ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនា​យក​រដ្ឋ​មន្រ្តីរដ្ឋ​មន្រ្តីការ​បរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ ​នៅ​ថ្ងៃ​ទី​២១ ​ខែ​មករា​ បាន​​​ចូល​រួម​កិច្ច​ប្រប្រជុំរដ្ឋ​មន្រ្តី​​ការ​បរ​ទេស​​ នៃ​កិច្ច​សន្ទនា សហ​ប្រតិប​ត្តិការ​អាស៊ី​លើក​ទី ១៧ (17thACD)​ តាម​​ប្រព័ន្ធ​​វីដេ​អូ​​ជា​មួយ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​​ នៃរដ្ឋ​សមាជិក​ទាំង ៣៥ របស់​កិច្ច​សន្ទនា​​ នៃ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​អាស៊ី ដោយ​បាន​ពិភា​ក្សា​អំពី​កិច្ច​សហ​​ប្រតិបត្តិការ លើ​វិស័យ​សំខាន់ៗ និង​បញ្ហា​ប្រឈម​នានា ​ដែល​បាន​បង្ក​ដោយ​សារ​ជំងឺ​រាត​ត្បាត​កូវីដ​១៩។

ការ​ចូលរួម​កិច្ច​ប្រជុំ​​របស់​លោក ប្រាក់ សុខុន គឺឆ្លើយ​តាប​​តាម​​​ការ​អញ្ជើញ​របស់​លោក លោក ម៉េវលុត ឆាវូស៊ូលុ (MevlütÇavuşoğlu)​ រដ្ឋមន្រ្តី​ការ​បរទេស​​ នៃ​សាធា​រណ​​រដ្ឋ​តួកគី​។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ក្រោមប្រធាន​បទ​ «ទេស​ចរណ៍​ធម្ម​តា តា​មបែប​គន្លង​ថ្មី មាន​សុវត្ថិ​ភាព និងសុខ​ភាព​ល្អ»។

តាម​សេ​ច​ក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​ការទេស​ឲ្យ​ដឹង​ថា​​៖«កិច្ច​ប្រ​ជុំ​នេះ ​​​​បាន​ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ​វិស័យ​សំខាន់ៗ​ និ​ង​​បញ្ហា​ប្រឈម​នានា​ ដែល​បាន​បង្ក​ដោយ​សារ​ជំងឺ​រាត​ត្បាត​កូវីដ​១៩ ក៏ដូចជា​រិះ​រក​​ទស្សន​​វិស័យ​នានា ​ក្នុង​ការ​ស្តារ​សេដ្ឋ​កិច្ច-សង្គម​ឡើង​វិញ ដើម្បី​ផល​ប្រយោ​ជន៍​ពិត​ប្រាកដ​ របស់​​ប្រជាជន​ ដោយ​ស្រប​ទៅតាម​ចក្ខុវិស័យ​នៃ​កិច្ច​ប្រជុំ ACD សំរាប់​ឆ្នាំ​២០៣០»។

ក្រសួង​ការបរ​ទេស​ឱ្យដឹង​ថា ​កិច្ចប្រជុំ ACD នេះ ​ត្រូវបានរៀបចំ​ឡើងជាទៀងទាត់​ ដែលត្រូវ​បាន​បើក​កិច្ច​ប្រ​ជុំ​ជា​លើក​​ដំបូង​កាល​ពីខែ មិថុនា ឆ្នាំ២០០២ នៅ​ទីក្រុង​ឆាអាម ប្រទេស​ថៃ។

គោល​ដៅ​នៃកិច្ចប្រជុំ ACD គឺជំរុញ​ការ​ពឹង​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​វិស័យ​ ពង្រីក​ទីផ្សារ​ពាណិជ្ជ​កម្ម និងហិរញ្ញវត្ថុ​នៅអាស៊ី លើក​កម្ពស់​ភាព​ប្រកួត​ប្រ​ជែង​សេដ្ឋ​កិច្ច​របស់​អាស៊ី​ នៅ​ក្នុង​ទីផ្សា​រ​​​សកល​ និងការប្រែ​ក្លាយ​តំបន់​អាស៊ី​ ទៅ​ជាសហគមន៍​អាស៊ីមួយ ដែល​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ពិភព​​លោក​ទាំង​មូល​កាន់​តែមាន​គោល​​ជំហរ​​​ស្មើ​ភាព​គ្នា និង​ចូល​រួម​ចំណែក​កាន់តែវិជ្ជមាន​ ដល់​សន្តិ​ភាព​និងវិបុល​ភាព​ទៅ​វិញទៅ​មក៕​