ភ្នំពេញៈ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនិងឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិកបង្ហាញក្ដីបារម្ភជាថ្មីអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ អ្នកសិក្សាស្រាវជ្រាវបានរំឭកថាការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជានឹងមានលទ្ធផលផ្ទុយពីការចង់បាន។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងសហភាពអឺរ៉ុបនិងប្រទេសអាស៊ាន កាលពីថ្ងៃចន្ទ។ ក្នុងឱកាសនោះលោកបានឆ្លៀតជួបទ្វេភាគីជាមួយលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនិងឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិក។ ក៏ប៉ុន្តែក្រសួងការបរទេសមិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចប្រជុំទាំង ២ នោះទេ ក្រៅពីបង្ហោះព័ត៌មានខ្លីស្ដីពីជំនួបទ្វេភាគីនោះ ខណៈដែលអ្នកនាំពាក្យក្រសួង លោក កេត សោផាន់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ក៏ប៉ុន្តែលោកស្រី Cecilia Malmström បានបង្ហោះសារនៅលើបណ្ដាញធ្វីធើររបស់លោកស្រីថាលោកស្រីបានជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន អំពីក្តីបារម្ភនិងលទ្ធភាពនៃការដកប្រព័ន្ធ EBA។
លោកស្រីសរសេរថា៖ «យើងបានពិភាក្សាពីកិច្ចព្រមព្រៀង EBA និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះនេះ។ យើងបានបញ្ជាក់សាជាថ្មីអំពីក្តីបារម្ភរបស់យើងអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ សហភាពអឺរ៉ុបបន្តរក្សាផ្លូវសម្រាប់ការពិភាក្សាដោយបើកចំហ»។
លោកស្រីស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបរូបនេះ កាលពីខែតុលាឆ្នាំ ២០១៨ បានជូនដំណឹងដល់កម្ពុជាថា សហភាពអឺរ៉ុបបានចាប់ផ្ដើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយសារតែមានការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការរំលាយបក្សប្រឆាំង CNRP ការចាប់លោក កឹម សុខា និងការដកហូតតំណែងក្រុមប្រឹក្សាឃុំសង្កាត់ពីបក្សប្រឆាំង រួមទាំងការបិទសិទ្ធិធ្វើនយោបាយមន្ត្រី CNRP ១១៨ នាក់។
ស្រដៀងគ្នានេះ ឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Didier Reynders ក៏បានជួបជាមួយលោក ប្រាក់ សុខុន ដែរ។ លោក Reynders បានសរសេរលើធ្វីធើរថា៖ «(ខ្ញុំ) មានការពិភាក្សាជាមួយសមភាគីកម្ពុជា ដោយខ្ញុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្ដារនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ដែលនេះនឹងធ្វើឲ្យទំនាក់ទំនងជាមួយសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅ»។
អ្នកសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតម្នាក់បានអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានឹងធ្វើឲ្យអ្នកក្រីក្ររងផលប៉ះពាល់ ហើយអាចនឹងមានលទ្ធផលផ្ទុយពីការរំពឹងទុកពាក់ព័ន្ធនឹងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
