ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន ថ្លែងប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-រុស្សី ថា ប្រទេស​ទាំងអស់​ចាំបាច់​ត្រូវ​ទទួល​បាន​នូវ​ថ្នាំ​បង្ការ​​ និង​វ៉ាក់សាំង​ជំងឺ​រាតត្បាត​បាន​ទាន់​ពេលវេលា និង​មានតម្លៃ​សមរម្យ ព្រោះ​វា​ជា​ទំនិញ​រួម​របស់​ពិភពលោក​។

លោក​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-រុស្ស៊ី​តាមរយៈ​ប្រព័ន្ធ​ Video Conference ស្តីពី​ជំងឺឆ្លង​កូវីដ ​១៩ ដែលមាន​ប្រទេស​ឥណ្ឌូនេស៊ី និង​រុស្ស៊ី​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​។

លោក ប្រាក់ សុខុន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​គំរាមកំហែង​នៅពេល​អនាគត ដូចជា​ជំងឺ​រាតត្បាត​ជាដើម ពហុភាគី​និយម​គឺជា​អ្វីដែល​មិនអាច​ខ្វះ​បាន ព្រោះ​បណ្តា​ប្រទេស​នានា​ត្រូវការ ការសម្របសម្រួល និង​ការឆ្លើយតប​រួមគ្នា​ថែមទៀត ដោយ​ផ្អែកលើ​ទិន្នន័យ​វិទ្យាសាស្ត្រ និង​ភ័ស្តុតាង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី​ ១៧ ខែមិថុនា​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ដកស្រង់​សម្ដី​លោក​ថា​៖ «​ប្រទេស​ទាំងអស់​ចាំបាច់​ត្រូវ​ទទួល​បាន​ទាន់ពេលវេលា និង​ដោយ​គ្មាន​ការរារាំង​នូវ​ថ្នាំ​បង្ការ​ និង​វ៉ាក់សាំង​ដែល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​មាន​តម្លៃ​សមរម្យ ដែល​ជា​ទំនិញ​រួម​របស់​ពិភពលោក​»​។

លោក​ថ្លែង​បន្ត​ថា ភាគី​ទាំង​ ២ ​គួរតែ​បន្ត​ទាញ​ការគាំទ្រ​បន្ថែមទៀត​ពី​ដៃគូ​ក្នុង​តំបន់ ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​សកម្មភាព​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ជំរុញ​សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ​ស្តីពី​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ឆ្នាំ​ ២០១៨-២០២២ ដែល​​ផ្តល់​អាទិភាព​ដល់​កិច្ច​សហប្រតិបត្តិការ​លើ «​បញ្ហា​សុខភាព​ពិភពលោក និង​ជំងឺឆ្លង​រាតត្បាត​នានា​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ទាំងអស់​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ គឺ​សុទ្ធសឹងតែ​មានបំណង​រួម​ដូចគ្នា​ដើម្បី​ឱ្យ​មាន​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ឱ្យបាន​ឆាប់រហ័ស និង​មាន​តម្លៃ​សមស្រប​ដែល​អាច​ធានាថា ប្រទេស​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ទន់ខ្សោយ​អាចមាន​លទ្ធភាព​ប្រើប្រាស់​បាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា អ្វីដែល​ឯកឧត្តម ប្រាក់ សុខុន គាត់​បានលើក​ឡើង​នេះ វា​គឺជា​គោលបំណង​រួម​របស់​បណ្តា​​ប្រទេស​ទាំងអស់​ដែល​ទទួលផល​ប៉ះពាល់​ពី​កូវីដ​ ១៩»៕