ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា កម្ពុជា​ប្ដេជ្ញាចិត្ត​ក្នុង​ការបង្កើន​ការជ្រើសរើស​ស្ត្រី​ឲ្យ​ចូល​បម្រើ​ការងារ​ និង​បង្កើត​បរិយាកាស​ឲ្យ​ស្ត្រី​បញ្ចេញ​សក្ដានុពល​ពេញលេញ​ក្នុង​ការអភិវឌ្ឍ​ និង​ការកសាង​សន្តិភាព​។

លោក​ ប្រាក់ សុខុន បាន​លើក​​ឡើង​ដូចនេះ​នៅក្នុង​សុន្ទរកថា បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​ «​ការពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ការកសាង និង​ការថែរក្សា​សន្តិភាព​ពី​ការប្តេជ្ញាចិត្ត​រហូតដល់​លទ្ធផល​»​កាលពី​ថ្ងៃទី​ ៧ ខែធ្នូ​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​សរុបសេចក្តី​មក ខ្ញុំ​សូម​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្ត​របស់​កម្ពុជា​ក្នុង​ការបង្កើន​នូវ​ការជ្រើសរើស​ស្ត្រី​ឱ្យចូល​បម្រើ​ការងារ បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ស្ត្រី​ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​សក្តានុពល​ពេញលេញ​របស់​ពួកគេ និង​ពង្រីក​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​ដំណើរការ​កសាង​សន្តិភាព​ជុំវិញ​ពិភពលោក​»​។

​បើ​តាម​លោក ប្រាក់ សុខុន ​ស្ត្រី និង​ក្មេងស្រី​មាន​អំណាច​ក្នុងការ​ផ្លាស់ប្តូរ និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​វិជ្ជមាន​។ ពួកគេ​អាច​ចូលរួមចំណែក​ជួយ​កសាង​សង្គម​ប្រកប​ដោយ​ភាពត្រឹមត្រូវ​បរិយាប័ន្ន វិបុលភាព និង​សន្តិភាព​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផ្នត់គំនិត​អំពី​សក្តានុពល និង​ការពាក់ព័ន្ធ​របស់​ស្ត្រី​ និង​ក្មេងស្រី​នៅតែ​បន្ត​កើតមាន​ជាពិសេស​ក្នុង​វិស័យ​កសាង​សន្តិភាព និង​សន្តិសុខ​។

ចាប់ពី​អតីតកាល​ដ៏មហា​សោកនាដកម្ម​កម្ពុជា​បាន​មើលឃើញ​ពី​ថាមពល និង​ភាពរឹងមាំ​របស់​ស្ត្រី​ក្នុង​ការកសាង​សង្គមជាតិ​ឱ្យ​រស់​ឡើងវិញ​ព្រមទាំង​បង្កើត​បរិយាកាស​សន្តិភាព និង​សន្តិសុខ​ដែលមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រទេសជាតិ​។ នេះ​ជា​ការលើកឡើង​របស់​លោក​ ប្រាក់ សុខុន​។

លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ក្នុង​ការបង្កើន​ចំនួន​ស្ត្រី​ទៅក្នុង​ជួរ​មន្ត្រីរាជការ ដោយ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ មន្ត្រីរាជការ​ជា​ស្ត្រី​មាន​ចំនួន​ ៤១ ​ភាគរយ ហើយ​ចំនួន​នេះ​កំពុង​កើនឡើង​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ និង​ក្នុង​មុខ​តំណែង​ជា​អ្នកធ្វើ​ការសម្រេចចិត្ត​។ បច្ចុប្បន្ននេះ​ស្ត្រី​កម្ពុជា​ទទួលបាន​នូវ​ការគាំទ្រ និង​ការគាំពារ​សង្គម​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការជំរុញ​ឱ្យ​ទទួល​បាន​ការថែរក្សា សុខភាព​ការការពារ​ផ្នែក​ច្បាប់ និង​យុត្តិធម៌​ប្រឆាំង​នឹង​អំពើហិង្សា​ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​។

លោក​បាន​បន្ថែមថា លើសពី​នេះ​ទៀត រដ្ឋាភិបាល​ក៏បាន​គាំទ្រ និង​គាំពារ​ស្ត្រី​លើ​ផ្នែក​សេដ្ឋកិច្ច​ដូចជា តាមរយៈ​ការពង្រីក​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម​ដែល​មាន​ចំនួន​ ៦១ ​ភាគរយ គ្រប់គ្រង​ដោយ​ស្ត្រី​។ ​ការចូលរួម​របស់​ស្ត្រី​ក្នុង​ការថែរក្សា​សន្តិភាព ក៏​ជា​ជ្រុង​មួយ​ផ្សេងទៀត​នៃ​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​។

លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា​៖ «​ចាប់តាំងពី​ឆ្នាំ​ ២០០៦ កម្ពុជា​បាន​បញ្ជូន​កងរក្សា​សន្តិភាព​ជា​ស្ត្រី​ចំនួន​ ៤១៩ ​នាក់​ ក្នុង​ចំណោម​កងរក្សា​សន្តិភាព​សរុប ៧ ១២៣ ​នាក់ ​ទៅកាន់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​ចំនួន​ ៩​។ ​ឆ្នាំនេះ​ស្ត្រី​ចំនួន​ ៩២ ​នាក់​ ក្នុងចំណោម​កង​រក្សា​សន្តិភាព​​កម្ពុជា​ចំនួន​ ៧៨១ ​នាក់​ កំពុង​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ ៥ ​ប្រទេស​»​។

ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ២ នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ជាប់​ចំណាត់ថ្នាក់​លេខ​ ១៧ ក្នុង​ពិភពលោក ដែល​បាន​បញ្ជូន​កងទ័ព​ជា​ស្ត្រី​ចូលរួម​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​​អង្គការ​សហប្រជាជាតិ​។ នេះ​បើតាម​លោក​ ប្រាក់ សុខុន​។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា អង្គការ​សហប្រជាជាតិ​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​នានា​យក​ស្ត្រី និង​ក្មេងស្រី​ជា​ស្នូល​នៃ​កិច្ចប្រឹងប្រែង​របស់ខ្លួន​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការសាង​សន្តិភាព និង​ការស្ដារ​ឡើងវិញ​ពី​កូវីដ​១៩​។ ទាំងនេះ​ចាប់ផ្ដើម​ដោយ​ការកំណត់​យក​ស្ត្រី​ជា​ថ្នាក់ដឹកនាំ មាន​តំណាង​ស្មើគ្នា និង​មានអំណាច​ក្នុងការ​សម្រេចចិត្ត​ដូចគ្នា​។

លោកស្រី​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​ការការពារ​ និង​ការពង្រីក​សិទ្ធិ​ក្នុង​ការចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ចការ​សាធារណៈ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការកំណត់​ភាពធន់​នាពេល​អនាគត​។ ភាពស្មើគ្នា​ផ្នែក​យេនឌ័រ និង​សិទ្ធិ​របស់​ស្ត្រី​មាន​សារៈសំខាន់​ណាស់​ក្នុង​ការឆ្លងកាត់​ការរាតត្បាត​សកល​នេះ​ទាំងអស់​គ្នា ការស្ដារ​ឡើងវិញ​កាន់តែ​ឆាប់រហ័ស ការកសាង​អនាគត​មួយ​ដែល​កាន់​តែមាន​សន្តិភាព និង​កាន់តែ​ប្រសើរ​សម្រាប់​​មនុស្ស​គ្រប់រូប​»៕