ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ទ្វេភាគី​រួមទាំង​បញ្ហា​ព្រំដែន​ដែល​កាលពី​ខែ​សីហា​កងទ័ព​នៃ​ប្រទេស​ទាំង​ ២ ​មាន​ភាព​តានតឹង​ដាក់គ្នា​ដោយ​ប្រដាប់អាវុធ​នៅ​តំបន់​ដែល​មិនទាន់​បោះបង្គោល​ព្រំដែន​ច្បាស់លាស់​។

សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​៖ «​ទស្សនកិច្ច​នេះ​មាន​គោល​​បំណង​ពង្រឹង​ និង​ពង្រីក​វិសាលភាព​ និង​ជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រួមទាំង​បញ្ហា​​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២»​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា ទស្សនកិច្ច​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ៥ ដល់ទី​ ៦ ខែកញ្ញា តាម​ការអញ្ជើញ​របស់​​រដ្ឋមន្ត្រី​ការបរទេស​ឡាវ លោក សាលើមសៃ កុំម៉ាស៊ីត​។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​លម្អិត​បានទេ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការបំពេញ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ឡាវ​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏ត្រូវ​លើកឡើង​បញ្ហា​ព្រំដែន​ដើម្បី​បកស្រាយ​ឱ្យបាន​យល់​គ្នា ដែល​ជាក់ស្តែង​ថ្មីៗ​នេះ​មាន​ការយល់ច្រឡំ​គ្នា​ខ្លះ​អំពី​បញ្ហា​ព្រំដែន​នេះ​។

ប៉ុន្តែ​បើ​ពិនិត្យ​ជារួម ទំនាក់ទំនង​កម្ពុជា-ឡាវ គឺជា​ទំនាក់ទំនង​ជា​ប្រពៃណី​ដែលជា​បងប្អូន និង​ជា​អ្នកជិតខាង​ល្អ​។ ប្រទេស​ទាំង​ ២ ​មិន​សូវ​ដែលមាន​បញ្ហា​ប្រឈម​អ្វី ឬ​មានទំនាស់​ជាមួយគ្នា​នោះទេ រួមទាំង​បញ្ហា​ព្រំដែន នយោបាយ និង​វប្បធម៌​។ ដំណើរ​ទស្សនកិច្ច​នេះ​កាន់តែ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​។

លោក គិន ភា ថ្លែង​ថា​ជាទូទៅ​បញ្ហា​ព្រំដែន​ជា​ចំណុចរសើប ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ក៏​មិន​ប្រាកដថា​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​ដាច់ស្រឡះ​នោះ​ទេ ពីព្រោះ​មាន​ចំណុច​មួយ​ចំនួន​មិនទាន់​ឯកភាពគ្នា​ទៅ​លើ​ទិដ្ឋភាព​ផែនទី និង​ទិដ្ឋភាព​បច្ចេកទេស​រហូត​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ ២ ​បាន​ស្នើ​សុំ​ទៅ​ភាគី​ប្រទេស​បារាំង​ឱ្យ​ជួយ​​អន្តរាគមន៍​។

លោក​ថ្លែង​ថា​៖ «​យើង​ប្រើ​មធ្យោបាយ​ការទូត​ហ្នឹង​គឺជា​ការប្រសើរ​ដើម្បីឱ្យ​មហាជន​បាន​ឃើញ​ថា ប្រទេស​ទាំង​ ២ ​អត់​មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ​»​។

លោក ឯម សុវណ្ណរ៉ា អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ល្អ ប៉ុន្តែ​ត្រូវធ្វើ​ឲ្យ​លឿន​ជាង​នេះ ក្រោយពេល​មាន​ព្រឹត្តិការណ៍​ប្រឈម​ដាក់គ្នា​នៅ​ព្រំដែន​កម្ពុជា-ឡាវ​នៅ​កន្លែង​មុំ​ ៣ ​កាលពី​ពេល​កន្លងទៅ​។

លោក ឯម សុវណ្ណរ៉ា ថ្លែងថា​៖ «​ខ្ញុំ​គិតថា​មិនមាន​បញ្ហា​អ្វី​ធំដុំ​ទេ អាច​ដោះស្រាយ​បាន​សមិទ្ធផល និង​លទ្ធផល​ល្អ​»​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែង​កាលពី​ខែ​សីហា​ថា ស្ថានភាព​ព្រំដែន​កម្ពុជា-ឡាវ មិន​មាន​ភាព​តានតឹង ឬ​ការប្រឈមមុខ​ដាក់គ្នា​ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​ដែល​ផ្សព្វផ្សាយ​ថា​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាថ្មី​រវាង​កងទ័ព​កម្ពុជា និង​ឡាវ​នៅ​ចំណុច​ទន្លេ​ពៅ​ក្នុង​តំបន់​មុំ​ ៣ ក្នុង​ខេត្ត​ព្រះវិហារ ហើយ​ថា​ភាគី​កម្ពុជា​បាន​បង្កើន​កម្លាំង​កងទ័ព និង​ត្រៀម​ជម្លៀស​ប្រជាជន​ចំនួន​ ៤ ​ភូមិ​ស្ថិត​នៅក្នុង​ឃុំ​ចំនួន​ ២ នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​។

លោក ទៀ បាញ់ បាន​ឲ្យ​ដឹងថា បញ្ហា​ព្រំដែន កម្ពុជា-ឡាវ នេះ​កើតឡើង​ដោយសារ​តែ​តំបន់​នោះ​ជា​តំបន់​មិនទាន់​បោះបង្គោល​ព្រំដែន​ដាច់ស្រេច​នៅឡើយ ហើយ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ដី​នោះ​ទំនេរ​ក៏​ទៅ​បង្កបង្កើនផល​ទីនោះ ហើយ​កងទ័ព​ឡាវ​បាន​មក​ដក​ដំណាំ​របស់​ពួកគាត់ ទើប​ប្រជាជន​បាន​រាយការណ៍​ដល់​កងកម្លាំង​យោធា​របស់​កម្ពុជា​ដែល​ធ្វើ​ឲ្យ​មាន​ការយល់ច្រឡំ​។ ការប្រឈម​មុខ​គ្នា​កើតមាន​នៅ​ខេត្ត​ស្ទឹងត្រែង​កាលពី​ខែ​មុន​៕