ភ្នំពេញៈ លោក បាន គីមូន អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​កំណើន​បៃតង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ស្នើ​ដល់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​បន្ថែម​ឱ្យមាន​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដោយ​ប្រើ​តួនាទី​របស់​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ីអឺរ៉ុប (ASEM) ​នៅ​ចុង​ឆ្នាំ​ ២០២០​។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ទ្វេភាគី​ថា សំណើ​របស់​លោក បាន គីមូន បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ក្នុង​​អំឡុង​ពេល​លោក ហ៊ុន សែន កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

លោក កៅ គឹមហួន បាន​ថ្លែងថា​៖ «​ឯកឧត្តម (​បាន គីមូន​) ​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ឯកឧត្តម​ក៏ដូចជា​កូរ៉េ​ខាងត្បូង​មាន​ការរីករាយ​ក្នុង​ការកើន​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​កូរ៉េ ហើយ​ជាពិសេស​ទៀត​មាន​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា​ចំពោះ​សន្តិភាព ស្ថិរភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​ផងដែរ​។ ឯកឧត្តម​ក៏​បាន​ផ្លាស់ប្តូរ​មតិ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​អំពី​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​នេះ ហើយ​ឯកឧត្តម​ក៏​ចង់​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួម​ចំណែក​ក្នុង​ការគាំទ្រ និង​បន្ត​គាំទ្រ​​ការស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ផងដែរ​ដោយ​កម្ពុជា​ជា​សមាជិក​មួយ​នៃ​អាស៊ាន​ហើយ​កម្ពុជា​នឹង​អាស៊ាន​អាច​បន្ត​ដើរតួនាទី​សំខាន់​នៅក្នុង​ការងារ​នៅក្នុង​ឧបទ្វីប​កូរ៉េ​នេះ​»​។

យោងតាម​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា មុន​ក្លាយ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ បាន គីមូន ​ធ្លាប់​ធ្វើ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា និង​បានរៀបចំ​ទៅ​ទស្សនកិច្ច​នៅ​អង្គរ​ឃ្យុងយូ ខេត្ត​សៀមរាប​។

ហ្វេសប៊ុក​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​នៅពេល​វេលា​នោះ​គឺ​កម្ពុជា​អាច​ចាប់ផ្ដើម​បញ្ជូន​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ បន្ទាប់មក​ទៀត​ក៏​មាន​ដំណើរការ​នៃ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​ពេល​នោះ​ក្នុងតួនាទី​ឯកឧត្តម​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​។ កម្ពុជា​មិន​ត្រឹម​តែ​ដំណើរការ​នៃ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ទេ កម្ពុជា​ក៏​បាន​រ៉ាប់រង​ការចំណាយ​នៅ​កម្ពុជា​ផង​ដែរ ហើយ​កម្ពុជា​ក៏បាន​បញ្ជូន​ទ័ព​របស់​ខ្លួន​ទៅ​ប្រទេស​នានា​ក្នុង​ការងារ​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ ហើយ​ការបញ្ជូន​កងទ័ព​មួក​ខៀវ​នេះ​គឺ​បាន​បញ្ជូន​ជាប្រចាំ​ដោយ​មាន​ទាំង​ទ័ព​នារី​ផងដែរ​»​។

លើ​ហ្វេសប៊ុក​ដដែល​នោះដែរ លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា​លោក​ បាន គីមូន ក៏បាន​អរគុណ​ប្រទេស​កម្ពុជា​ដែល​បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ជា​ស្ត្រី​នាពេល​កន្លងមក​។

នៅ​ថ្ងៃ​ដដែល​នោះ​លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក មូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ក្នុងនោះ​លោក​ ហ៊ុន សែន បានបង្ហាញ​ពី​បំណង​ចង់​ឱ្យ​សាធារណរដ្ឋ​កូរ៉េ​សាងសង់​ស្ពាន​នៅ​កម្ពុជា​នាពេល​ខាង​មុខ​នេះ ជាពិសេស​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ព្រោះ​ថា​បច្ចុប្បន្ន​កម្ពុជា​មាន​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន តែ​ប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ជួយ​ក្នុង​ការផ្ដល់​ឥណទាន​ដល់​កម្ពុជា ជាពិសេស​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ ២០២០ មាន​ការកើនឡើង​ពី ៣៥០-៧០០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​នឹង​ជួយ​ក្នុង​ការតភ្ជាប់​នឹង​ពង្រឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ពី​ខេត្ត​ ១ ទៅ​ខេត្ត​ ១ ដូចជា​ផ្លូវជាតិ​លេខ​ ២២ និង​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវជាតិ​លេខ​ ៤៨ ផងដែរ​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ទទួលស្គាល់​ផងដែរ​ពី​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ ដោយសារ​តែ​ប្រទេស​កូរ៉េ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ដែល​អាចជួយ បង្កើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