ភ្នំពេញៈ អតី​ត​អភិបាល​រាជធានី​លោក ប៉ា សុជាតិ​វង្ស ​បាន​លាលែង​​ពី​សមាជិក​​រដ្ឋ​សភា​​ ដើម្បី​ទៅ​ឈរ​ឈ្មោះ​ជាបេក្ខជន​លេខរៀងទី ១ ​នៃ​ក្រុម​ប្រឹក្សារាជ​​ធានី​ភ្នំ​ពេញ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​​​ចេញ​ដោយ​រដ្ឋ​សភា​​ពី​ម្សិល​មិញ​​តំណែង​តំណាង​រាស្រ្ត​​របស់​លោក​​សុជា​តិ​​​វង្ស ត្រូវ​បាន​ជំនួស​ដោយ​​លោក​គីម សុវណ្ណា។

លោក សោម សូរីដា អគ្គលេ​​ខា​​ធិការ​រង ​​គ.ជ.ប ​ថ្លែង​​ថា ​លោ​ក សុជា​​តិ​វង្ស​ ស្ថិត​នៅ​​​កំពូល​នៃ​បញ្ជី​បេក្ខ​ជន​​​ សម្រាប់​​មណ្ឌល​ភ្នំ​ពេញ​ ​ក្នុង​ការ​បោះ​ឆ្នោត​​​ក្រុម​ប្រឹក្សា​រាជ​ធានី​​ ដែល​នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ ២៦ ឧ​ភា។

​នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិ​លមិញ​លោក សុជាតិវង្ស​ ​ពន្យ​ល់​ថា ​គណបក្ស​របស់​លោ​ក​​​ចង់​​ឲ្យ​លោក ​ជួយ​កែ​លម្អ​ការ​អភិវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ។ «​​ទី​មួ​យ​ គឺ​ដោយសារ​មាន​តម្រូវការ​ដែ​ល​ថ្នាក់​លើ​ចង់​​ឲ្យ​យើង​នឹង​នៅ​បន្ត​​ពង្រឹង​​ការ​យក​ចិត្ត​ទុក​ដាក់​ថ្នា​ក់​​​​ក្រោម​ជាតិ​។ ​ដោយ​សារ​តែ​ខ្ញុំ​ជា​ប្រធាន​គណ​​បក្សប្រជា​ជន​រាជ​ធានី​​ភ្នំ​ពេញ​​ជា​រៀង​រហូ​ត​​មកដូច្នេះ​ហើយខ្ញុំ​ត្រូវ​តែ​ទទួ​ល​ខុស​ត្រូវ​ជា​ទូទៅ​សម្រាប់​បក្ស​។ ​ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត​​ គឺ​ត្រូវ​ជួយ​​ពង្រឹងការ​ងារ​​​រដ្ឋ​បាល​​ដែន​ដី​យើង​ហ្នឹង​ឲ្យ​បានល្អ​។​នេះ​ជា​​សំណូមពរ​​មួយ»។

លោក​​​ថា​៖ «​កម្រិត​ខេត្ត​​ ក្រុង​​គឺ​ជា​ថ្នាក់​ក្រោម​ជាតិ​ដែល​រដ្ឋា​ភិបាល ​​​គិត​​គូរ​ខ្លាំង​នៅ​ក្នុង​ការ​អនុវត្ត​វិមជ្ឈ​ការ​ និង​វិសហមជ្ឈ​ការ​ ដែល​ជា​គោល​ការណ៍​សំខាន់​ ក្នុង​ការ​ពង្រឹង​​ការ​អនុវត្ត​ប្រជា​​ធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​។ អ៊ីចឹង​ទេការ​ជ្រើស​រើស​ធន​​ធាន​មនុ​ស្ស​​ សម្រាប់​កម្រិត​នេះ​គឺ​ចាំបាច់»។

