ​នឹ​ង​ឈប់​ឱ្យ​រង់​ចាំ​ការ​ច​ង្អុ​ល​បង្ហាញ​ពី​ថ្នាក់លើ​ដូច​មុន​ទៀត​។​ ​

​​លោក​បន្ត​ថា​ ​កន្លង​មក​សមត្ថកិច្ច​នៅ​តាម​មូល​ដ្ឋាន​ខ្លះ​ដែល​មិន​មាន​ម្ចាស់​ការ​ក្នុង​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​រក​បទ​ល្មើស​គ្រឿង​ញៀន​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ពួក​គេ ដោយ​សារ​មាន​ភាព​ស្ទាក់​ស្ទើរ​ និង​គ្មាន​កម្លាំង​គ្រប់​គ្រាន់​។​

​​លោក​ មាស​ វិរិទ្ធ​ បាន​ថ្លែង​ថា​៖​ «​ខ្ញុំ​ចង់​បញ្ជាក់​ថា ​ស​មត្ថ​កិច្ច​នៅ​មូល​ដ្ឋាន​ខ្លះ​គាត់​មិន​ធ្វើជា​ម្ចាស់​ការ​ក្នុង​ការ​ស្រាវ​ជ្រាវ​រ​ក​ក​​រ​ណី (​គ្រឿង​ញៀន​)​ ទេ​ ពេល​ខ្លះ​គាត់​ថា ​ចាំ​ច​ង្អុ​ល​បង្ហាញ​ពី​ថ្នាក់​លើ ​​តែ​ឥឡូវ​នេះ​ ​ថ្នាក់​លើ​លែង​ច​ង្អុ​ល​បង្ហាញ​ហើយ ​ផ្ទេរ​អំណាច​និង​សមត្ថ​កិច្ច​ទាំង​អស់​ទៅ​ឱ្យ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ធ្វើ​សកម្មភាព​ ​នៅ​ពេល​រក​ឃើញ​មាន​បទ​ល្មើស ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា​ ​កន្លែង​នោះ​មាន​បទ​ល្មើស ​ហើយ​កម្លាំង​របស់​ខ្លួន​ពុំ​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​បង្ក្រាប​ ​ចាំ​សុំ​ការ​អន្ត​រា​គមន៍​»​។​

​​បើ​តាម​លោក​ មាស​ វី​រិ​ទ្ធ ​ការ​ស្ទាក់​ស្ទើរ​របស់​ស​ម​ត្ថ​កិច្ច​មួយ​ចំនួន​មិន​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ពួក​គេ​នា​ពេល​កន្លង​មក​នេះ ​គឺ​មិន​មែន​ជា​មូលហេតុ​នាំ​ឱ្យ​បញ្ហា​គ្រឿង​ញៀន​រីករាល​ដាលដល់​ជន​បទ​នោះ​ទេ​ ​ប៉ុន្ដែ​ដោយ​សារ​ក្រុម​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ ​ជា​អ្នក​រៀប​ចំ​ ​ដើម្បី​បង្កើត​ឲ្យ​​មាន​ទី​ផ្សារ​នៃ​ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ប្រ​ទេស​។​

​​លោក ​ស​ ​ខេង​ ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​ដោយ​ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​បញ្ហា​គ្រឿង​ញៀន​រីក​រាល​ដល់​ជន​បទ ​និង​គ្រឿង​ញៀន​តាម​ក្លិប​កម្សាន្ត​ ​ដោយ​លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រូវ​ដាក់​ចេញ​វិធាន​ការ​ម៉ឺង​ម៉ាត់​ចំពោះ​ម្ចាស់​ទីតាំង​សប្បាយ​ដូច​ ​ក្លិប​កម្សាន្ត ​សណ្ឋាគារ​ ​និង​ផ្ទះ​សំណាក់​ឱ្យ​ទូទាំង​ប្រ​ទេស ជា​ពិសេស​នៅ​តាម​តំបន់​តាម​ព្រំដែន​ ​ដើម្បី​បង្ការ​និង​ទប់​ស្កាត់ ​ការ​ប្រើប្រា​ស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​។​

