ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ីអឺរ៉ុប​ (ASEM) ​លើក​ទី​ ១៤ ​នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​ អេស្ប៉ាញ​ ចាប់ពី​ថ្ងៃទី​ ១៥ ដល់​​ ១៦ ​ខែធ្នូ ដោយ​លោក​នឹង​លើក​ពី​បញ្ហា​សមភាព យេនឌ័រ​ និង​តួនាទី​ស្ត្រី​ក្នុង​ការរក្សា​សន្តិភាព និង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ពី​ម្សិលមិញ​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ប្រកបដោយ​ខ្លឹមសារ​ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​បញ្ហា​សមភាព​យេនឌ័រ និង​តួនាទី​របស់​ស្ត្រី​នៅក្នុង​សន្តិភាព និង​សន្តិសុខ ជាពិសេស​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ (UNPKO)​។

ក្នុងឱកាស​នោះ​...​ឯកឧត្តម​នឹង​ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​»​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​លោក ប្រាក់ សុខុន ក៏​ថ្លែង​ពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​លើក​ទី​ ១៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ ២០២០ ​ផងដែរ​។ ​ជាមួយ​គ្នា​នោះ​លោក​ក៏​គ្រោង​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ និង​ឥស្សរជន​មួយចំនួន​នៃ​ប្រទេស​សមាជិក ASEM ផងដែរ​។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ កិច្ចប្រជុំ ASEM គឺជា​វេទិកា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ី​ និង​អឺរ៉ុប​ដោយ​ផ្តោតលើ​សសរស្តម្ភ​ ៣ ​គឺ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​ឲ្យ​មើល​តាម​សេចក្ដី​ប្រកាស​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វត្តមាន​លោក ប្រាក់ សុខុន គឺមាន​សារៈសំខាន់​សម្រាប់​បង្ហាញ​ពី​ការចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ចការ​តំបន់​ និង​ពិភពលោក​។

លោក​ថា​៖ «ASEM ​ឆ្នាំក្រោយ​នេះ​គឺ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​​ហ្នឹង​គឺ​ធ្វើ​នៅ​កម្ពុជា​យើង​ដែល​យើង​ជា​ម្ចាស់ផ្ទះ​។ អ៊ីចឹង​ទេ វត្តមាន​របស់​គាត់​គឺមាន​សារៈសំខាន់​សម្រាប់​ជា​ការបង្ហាញ​ឱ្យ​ឃើញ​អំពី​ការយកចិត្ត​ទុកដាក់​ពី​វត្តមាន​របស់​កម្ពុជា​នៅក្នុង​កិច្ចការ​តំបន់​ផ្សេងៗ​»​។

តាម​គេហទំព័រ​ ASEMInfo-Board(aseminfoboard.org)​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​ ASEM ​នេះ​នឹង​ប្រមូលផ្តុំ​រដ្ឋមន្ត្រី​ការបរទេស និង​តំណាង​​ជាន់ខ្ពស់​នៃ​ប្រទេស​អឺរ៉ុប និង​អាស៊ី​ចំនួន​ ៥១ ​រួមជាមួយ​សហភាព​អឺរ៉ុប​ និង​អាស៊ាន​ក្រោម​ប្រធាន​បទ​ «​អាស៊ី និង​អឺរ៉ុប​រួមគ្នា​ដើម្បី​ពហុភាគី​និយម​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។ ​កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​ប្រទេស​ អេស្ប៉ាញ និង​ដឹកនាំ​ដោយ​លោក​ JosepBorrell ​តំណាង​ជាន់ខ្ពស់​ថ្មី​សម្រាប់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​​របស់​សហភាព​អឺរ៉ុប​៕