ភ្នំពេញៈ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ចេញមកនិយាយជាសាធារណៈលើកដំបូងបំផុត ក្រោយគណបក្សរបស់លោក ត្រូវបានរំលាយដោយតុលាការកំពូល កាលពីខែវិច្ឆិកា កន្លងទៅ។ ជាអ្វីដែលលោកចង់ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃសុក្រនេះថា លោកពិតជាមានការបារម្ភពីសុវត្ថិភាព និងសុខចិត្តសម្ងំនៅស្ងៀមក្នុងប្រទេស ជាជាងធ្វើសកម្មភាពនយោបាយ។
លោកនិយាយថា ៖ «ខ្ញុំមិននឹងស្មានថា តុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ហើយហាមឃាត់ ១១៨នាក់ ធ្វើនយោបាយទេ»។
លោកបញ្ជាក់បន្ថែមថា ៖ «សព្វថ្ងៃនេះ មិនមែនមិនចង់ធ្វើ មិនចង់និយាយទេ តែគេយកស្កុតមកបិទមាត់ ហើយចង់ដៃខ្ញុំមិនឲ្យធ្វើ តែមានអ្នកខ្លះរិះគន់ថាខ្ញុំអត់ធ្វើអី ឲ្យខ្ញុំធ្វើអី បើគេចងដៃខ្ញុំជាប់ហើយ»។
ការបំបែកភាពស្ងប់ស្ងៀម របស់លោក ប៉ុល ហំម ជាមួយក្រុមអ្នកសារព័ត៌មាន គឺបានធ្វើឡើងនៅឯភោជនីយដ្ឋានមួយ នារាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី៤ ខែឧសភានេះ ក្នុងពេលលោកពិសា អាហារពេលព្រឹកជាមួយប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដែលគណបក្សលោក ទើបបានចេញការប្រកាស នៅថ្ងៃម្សិលមិញថា នឹងមិនចូលរួមការប្រកួតប្រជែងការបោះឆ្នោត នាខែកក្កដា ឆ្នាំ ២០១៨ នេះទេ ។
លោក វណ្ណុល ក៏ដូចលោក ប៉ុល ហំម ផងដែរ បានធ្វើការប្រៀបធៀបថា គណបក្សលោក ដែលមានអតីតមេដឹកនាំគឺលោក សម រង្ស៊ី មិនអាចចូលប្រកួតបោះឆ្នោតបានដោយសារ គេចងដៃជើងជាប់។ លោកបន្តថា ៖ «ឧទាហរណ៍ ក្រុម ២ ប្រកួតគ្នា ក្នុងលាន តែគេចងដៃជើងយើងជាប់ យើងមិនអាចទៅប្រកួតបានទេ។ ក្នុងលក្ខខណ្ឌនេះ យើងសុំពហិកា ការបោះឆ្នោត»។

ប្រធានគណបក្សភ្លើងទៀន បានហៅគណបក្សផ្សេងៗទៀត ឬគណបក្សតូចៗ ដែលខ្លះទើបបង្កើតថ្មី ដើម្បីចុះឈ្មោះចូលរួមប្រកួតការបោះឆ្នោតនេះថាជា «គណបក្សអំពិលអំពែក» ដែលអាចនឹងរលត់ទៅវិញក្រោយការបោះឆ្នោតហើយ ។
ទោះបីយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា មានប្រសាសន៍តបនឹងការលើកឡើងរបស់អ្នកទាំងពីរខាងលើថាអ្វីៗ ដែលពួកគាត់និយាយ «គឺដើម្បីកេងចំណេញផ្នែកនយោបាយ» តែប៉ុណ្ណោះ។
លោកបន្តថា ៖ «វាពិតហើយ ដែលតុលាការបានរំលាយ និងហាមឃាត់គាត់ (ប៉ុល ហំម) ពីនយោបាយ...អ៊ីចឹងមានន័យថាជើងដៃគាត់ត្រូវគេចង តែនេះជាសិទ្ធិតុលាការ ព្រោះគណបក្ស ហើយគាត់ប្រព្រឹត្តខុសច្បាប់»។
