The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ប៊ុន ហ៊ុន ពី​អនុរដ្ឋលេខាធិការ​មក​ប្រធាន​គណៈ​មេធាវី




លោក ប៊ុន ហ៊ុន ពី​អនុរដ្ឋលេខាធិការ​មក​ប្រធាន​គណៈ​មេធាវី

លោក ប៊ុន ហ៊ុន ពី​អនុរដ្ឋលេខាធិការ​មក​ប្រធាន​គណៈ​មេធាវី

121102_6
លោក ប៊ុន ហ៊ុន ទទួលត្រាចូលកាន់តំណែងប្រធានគណៈមេធាវីអាណត្តិថ្មី ហេង ជីវ័ន

ភ្នំពេញៈ លោក ប៊ុន ហ៊ុន ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ កាលពី​ម្សិលមិញ​បាន​ទទួល​ត្រា​ចូល​កាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អាណត្តិ​ទី ៩ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត កាលពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ។

នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង ដែល​ស្ថិត​ក្រោម​អធិបតី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ កាលពី​ម្សិលមិញ លោក ប៊ុន ហ៊ុន ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី៩ ថ្មី បាន​ថ្លែង​ថា ក្នុង​តួនាទី​ជា​ប្រធាន​គណៈមេធាវី​ថ្មី លោក​នឹង​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​បន្តទៀត​ដោយ​ធ្វើ​ការ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​លក្ខន្តិកៈ​គណៈ​មេធាវី និង​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​នូវ​ចំណុច​ណា​ដែល​មិន​ទាន់​បាន​វិវឌ្ឍ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​យើង​ត្រូវ​រៀបចំ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​វិវឌ្ឍ​ទៅ​តាម​សភាព​ការណ៍​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ ព្រោះ​វិជ្ជាជីវៈ​មេធាវី​ត្រូវ​តែ​មាន​ការ​វិវឌ្ឍ​ឲ្យ​ទាន់​សង្គម»។ លោក​បន្ត​ថា យើង​ត្រូវ​គិត​ផង​ដែរ​ទាក់ទង​នឹង​ការងារ​មេធាវី ដោយ​ត្រូវ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ផ្តល់​វិជ្ជាជីវៈ​ស្រប​ច្បាប់ ព្រោះ​ការងារ​ទាំង​អស់ ប្រសិន​បើ​រាំងស្ទះ​វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​វិជ្ជាជីវៈ​ដែរ ព្រោះ​មេធាវី​ជា​ចលករ ក្នុង​ការ​ការពារ​សិទ្ធិ​និង​សេរីភាព​សម្រាប់​សង្គម។

លោក​បញ្ជាក់​ឲ្យ​ដឹង​ថា គណៈមេធាវី​ក្នុង​១អាណត្តិ មាន​រយៈពេល​២​ឆ្នាំ ហើយ​ប្រសិន​បើ​ប្រធាន​មាន​ប្រជាប្រិយភាព​ក្នុង​ការ​ដឹក​នាំ​នោះ សមាជិក​អាច​បោះឆ្នោត​ឲ្យ​ដឹក​នាំ​បាន​ត្រឹម​តែ​២​អាណត្តិ។ ចំណែក ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ដែល​មាន​នាទី​គ្រប់គ្រង​គណៈ​មេធាវី​វិញ ក្នុង​១​អាណត្តិ មាន​រយៈពេល​៣​ឆ្នាំ។

លោក​ឲ្យ​ដឹង​ថា ក្នុង​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សមាជិក​ពេញ​សិទ្ធិ​ទាំង​អស់ ៦៩១​នាក់ និង​មេធាវី​កម្ម​សិក្សា​មាន​ចំនួន​៩២​នាក់ ក្នុង​នោះ មាន​មេធាវី​ជា​ស្ត្រី​ចំនួន​១៥០​នាក់ ហើយ​គណៈ​មេធាវី​បាន​បណ្តុះ​បណ្តាល​មេធាវី​បាន​១១​ជំនាន់​រួច​មក​ហើយ។

លោក សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា វិជ្ជាជីវៈ​មេធាវី​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ទេ ទាំង​នៅ​ក្នុង​សង្គម​កម្ពុជា ក៏​ដូចជា ប្រទេស​នានា​លើ​សកល​លោក។ ដោយ​ហេតុ​ថា មេធាវី​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​ទៅលើ​ខ្លឹម​សារ​ច្បាប់ នីតិវិធី​និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់ ទើប​មនុស្ស​គ្រប់​រូប​តែង​ស្វែងរក​ការ​ពិគ្រោះ​យោបល់ និង​ការ​ការពារ​ក្តី ពី​មេធាវី។