លោក​ថា ​អ្នក​កាន់​​តំណែង​បច្ចុប្បន្ន​​​ បាន​កាន់​តំណែង​​នៅ​កន្លែង​នេះ​​​អស់​រយៈ​ពេល​ ២ ​អាណត្តិ​រួច​ហើយ​​ ហើយ​ការ​សម្រេច​ដាក់​​រូប​លោក​​សម្រាប់​តំណែង​នេះ​​ គឺ​មិន​មែន​​ដោយ​សារ​មាន​បញ្ហា​​​ណា​មួយទេ។ «​​ខ្ញុំ​មាន​បេសកកម្ម​​​មួយ​តាមការចាត់​​តាំង​របស់​​​សម្តេច​នាយករដ្ឋ​មន្រ្តី​​ ឲ្យ​មក​ក្រុង​​​​ដែល​ខ្ញុំ​ធ្លាប់​នៅ​ ​និង​ជា​កន្លែង​ដែល​ខ្ញុំ​មាន​ចំណេះ​ដឹង​។ ​គ្មាន​អ្វី​លើស​ពី​នេះ​​ទេ»។

លោក​ថ្លែង​ថា លោក​នឹង​ផ្តល់​អាទិភាព​ ទៅ​លើ​ការ​ពង្រឹង​​សេវា​​សាធារណៈ​ ក្នុង​កា​រ​គ្រប់​គ្រង​នៅ​ក្នុង​ដែន​ដី​ដែ​ល​មាន​​ចាប់​ពី​ស្ថិរ​ភាព​នយោ​បាយ​ សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សង្គម​ ​​ការ​អភិវឌ្ឍ​នៅ​ក្នុង​គ្រប់​វិស័យ​ ជា​ដើម​។ ​ចំពោះ​អ្វី​ទាំង​អស់​នេះ​ ​វា​តម្រូវ​ឲ្យ​​មាន​ធន​ធាន​មនុស្ស​ ដែល​មាន ជំនាញ​និង​សក្តា​នុព​ល​​ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ ឬ​មូលដ្ឋាន «រឹងមាំ​»។

លោក​ថ្លែង​ថា​៖ «​ទី​២​ សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិប​តេយ្យ​​ត្រូវ​តែ​ចាប់​ផ្តើម​​ពី​កម្រិត​​ឃុំ​សង្កាត់​។ ​យើង​មាន​អ្វី​ទាំង​អស់​នេះ​នៅ​ថ្នាក់​ជាតិ។ ​ប៉ុន្តែ​ការ​អនុវត្ត​នៅ​ថ្នាក់​ក្រោម​​ដែល​នៅ​មាន​​ចន្លោះ​ប្រហោង​មួយ​ចំនួន​​នឹង​ធ្វើ​ឲ្យ​ប្រជា​ធិបតេយ្យ​​ពហុ​បក្ស​មិន​ រឹង​​មាំ​។ ដូច្នេះ ការ​ពង្រឹង​ប្រជាធិបតេយ្យ​​នៅ​ថ្នាក់​​ឃុំ​ សង្កាត់​​គឺ​ជា​គោល​ដៅ​របស់​រដ្ឋ​ភិបាល»។

​លោក​បាន​លើក​​ឧទាហរណ៍​​អំពី​ការ​បណ្តេញ​​​អភិបាល​រង​​ខេត្ត​ព្រះ​សីហនុ​ ២ នាក់​ចេញ​ពី​​តំណែង​ កាល​ពី​ពេល​ថ្មី​ៗ​ថា​ ដោយ​សារ​​ការ​ប្រើ​អំណាច​ខុស​។ «​​ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​លុបបំបាត់​​​ការ​រំលោភ​បំពាន​ទាំង​អស់​​។ កាល​ពី​អតី​ត​កាល​ អ្នកដែល​ទទួល​សេវា​ ​និង​អ្នក​ដែល​ផ្តល់​សេវា​ គឺ​ខ្វះ​តម្លា​ភាព​ គណ​នេយ្យ​ភាព​ ​​ហើយ​ពួក​គេ​មិន​អនុវត្ត​ច្បាប់​។ ​ទាំង​នេះ​​ធ្វើ​ឲ្យ​អ្នក​ផ្តល់​សេវា​​ មើល​ឃើញ​ខ្លួនឯង​ថា ​ជា​ចៅហ្វាយ​នាយ​ប្រជា​ពលរដ្ឋ​ ហើយ​ពួក​គេ​រំលោភ​បំពាន​អំណាច»។

