ភ្នំពេញៈ លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​ នឹងទៅ​ធ្វើ​ជា​សហ​ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ឡាវ ​រយៈ​ពេល​ ២ ​ថ្ងៃ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី ២១-២២ ខែ​កុម្ភៈ ឆ្នាំ ​២០១៩ នៅ​ទីក្រុង​វៀង​ចន្ទន៍ និង​ក៏ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី ជា​មួយ​ប្រទេស​ជិត​ខាង​នេះ​ផង​ដែរ។

​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួ​ង​ការ​បរទេស​កាលពី​ថ្ងៃទី ១៨ ខែ​កុម្ភៈ ក្រៅ​ពី​ធ្វើ​ជា​សហប្រធានជា​​មួយ​លោក សា​លើ​ម​នៃ គុំ​ម៉ា​ស៊ីត រដ្ឋ​​មន្ត្រី​ការបរទេស​ឡាវ ក្នុងការដឹកនាំ​កិច្ចប្រជុំ​លើក​ទី ១៣ នៃ​គណៈ​កម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ឡាវ លោក ប្រាក់ សុខុន «ក៏​នឹង​ពិភាក្សា​ជាមួយ​លោក សា​លើម​​សៃ គុំ​ម៉ា​ស៊ីត លើ​ទិដ្ឋភាព​ផ្សេងៗនៃ​កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគីក្នុង​គោល​បំណងពង្រីក​វិសាលភាព និង​ជម្រៅ​នៃ​កិច្ច​សហប្រតិបត្តិការទ្វេភាគីក្នុង​វិស័យ​ទាំង​អស់​ដែលមាន​សក្តានុពល»។ លោក​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនទាន​ជាមួយ​សមភាគី​ឡាវ លើ​បញ្ហា​តំបន់ និង​អន្តរ​ជាតិ ដែលជា​ផល​ប្រយោជន៍​រួម​ផង​ដែរ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុង​អំឡុងពេល​ស្នាក់នៅទីក្រុង​វៀង​ចន្ទន៍ លោក ប្រាក់ សុខុន នឹង​អញ្ជើញចូល ជួបសម្តែងការគួរសម​ដាច់​ដោយ​ឡែ​ក​​ពីគ្នា​ជាមួយ លោក​ប្រធានាធិបតី ប៊ុន​ញ៉ាំង វរ​ជី​ត និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ។ ទស្សនកិច្ច​លើក​ទី ៣ ទៅកាន់​​ប្រទេស​ឡាវ របស់​លោក​រដ្ឋមន្ត្រីការបរទេសរយៈពេល ៣ ឆ្នាំកន្លង​មកនឹង​ជួយ​លើកកម្ពស់ បន្ថែម​ទៀត​នូវ​ចំណងមិត្តភាពដ៏​ជិត​ស្និទ្ធ និងយូរលង់​រវាង​ប្រទេស​​ជិត​ខាង​ទាំង ២។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​ បាន​ថ្លែងថា៖ «ការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​​រ​បស់​រដ្ឋមន្ត្រី​ការ​បរទេ​ស​ គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេសទាំង​ ២ ឲ្យ​កាន់តែ​ល្អប្រសើរ និង​ជួយ​ឲ្យ​មាន​ការផ្លាស់ប្តូ​រពា​ណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ឲ្យ​កាន់តែ​ប្រសើរ​ឡើង»។

លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ទេ៕