ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចាត់ទុក​ថា ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការកសាង​សហគមន៍​អាស៊ាន​ និង​មជ្ឈភាព​របស់​អាស៊ាន​។

នេះ​បើតាម​សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​កាលពី​ចុង​សប្ដាហ៍​មុន​។

ការលើកឡើង​របស់​លោក ប្រាក់ សុខុន ដូចនេះ​បានធ្វើ​ឡើង​ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​​​ វៀតណាម ​កាលពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី​ ១៧ ​ខែ​មករា​កន្លង​ទៅ​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​សៅរ៍​បាន​ដកស្រង់​សម្ដី​លោក​ ប្រាក់ សុខុន មក​បញ្ជាក់​ពាក់ព័ន្ធ​នឹង​សសរស្ដម្ភ​នយោបាយ​សន្តិសុខ​អាស៊ាន​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ផ្តួចផ្តើម​ និង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​​មីន​កម្ពុជា ជានិច្ចកាល​ប្តេជ្ញាចិត្ត​ជួយ​មជ្ឈមណ្ឌល​ឱ្យ​ដំណើរការ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្កើន​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​។

លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការកសាង​សហគមន៍​អាស៊ាន​ និង​មជ្ឈភាព​របស់​អាស៊ាន​»​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​អាទិត្យ​មិនបាន​បញ្ជាក់​បន្ថែម​ជុំវិញ​កិច្ចប្រជុំ​នេះ​ទេ ដោយ​លោក​បង្វែរ​ឱ្យ​យោង​ទៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​វិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បន្ថែមថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ជជែក​គ្នា​ក្នុងន័យ​ស្ថាបនា​រវាង​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដែស​ចំពោះ​ដំណើរការ​នៃ​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជន​បាត់បង់​លំនៅ​នៅ​រដ្ឋ​រ៉ាក់ឃីន​។ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏​បាន​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អាស៊ាន​ក្នុង​ការដឹកនាំ​ការអនុវត្ត​អនុសាសន៍​នៃ​ការវាយតម្លៃ​សេចក្តី​ត្រូវការ ហើយ​បាន​ទន្ទឹង​រង់ចាំ​មើល​ការអនុវត្ត​នូវ​ការវាយតម្លៃ​ពី​តម្រូវការ​គ្រប់​ជ្រុងជ្រោយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បានបង្ហាញ​ពី​ការត្រៀម​រួចរាល់​របស់​អាស៊ាន​ក្នុង​ការជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​ការធ្វើ​មាតុភូមិនិវត្តន៍​ឱ្យបាន​ឆាប់រហ័ស មាន​សុវត្ថិភាព និង​មាន​សណ្តាប់ធ្នាប់​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​កិច្ចពិគ្រោះ​យោបល់​រវាង​អាស៊ាន​ និង​ចិន ជាពិសេស​ការបញ្ចប់​ការពិភាក្សា​ជុំ​ទី​ ១ និង​ការចាប់ផ្តើម​ពិភាក្សា​ជុំ​ទី​ ២ ​នៃ​សេចក្តី​ព្រាង​អត្ថបទ​ចរចា​តែមួយ​នៃ​ក្រម​ប្រតិបត្តិការ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​រំពឹងទុក​ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​ (RCEP) ​នៅ​ឆ្នាំនេះ​ដែល​នឹង​រួមចំណែក​បន្ថែម​ទៀត​ដល់​កំណើន​សេដ្ឋកិច្ច និង​វិបុលភាព​ក្នុង​តំបន់​។

ដោយឡែក​នៅក្នុង​គេហទំព័រ​​របស់​អាស៊ាន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ខែ​មករា​កន្លង​ទៅ​បាន​ដកស្រង់​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ ដោយ​បាន​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការថែរក្សា និង​លើកកម្ពស់​​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​។

សេចក្ដី​ថ្លែងការណ៍​នោះបាន​​លើក​យក​វិធី​ដោះស្រាយ​បញ្ហា​​ដោយ​សន្តិវិធី​នៃ​ជម្លោះ រួមទាំង​ការគោរព​ពេញលេញ​សម្រាប់​ដំណើរការ​ផ្នែក​ច្បាប់ និង​ការទូត​ដោយ​គ្មាន​ងាក​ទៅ​រក​ការគំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង ដោយ​អនុលោម​ទៅ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួលស្គាល់​ជា​សកល ​និង​អនុសញ្ញា​នៃ​ច្បាប់​ស្តីពី​លម្ហ​សមុទ្រ​ (UNCLOS) របស់​​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​ ១៩៨២ ផងដែរ​៕