ភ្នំពេញ: អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានរំឭកមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ឲ្យទប់ស្កាត់ និងប្រឆាំងសកម្មភាពនានាដែលយកទឹកដីកម្ពុជាធ្វើជាជម្រក ឬធ្វើជាទីតាំង ដើម្បីប្រឆាំងប្រទេសជិតខាង ជាពិសេសត្រូវកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ និងកាត់បន្ថយឥទ្ធិពលរីករាលដាលគ្រឿងញៀន ខណៈសង្គមស៊ីវិលគាំទ្រចំណាត់ការនេះ។
ការថ្លែងរបស់លោកបែបនេះបានធ្វើឡើងកាលពីថ្ងៃអង្គារនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពឆ្នាំ ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ ១ រូប។ កម្មវិធីនេះមានការចូលរួមពីមន្ត្រី និងអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានដកស្រង់សម្ដីលោក នេត សាវឿន ថាមន្ត្រីនគរបាលពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ធានាឲ្យបានសុវត្ថិភាព សន្តិភាព សន្តិសុខផ្ទៃក្នុង ជាពិសេសទប់ស្កាត់ឲ្យបានការវិលត្រឡប់នៃបដិវត្តន៍ពណ៌ និងទប់ស្កាត់ការប្រឆាំងនានាដែលយកទឹកដីកម្ពុជាធ្វើជាជម្រក ឬធ្វើជាទីតាំងដើម្បីធ្វើសកម្មភាពប្រឆាំងប្រទេសជិតខាង។
ក្រៅពីនោះលោកបានជំរុញឲ្យកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ ការរីករាលដាលនៃគ្រឿងញៀន និងការទប់ស្កាត់បញ្ហាក្មេងទំនើងក៏ដូចជារំដោះជនរងគ្រោះពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ ជាពិសេសស្ត្រី និងកុមារ។
ទន្ទឹមនឹងនេះលោកក៏បានជំរុញឲ្យពង្រឹងច្បាប់ចរាចរណ៍ផងដែរ ដោយត្រូវផ្តោតលើការអប់រំបណ្តុះបណ្តាលមន្ត្រី ការកែប្រែឥរិយាបថនៃការធ្វើការងាររបស់មន្ត្រី ក្រមសីលធម៌របស់មន្ត្រី និងជំរុញយ៉ាងតឹងរ៉ឹងបំផុតក្នុងការអនុវត្តអនុក្រឹត្យថ្មីស្តីពីការពិន័យអន្តរការណ៍បទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។
លោក នេត សាវឿន បានបន្ថែមថាពាក់ព័ន្ធនឹងការងារពង្រឹងស្ថាប័ននគរបាលសំខាន់ គឺផ្តោតលើការពង្រឹងក្រុមប្រឹក្សាវិន័យ ការងារប្រឡងប្រណាំងក្នុងនោះមានការបង្កើន និងលើកកម្ពស់សមត្ថភាពមន្ត្រីដោយរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេសជាដើម។ ជាមួយគ្នានោះលោកក៏បានជំរុញឲ្យមានការលើកកម្ពស់គុណភាព សមត្ថភាពរបស់សមាគមមិត្តនគរបាលផងដែរ ដើម្បីជួយគ្នាទៅវិញទៅមកនៅពេលមានធុរៈ ឈឺថ្កាត់ ផ្សេងៗ។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយលោកមិនបានទទួលទូរស័ព្ទទេកាលពីថ្ងៃអង្គារ។ រីឯលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងថា លោកគ្មានមតិយោបល់អ្វីក្រៅតែពីគោរពតាមបទបញ្ជាថ្នាក់លើទេ «ខ្ញុំអត់មានអ្វីនិយាយទេ ធ្វើតាមតែថ្នាក់លើ ហើយសួរទៅអគ្គស្នងការរងនគរបាលជាតិទៅ»។
លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូបានថ្លែងកាលពីថ្ងៃអង្គារថា លោកគាំទ្រចំពោះចំណាត់ការនេះ ព្រោះកម្ពុជាមានអធិបតេយ្យ ឯករាជភាពរបស់ខ្លួនពេញលេញហើយប្រសិនបើមានក្រុមណាមានបំណង ឬយកទឹកដីកម្ពុជាធ្វើជាខ្នងបង្អែកសម្រាប់ប្រឆាំងប្រទេសផ្សេងទៀតនោះគឺមន្ត្រីនគរបាល ឬរដ្ឋាភិបាលត្រូវតែចាត់វិធានការទៅតាមច្បាប់។
លោកបញ្ជាក់ថា៖ «ប្រទេសយើងគឺជារដ្ឋឯករាជ្យមានអធិបតេយ្យ ហើយប្រសិនបើមាននរណាម្នាក់ចង់យកទឹកដីកម្ពុជាធ្វើជាទីតាំងប្រឆាំងប្រទេសដទៃដែលនៅក្បែរខាងកម្ពុជា គឺកម្ពុជាត្រូវតែមានកាតព្វកិច្ចការពារ អនុវត្តច្បាប់ឲ្យបានព្រោះកម្ពុជាយើងជារដ្ឋដែលមានអធិបតេយ្យពេញលេញដោយមិនអាចអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបែបនេះបានទេ»។
លោកបន្ថែមថា បញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមគឺជាកាតព្វកិច្ចរបស់កងកម្លាំងប្រដាប់អាវុធដែលមានសមត្ថកិច្ចថែរក្សា និងការពារសុវត្ថិភាពជូនពលរដ្ឋ។ ដូច្នេះពួកគាត់ក៏ត្រូវមានជំនាញមានវិន័យល្អ ឥរិយាបថ ក្រមសីលធម៌ របៀបរៀបរយ និងត្រូវមានយន្តការលើការងារដែរ។
ទោះយ៉ាងណានៅក្នុងឱកាសនោះលោក នេត សាវឿន បានក្រើនរំឭកមន្ត្រីនគរបាលឲ្យលើកកម្ពស់កិត្យានុភាពរបស់ខ្លួនដោយធ្វើយ៉ាងណាឲ្យក្លាយជាកងឯកភាពមួយសមរម្យមានកិត្តិយស ថ្លៃថ្នូរជាពិសេសត្រូវពង្រឹងទាំងវិន័យ ឥរិយាបថ របៀបរៀបរយ ឯកសណ្ឋានធ្វើការងារ ទាំងវិន័យសីលធម៌ និងត្រូវមានយន្តការដើម្បីឆ្លើយតបចំពោះការទិតៀនពីសាធារណជន ហើយប្រសិនបើព័ត៌មានណាដែលមានលក្ខណៈបំពុលត្រូវបកស្រាយបន្សាបព័ត៌មាននោះ ដើម្បីការពារកុំឲ្យប៉ះពាល់កិត្តិយសអង្គភាព និងកិត្តិយសរបស់នគរបាលជាតិ៕