The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ប៉ាវ ស៊ីណា អះអាង​ថា មិន​ខ្លាច​ចំពោះ​ការ​គំរាម​ចាប់​ខ្លួន

លោក ប៉ាវ ស៊ីណា អះអាង​ថា មិន​ខ្លាច​ចំពោះ​ការ​គំរាម​ចាប់​ខ្លួន

កម្មករ កម្មការិនី​ធ្វើ​ការ​ទាមទារ​កន្លង​មក​ដើម្បី​លក្ខខណ្ឌ​ការងារ​ប្រសើរ។
កម្មករ កម្មការិនី​ធ្វើ​ការ​ទាមទារ​កន្លង​មក​ដើម្បី​លក្ខខណ្ឌ​ការងារ​ប្រសើរ។ ហុង មិនា

លោក ប៉ាវ ស៊ីណា អះអាង​ថា មិន​ខ្លាច​ចំពោះ​ការ​គំរាម​ចាប់​ខ្លួន

ភ្នំពេញៈ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​បញ្ជាក់​ថា មិន​បារម្ភ​អ្វី​ឡើយ​ចំពោះ​ការ​គំរាម​របស់​សមត្ថកិច្ច បើ​ទោះ​ជា​សមត្ថកិច្ច សង្កាត់​ចោមចៅ បាន​គំរាម​ធ្វើ​ការ​ឃាត់​ខ្លួន​ប្រសិន​បើ​លោក​នៅ​តែ​បន្ត​ចូល​រួម​ធ្វើ​ការ​តវ៉ា​ជាមួយ​កម្មករ​ទៀត។

លោក ស៊ីណា ដែល​ត្រូវ​បាន​កម្មករ និង​មហាជន​ភាគ​ច្រើន​ស្គាល់​ថា ជា​សហជីព​មួយ​ដែល​តែង​តែ​ជួយ​កម្មករ​មិន​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នោះ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា សមត្ថកិច្ច សង្កាត់​ចោមចៅ បាន​កោះ​ហៅ​លោក​ឲ្យ​ទៅ​ជួប​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​កម្មករ​នៅ​រោងចក្រ ជីមលី ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជាតិ ដោយ​បាន​អាន​នូវ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ដាក់​រូប​លោក​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

លោក​ថ្លែង​ថា៖ «ខាង​សមត្ថកិច្ច​បាន​និយាយ​ថា តុលាការ​បាន​ដាក់​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​តាម​ដាន និង​ត្រួត​ពិនិត្យ​រាល់​សកម្មភាព​របស់​ខ្ញុំ។ គេ​បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​ពី​ថ្ងៃ​គេ​ប្រាប់​ព័ត៌មាន​នេះ​ហើយ គេ​សុំ​ឲ្យ​ខ្ញុំ​បញ្ឈប់​រាល់​សកម្មភាព​ជួប​ជុំ​កម្មករ ដើរ​ហែ​ក្បួន​តវ៉ា​ទាំង​អស់​ដើម្បី​កុំ​ឲ្យ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន»។

លោក​ឲ្យ​ដឹង​ទៀត​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ចាប់​ខ្លួន​លោក ហើយ​លោក​នឹង​មិន​គេច​ទៅ​ណា​នោះ​ទេ ដោយ​សារ​លោក​មាន​តួនាទី​ជា​អ្នក​ការពារ​កម្មករ ហើយ​បើ​លោក​ត្រូវ​បាន​តុលាការ​បំបិទ​សិទ្ធិ​របស់​លោក​តើ​ស្ថាប័ន​លោក​អាច​នឹង​ដើរ​បាន​អត់? ហើយ​កម្មករ​លោក​រាប់​ពាន់​នាក់​អាច​មាន​ភាព​កក់​ក្តៅ​ឬ​អត់? បើ​មេ​របស់​ពួក​គេ​ត្រូវ​បាន​គេ​គំរាម ឬ​ចាប់​ខ្លួន​នោះ។

សូម​បញ្ជាក់​ថា លោក ប៉ាវ ស៊ីណា ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ និង​ហាម​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ដូច​ជា​ការ​ចូល​រួម​ការ​តវ៉ា​ជាដើម កាល​ពី​ថ្ងៃ ទី១២ ខែ​កញ្ញា កន្លង​មក​នេះ។

លោក ប៉ាវ ស៊ីណា បាន​ដឹក​នាំ​ការ​តវ៉ា និង​ដង្ហែ​ក្បួន​របស់​កម្មករ​នៅ​រោងចក្រ ជីមលី ចំនួន​ពីរ​ដង​ទៅ​កាន់​ក្រសួង​ការងារ និង​រដ្ឋសភា​ជាតិ​មុន​ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ បាន​កោះ​ហៅ​លោក​មក​ព្រមាន​ដូច​នេះ។

ឆ្លើយ​តប​តាម​អ្វី​ដែល​លោក ប៉ាវ ស៊ីណា បាន​និយាយ​ពី​ការ​ព្រមាន​ការ​ចាប់​ខ្លួន​នេះ លោក លឿង លី នាយ​ប៉ុស្តិ៍​រង សង្កាត់​ចោម​ចៅ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ដែរ​ថា មិន​មាន​ការ​គំរាម​ការ​ចាប់​ខ្លួន​ណា​មួយ​ទេ តែ​សមត្ថកិច្ច​គ្រាន់​តែ​ហៅ​លោក​មក​សាក​សួរ​តាម​ដីកា​របស់​តុលាការ​តែ​ប៉ុណ្ណោះ ដែល​លោក​ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច​មួយ​ខែ​ម្តង​នៅ​សប្តាហ៍ ទី៤ នៃ​ខែ​នីមួយៗ។

លោក​ថ្លែង​ថា៖ «ខាង​តុលាការ​គ្រាន់​តែ​ឲ្យ​យើង​ធ្វើ​ការ​ណែនាំ​គាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទៀត ហើយ​ត្រូវ​បង្ហាញ​ខ្លួន​ជា​រៀង​រាល់​ខែ​ដើម្បី​ធ្វើ​ការ​សាក​សួរ​តើ​គាត់​មាន​ធ្វើ​សកម្មភាព​ខុស​ឬ​អត់? សម្រាប់​ខែ​នេះ​គឺ​មិន​មាន​អ្វី​ខុស​ឆ្គង​នោះ​ទេ»។

លោក លឿង លី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់​ខ្លួន​លោក ប៉ាវ ស៊ីណា ឬ​អត់​ជា​ការ​សម្រេច​របស់​តុលាការ គ្រាន់​តែ​សមត្ថកិច្ច​មាន​តួនាទី​តាម​ដាន​ដើម្បី​រាយការណ៍​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ៕

អត្ថបទគួរចាប់អារម្មណ៍