ភ្នំពេញៈ លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​ចូលរួម​កិច្ចសន្ទនា​ត្រីភាគី​បើកចំហ​ (Open-Ended Troika Dialogue) រវាង​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-ចក្រភព​អង់គ្លេស ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ការដោះស្រាយ​បញ្ហា​ប្រឈម​សកល​នៃ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ដែល​ផ្សព្វផ្សាយ​ពី​ម្សិលមិញបានឱ្យ​ដឹងថា តប​តាម​ការអញ្ជើញ​របស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រី​ការបរទេស​ប្រ៊ុយណេ​ដារ៉ូសាឡឹម លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ត្រីភាគី​បើកចំហ ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-ចក្រភព​អង់គ្លេស ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៨ ខែ​ មេសា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

ក្រសួង​បន្តថា កិច្ចសន្ទនា​នេះ​រំពឹង​ថា នឹង​គ្របដណ្តប់​លើ​ការរិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស​ក្នុង​ការដោះស្រាយ​សេចក្តី​បារម្ភ​រួមគ្នា ផ្នែក​សុខភាព​នៅក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​បញ្ជាក់ថា​៖«​ការពង្រីក​ទំនាក់ទំនង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ដើម្បី​កសាង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ប្រកប​ដោយ​ចីរភាព និង​រឹងមាំ និង​ការលើកកម្ពស់​ការប្តេជ្ញា​ចិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​»​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា យល់ថា តាមរយៈ​កិច្ចសន្ទនា​ត្រីភាគី​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ដែលមាន​ដៃគូ​សន្ទនា​ជាមួយ​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​។ លោក​ថា​៖ «​ខ្ញុំ​យល់ថា វា​ជា​រឿង​ល្អ​សម្រាប់​អាស៊ាន​ដែលមាន​ប្រទេស​មហាអំណាច​ធំៗ​រួមមាន​អង់គ្លេស ចាប់អារម្មណ៍​ និង​មាន​កិច្ចសហប្រតិបត្តិការ ដែល​ធ្វើឱ្យ​ទម្រង់ និង​យន្តការ​អាស៊ាន​កាន់តែ​ល្អប្រសើរ​សម្រាប់​ដោះស្រាយ​បញ្ហា​ធំ​នៅក្នុង​តំបន់​»​។

ដោយឡែក​ទាក់ទង​កម្ពុជា​វិញ​លោក គិន ភា យល់ថា ទំនាក់ទំនង​ទ្វេភាគី​នឹង​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត ខណៈ​ប្រទេស​ទាំង​ ២ ​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​រួចមកហើយ​នាពេល​កន្លងមក​។ «​ពីមុន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នៅ​អឺរ៉ុប មួយផ្នែកធំ​ក៏នាំ​ទៅ​អង់គ្លេស​ដែរ ឥឡូវនេះ​នៅ​ពេល​អង់គ្លេស​ផ្តាច់​ចេញពី​សហភាព​អឺរ៉ុប​ទៅ​គាត់​បាន​ប្រកាស​ថា នៅ​រក្សា EBA ក្នុង​ក្របខ័ណ្ឌ​ដែល​ធ្លាប់មាន​កន្លងមក​គឺ​បន្ត​មាន​សុពលភាព​សម្រាប់​កម្ពុជា​។ ​«​ដូច្នេះ​ទំនាក់ទំនង​កម្ពុជា និង​អង់គ្លេស ខ្ញុំ​យល់ថា​ការជួយ​ជ្រោមជ្រែង​ណាមួយ​របស់​កម្ពុជា ដើម្បី​ដំឡើង​ឋានៈ​នៃ​ដៃគូ​សន្ទនា​អង់គ្លេស-អាស៊ាន​គឺ​កាន់តែ​មាន​សារៈសំខាន់ និង​ផលប្រយោជន៍​សម្រាប់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​យន្តការ​ពហុភាគី​ផង និង​យន្តការ​ទ្វេភាគី​ផង​»​។

លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​ ៣០ ខែ កញ្ញា ២០២០ បាន​ពិភាក្សា​អំពី​អាទិភាព​ផ្សេងៗ​ទៀត​នៃ​វិស័យ កិច្ចសហប្រតិបត្តិការ​រវាង អាស៊ាន និង​ចក្រភព​អង់គ្លេស ដើម្បី​ដោះស្រាយ​ការបង្អាក់​ចង្វាក់​ផ្គត់ផ្គង់ គាំទ្រ​សេដ្ឋកិច្ច​សកល​តាមរយៈ​ពាណិជ្ជកម្ម​បើកចំហ​សម្រួល​កំណើន​សេដ្ឋកិច្ច​អន្តរជាតិ​ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព និង​ស្តារ​ឡើង​វិញ​នូវ​ទំនុកចិត្ត​ធុរកិច្ច​នៅក្នុង​តំបន់​៕