លោក​បញ្ជាក់​ថា៖ «មេធាវី​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ តុល្យភាព​រវាង​អំណាច​រដ្ឋ និង​បុគ្គល​ឯកជន​រវាង​អ្នក​មាន និង​អ្នក​ក្រ ពិសេស​វត្តមាន​របស់​មេធាវី ក្នុង​ការពារ​ក្តី​ក្នុង​សវនាការ​អាច​ជំរុញ​ឲ្យ​ការ​អនុវត្ត​នីតិវិធី ក្នុង​តុលាការ​បាន​កាន់​តែ​រលូន ព្រម​ទាំង​ជួយ​ឲ្យ​ការ​សម្រេច​ក្តី​របស់​ចៅក្រម​ប្រកប​ដោយ​យុត្តិធម៌​ផង»។

លោក ជីវ សុងហាក់ អតីត​ប្រធាន​គណៈមេធាវី​ផុត​អាណត្តិ​បាន​លើក​ក្នុង​របាយការណ៍​ការងារ​កន្លង​មក​ថា គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​លោក​បាន​ការពារ​រឿង​ក្តី​ជូន​ជនក្រីក្រ បាន​ចំនួន​៤ ៩១៩​ករណី ដែល​មាន​កូនក្តី​សរុប​ចំនួន ៦ ៩៤៤​នាក់ ក្នុងនោះ មាន​កូន​ក្តី​ជា​អនីតិជន​ចំនួន ៥៣៥​នាក់។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​អាណត្តិ​៨​នៃ​ការ​គ្រប់គ្រង​កន្លង​ទៅ គណៈ​មេធាវី​គឺ​បាន​លុប​បំបាត់​អ្នក​រត់ការ​ក្រៅ​ច្បាប់​ដែល​រំលោភ​លើ​វិជ្ជាជីវៈ​មេធាវី លុប​បំបាត់​មេធាវី​បរទេស​ដែល​កំពុង​លួច​ប្រកប​វិជ្ជាជីវៈ​មេធាវី​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​រូបភាព​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​គណៈមេធាវី។ ចំណែក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​លក្ខន្តិកៈ​គណៈមេធាវី និង​បទ​បញ្ជា​ផ្ទៃ​ក្នុង គឺ​នៅ​ពុំទាន់​បាន​សម្រេច​នៅ​ឡើយ»។

តាម​ការ​ឲ្យ​ដឹង​ពី​សមាជិក​គណៈមេធាវី ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈ​មេធាវី និង​ក្រុម​ប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី៩ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ ២០១២​នេះ។ សម្រាប់​តំណែង​ប្រធាន​អាណត្តិ​ថ្មី​នេះ មាន​បេក្ខជន​ប្រជែង​ទាំង​អស់ មាន​ចំនួន​៩ រូប។ លទ្ធផល​ឆ្លង​តាម​ការ​បោះឆ្នោត គឺ លោក ប៊ុន ហ៊ុន ត្រូវ​បាន​ឈ្នះ​សម្រាប់​តំណែង​ប្រធាន​អាណត្តិ​ថ្មី​នេះ។ លោក ប៊ុន ហ៊ុន ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​មេធាវី​មួយ​រូប​ផង នៅ​ពេល​ជាប់​ជា​ប្រធាន​គណៈ​មេធាវី​កម្ពុជា លោក​ត្រូវ​លាលែង​នូវ​មុខ​តំណែង​ចាស់​ទាំង​នោះ​ផង​ដែរ មុន​នឹង​ចូល​កាន់​តំណែង​ថ្មី​នេះ។ ក្នុង​នេះ​ដែរ​រចនាសម្ព័ន្ធ​គណៈ​មេធាវី ក្រៅ​ពី​ប្រធាន ក៏​នៅ​មាន​ក្រុម​ប្រឹក្សា​ចំនួន​ពីរ នាយក​ដ្ឋាន​ចំនួន​៤ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​មួយ ហើយ​និង​គណៈកម្មការ​បច្ចេកទេស​ចំនួន​បី​បន្ថែម​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។