លោក ប៉ុល ហំម សព្វថ្ងៃក្នុងវ័យខ្ទង់ ៧០ ឆ្នាំ ធ្លាប់បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ថា ក្រោយការចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិ កាលពីខែកញ្ញា ឆ្នាំ ២០១៧ លោកចង់ចូលនិវត្តន៍ ហើយទៅធ្វើបុណ្យនៅវត្តវិញ។
កាលពីព្រឹកមិញ នៅពេលសាកសួរថាហេតុអី លោកដែលកំពុងស្ថិតក្នុងប្រទេសស្រាប់ មិនព្រមធ្វើអី្វមួយដើម្បីជួយលោក កឹម សុខា លោកបានអះអាងថា ជាកិច្ចការរបស់មេធាវី និងគ្រួសាររបស់គាត់ ដែលគួរដឹង «ពីរឿងសុខទុក្ខ» នៅក្នុងពន្ធនាគារ។
លោកថា ៖ «ខ្ញុំមិនអាចនិយាយជំនួសមេធាវីបានទេ។ ខ្ញុំក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំអត់ចង់ឲ្យមានបញ្ហា ខ្ញុំចង់ឲ្យមានការសម្របសម្រួល (នយោបាយ)»។
លោកក៏បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ដោយសារមិនមានភស្តុតាងដាក់បន្ទុកអ្វីទាំងអស់លើអតីតប្រធានបក្សរបស់លោក ។
លោកបញ្ជាក់ថា ៖ «ខ្ញុំជឿថា លោក កឹម សុខា មិនទៅធ្វើអីឲ្យច្របូកច្របល់ លើកទ័ព លើកទីង ឬបង្កហិង្សាដល់សង្គមអីទេ» បើមានការដោះលែងគាត់។
លោក ទាវ វណ្ណុល ក៏បានថ្លែងដូចលោក ប៉ុល ហំម ហើយលើកឧទារហណ៍នៃការដោះលែងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីដើមសប្តាហ៍នេះដែរ ប៉ុន្តែត្រូវស្ថិតក្រោមការឃ្លាំមើលពីតុលាការ។
ទោះយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បញ្ជាក់ជាថ្មី ថាអ្វីៗជាសិទ្ធិសម្រេចរបស់តុលាការ និងអះអាងថា ៖ «នោះជាក្តីសង្ឃឹមរបស់គាត់ប៉ុណ្ណោះ មិនអាចភ្ជាប់រឿង ក ទៅ រឿង ខ បានទេ។ ច្បាប់មិនអាចធ្វើតាមចិត្តឡើយ»។
ទោះបី គណបក្សភ្លើងទៀន ធ្វើពហិកាការបោះឆ្នោត គណបក្សមួយនេះ ក៏នៅតែត្រៀមខ្លួនជានិច្ចក្នុងកាលៈទេសៈ «បើស្ថានការណ៍ប្រសើរ»។
លោកថ្លែងថា ៖ «ខ្ញុំសង្ឃឹមថាសម្តេច (ហ៊ុន សែន) នឹងស្វែងរកដំណោះស្រាយផ្នែកនយោបាយជានិច្ច។ ខ្ញុំសង្ឃឹមពីឥឡូវ រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីឲ្យគ្រប់គណបក្សទាំងអស់ រួបទាមងបក្សប្រឆាំងចូលរួម ដើម្បីឲ្យមានលំហប្រជាធិបតេយ្យ»។
ចំពោះលោក ប៉ុល ហំម វិញហាក់មិនចង់និយាយពីស្ថានការណ៍ថាតើប្រសើរឬយ៉ាងណាទេ រហូតដល់ថ្ងៃបោះឆ្នោត។ លោកនិយាយយ៉ាងខ្លីថា ៖ «បើខ្ញុំអាចទស្សន៍ទាយបាន បើខ្ញុំអាចទស្សន៍ទាយចឹង ដាក់កន្ទេលមួយ(ធ្វើអ្នកទាយ) ទៅអង្គុយនៅវត្តភ្នំបាត់ហើយ»៕