លោក សុខ ឥសាន ​អ្នក​នាំពាក្យ​​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​ថ្លែង​ថា​ ជា​នីតិវិធី ​តំណាង​រាស្រ្ត​ត្រូវ​តែ​លាឈប់​​ ពី​​មុន​ពេល​គាត់​អាច​យក​​​តំណែ​ង​​ណា​មួយ​​​នៅ​ក្នុង​រដ្ឋា​ភិបាល។ «​នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​បែប​​ នេះ​ បក្ស​ហៅ​គាត់​​មក​សួរ​​ថា ​តើ​​​គាត់​នឹង​ទទួល​យក​​ឬ​អត់​? នៅ​ពេល​គាត់​យល់​ព្រម​​នោះ​គា​ត់​ត្រូវ​តែ​លា​ឈប់ [ពីសភា]»។

លោក ផៃ ស៊ីផាន ​អ្នក​នាំ​​ពាក្យ​រដ្ឋាភិបាល​ ​បាន​ពន្យល់​ថា ប្រធាន​​ក្រុម​ប្រឹក្សា​​រាជធានី​ភ្នំ​​ពេញ​​ មាន​ការ​ទទួល​ខុស​ត្រូវ ​«​នយោបាយ​»​។ លោក​​ថ្លែង​ថា ក្រុម​ប្រឹក្សា​ក្រុង​​ មើល​ខុស​ត្រូវ​លើ​ការ​ងារ​របស់​រដ្ឋបាល​ក្រុង។

​លោក អ៊ូ ច័ន្ទ​រ័ត្ន ​អតី​ត​តំណាងរាស្រ្ត​​​របស់​គណបក្ស​​សង្គ្រោះជាតិ ​ថ្លែង​ថា ​ចំណាត់​ការ​នេះ ​អាច​ដោយ​សារ​លោក សុជាតិ​វង្ស​​ ដឹង​​រឿង​ច្រើន​​អំពី​បញ្ហា​​នៅ​ក្នុង​រាជ​ធានី​ «​​ហើយ​វា​នឹង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​​ ប្រសិន​បើ​គាត់​ត្រឡប់​មក​វិញ។ ជា​ធម្មតា​ ​មិន​មាន​ការ​ត្រឡប់​ពី​​តំណែង​ខ្ពស់​មក​តំណែង​​ទាប​ ដូច​ជា​ការ​ចុះ​ពី​តំណែង​តំណា​ង​​រាស្រ្ត​មក​ធ្វើ​ជា​​​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី»។ «​វា​មិន​ផ្ទុយ​នីតិវិធី​ទេ»។

លោក ពេជ្រ​ ស្រស់ ​ប្រធាន​គណបក្ស​​យុវជន​កម្ពុជា ​ថ្លែ​ង​ថា៖ «​​កាល​ពេល​​គាត់​​ជា​អភិបា​ល​​​ក្រុងយើង​ឃើញ​ថា ​មាន​ការ​អភិ​​វឌ្ឍ​តិច​តួច​ និង​ដំណោះ​ស្រា​យ​​តិច​តួ​ច​ចំពោះ​ជម្លោះ​។ រដ្ឋា​ភិបា​ល​ប្តូរ​គាត់ប៉ុន្តែ​ឥឡូវ​នេះ​គាត់​ត្រឡ​​ប់​មក​វិញ​។ ដូច្នេះ​​នឹង​មិន​មាន​ការកែ​លម្អ​​ច្រើន​ទេ​​ដោយ​សារ​មនុ​ស្ស​ដដែល​ត្រឡ​ប់​​មក​វិញ ​មិន​មែន​មនុស្ស​ជំនាន់​ថ្មី»៕