​លោក​ ​ស​ ​ខេង ​ក៏​បាន​ដាស់តឿន​ឲ្យ​មន្ត្រី​ប៉ូលិស​ទាំង​អស់​ ​ត្រូវ​តែ​ស្អាត​ស្អំ ​និង​មិន​ត្រូវ​ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿង​ញៀន​តាម​កន្លែង​កម្សាន្ត​នានាទាំង​អស់​នៅ​ក្នុង​ប្រ​ទេស​​នោះ​ទេ​។​

​​របាយ​ការ​ណ៍​បាន​បង្ហាញ​ថា​ក្នុង​រយៈ​ពេល​ ៥ ​ខែ​ ឆ្នាំ ​២​០១៩ ​នេះ​ ​អាជ្ញា​ធរ​បង្ក្រាប​គ្រឿង​ញៀន​បាន​ចំនួន ៣ ៣៣៥​ ក​រ​ណី ​និ​ង​ឃាត់​ខ្លួន​អ្នក​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ចំនួន​ ៧ ០៩៧​ នាក់​ ​ដែល​ក្នុង​នោះ​មាន​មេ​ខ្លោង​ចំនួន​ ១២ ​នាក់​ ​និង​ខ្សែ​រយៈ​បណ្ដាញ​ចំនួន ​៥២ ​នាក់​ ​សារ​ធាតុ​ញៀន​គ្រប់ប្រភេទ​ចំនួន​ ៣១ ០៩៨ ​គីឡូ​ក្រាម​ ​កញ្ឆា​ស្រស់​ ៤៧ ១០៣ ​ដើម​ ​និង​ស​ម្ភារមួយ​ចំនួន​ទៀត​។​

​ក្នុង​ការ​បង្ក្រាប​ទាំង​នេះ ​ក៏​មាន​ក្លិប​កម្សាន្ត​ចំនួន​ ៤ ​និង​ខារ៉ា​អូខេ​ ១​ ទី​តាំង​ ដែល​ស្ថិត​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​និង​ខេត្ត​សៀមរាប​ដែរ​។​

​​ជុំ​វិញ​កិច្ច​ប្រជុំ​ដើម្បី​ដាក់​ចេញ​វិធាន​ការ​លុប​បំបាត់​គ្រឿង​ញៀន​តាម​ក្លិប​កម្សាន្ត​ឲ្យ​​អស់​ត្រឹម​ឆ្នាំ​ ២០១៩ ​របស់​អាជ្ញា​ធរ​នេះ​ ​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​បាន​លើក​ឡើង​ថា ដោយ​សារ​វិធាន​ការបង្ក្រាប​កន្លង​មក​ ​មិន​ទាន់​ធ្វើ​ឡើង​ចំ​គោល​ដៅ​នៅ​ឡើយ​ ​ជា​ពិសេស​អ្នក​មាន​ឥទ្ធិពល​ដែល​ជា​មេ​ខ្លោង​នាំ​ចូល​និង​ចែក​ចាយ​គ្រឿង​ញៀន​នៅ​កម្ពុជា​។

​លោក​ ​ស៊ឹង​ ​សែន​ករុ​ណា ​មន្រ្តី​នាំ​ពាក្យ​សមា​គម​អាដ​ហុក​ បាន​ឲ្យ​ដឹង​​ថា​៖​​ ​«​យើង​សង្ឃឹម​ថា ​ការ​ចាត់​វិ​ធា​ន​ការ ​ការ​រក​យុទ្ធ​សាស្ដ្រ​បង្ក្រាប​ថ្មីៗ​ទៀត ​អាច​ធ្វើ​ការ​បាន​ល្អ​ប្រ​សើ​រ​ជាង​មុន​ហើយ​​អាច​ចំ​គោល​ដៅ​ពិ​សេស​មេ​ខ្លោង​ធំៗ​ហ្នឹង​»​៕