អ្នកស្រី Cindy Cao អ្នកស្រាវជ្រាវថ្នាក់បណ្ឌិតផ្នែកនយោបាយសកលនៅសាកលវិទ្យាល័យ Leicester និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអាស៊ី ហៅកាត់ថា EIAS បានបោះពុម្ពការសិក្សាស្រាវជ្រាវមួយកាលពីខែតុលាឆ្នាំ ២០១៨ ដោយដាក់ចំណងជើងថា «ទណ្ឌកម្មពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលើកម្ពុជា៖ ការពិភាក្សាលើក្រមសីលធម៌»។
របាយការណ៍ស្រាវជ្រាវបានសេរសេរថា ការដក EBA ពីកម្ពុជាប្រៀបបាននឹងអាវុធមុខ ២ ដោយអ្នកស្រីលើកឡើងថា វានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីអឺរ៉ុបនិងកម្ពុជា ធ្វើឲ្យរោងចក្រប្រមាណ ៥០ ភាគរយដកខ្លួនចេញពីកម្ពុជាក្នុងរយៈពេល ១៨ ខែនៃនីតិវិធីដក។ ការដក EBA នឹងធ្វើឲ្យមានគម្លាតភាពក្រីក្រកាន់តែធំ ធ្វើឲ្យស្ត្រី សហគមន៍ជនជាតិភាគតិច និងជនដែលងាយរងគ្រោះទទួលរងខ្លាំងជាងគេ។
របាយការណ៍សរសេរថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានគេរកឃើញថាមានជោគជ័យតែចន្លោះពី ៥ ទៅ ៣០ ភាគរយប៉ុណ្ណោះក្នុងការសម្រេចអ្វីដែលគេចង់បាន ប៉ុន្តែ ពី ៦៥ ទៅ ៩៥ ភាគរយគឺទទួលបរាជ័យ។
អ្នកស្រី Cindy បានស្រង់សម្ដីលោក John Harley Breen អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនៅទីក្រុងឡុងដ៍ ដោយលោកបានថ្លែងថា៖ «វាពិបាកមើលឃើញថា ការដាក់ទណ្ឌកម្មនឹងមានផលរយៈពេលយូរ។ ទណ្ឌកម្មជាទូទៅជាឧបករណ៍មិនមុតស្រួច ហើយប្រសិនបើសហភាពអឺរ៉ុបជ្រើសរើសយកវិធានការនេះសម្រាប់កម្ពុជា ពួកគេទំនងជាមិនមានឥទ្ធិពលសំខាន់ផ្នែកនយោបាយទេ»។
អ្នកស្រីបន្តថា វិធានការបែបបង្ខំរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា អាចធ្វើឲ្យទទួលផលផ្ទុយដោយរដ្ឋាភិបាលអាចនឹងឆ្លើយតបក្នុងរូបភាពការពារអធិបតេយ្យភាពជាតិ។ អ្នកស្រីអះអាងថា កម្រិតនៃភាពជឿទុកចិត្តគ្នារវាងសហភាពអឺរ៉ុបនិងកម្ពុជាបានខូចខាតដោយកត្តាផ្សេងៗ ហើយទំនាក់ទំនងនេះគួរតែស្ដារឡើងវិញ។
អ្នកស្រីសរសេរថា៖ «សហភាពអឺរ៉ុបគួរតែជ្រើសរើសយកការដាក់ទណ្ឌកម្មដោយផ្នែកណាមួយនិងដោយការប្រុងប្រយ័ត្ន និងចៀសវាងការប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗដូចជាកាត់ដេរនិងស្បែកជើង ដែលមានប្រមាណ ៧៥ ភាគរយនៃការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប»។
ជាការផ្ដល់អនុសាសន៍ អ្នកស្រីបានថ្លែងថា សហភាពអឺរ៉ុបគួរកំណត់ព្រំដែនឲ្យបានច្បាស់និងជាក់លាក់ក្នុងការដាក់ទណ្ឌកម្មបែបនេះ។ ចំណុចជាអនុសាសន៍ខ្លះរួមមានការដាក់ក្នុងរយៈពេលខ្លី បន្តិចម្ដងៗ និងដោយផ្នែក និងត្រូវមានក្តីរំពឹងទុកជាក់លាក់ពីទណ្ឌកម្មនេះ។ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងប្រាប់តាមអ៊ីមែលកាលពីម្សិលមិញថា សហភាពអឺរ៉ុបបានស្វាគមន៍ចំពោះសកម្មភាពកាលពីពេលថ្មីៗរបស់កម្ពុជា រួមមានការដោះលែងអ្នកនយោបាយកាលពីខែសីហា និងកញ្ញា ក៏ដូចជាការដោះលែងសកម្មជនសង្គមស៊ីវិល និងអ្នកសារព័ត៌មាន។
អឺរ៉ុបបានស្វាគមន៍ដល់ការការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអនុញ្ញាតឲ្យអ្នកជាប់បម្រាមមានសិទ្ធិធ្វើនយោបាយឡើងវិញ។ សហភាពអឺរ៉ុបក៏ស្វាគមន៍ដល់វិធានការក្នុងដំណោះស្រាយការរឹតត្បិតសង្គមស៊ីវិលនិងសកម្មភាពរបស់សហជីពការងារ។
លោកថា៖ «ទាំងនេះជាដំណើរការវិជ្ជមាន ហើយយើងសង្ឃឹមថានឹងឃើញ (រដ្ឋាភិបាល) បន្តការងារនេះ។ សហភាពអឺរ៉ុបបានបញ្ជាក់ច្បាស់ថានឹងរក្សាឲ្យមានការសន្ទនាជាមួយកម្ពុជាដោយបើកចំហ»៕