ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិថ្លែងថា គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ត្រូវ​បាន​ទ្រទ្រង់​យ៉ាងរឹងមាំ​ពី​ស្មារតី​ដ៏មោះមុត​នៃ​ពហុភាគី​និយម​។

លោក​ ប្រាក់ សុខុន ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​ជាន់ខ្ពស់​ស្តីពី «​អនាគត​ដែល​យើង​ចង់បាន​តួនាទី​នៃ​ពហុភាគី​និយម​ក្នុង​ពិភពលោក​ក្រោយ​កូវីដ ​១៩» ដែល​រៀបចំឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។

លោក​បានលើកឡើង​នូវ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​ខែកញ្ញា ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ដើម្បី​រំឭក​ខួប​លើក​ទី​៧៥ នៃ​ការបង្កើត​អង្គការ​សហប្រជាជាតិ​ថា​៖ «​កម្ពុជា​ទទួលស្គាល់​តួនាទី​ស្នូល​នៃ​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដ៏ស្មុគស្មាញ​ដែល​យើង​កំពុង​ប្រឈមមុខ​សព្វថ្ងៃ​។ បញ្ហា​ប្រឈម​របស់​យើង​មាន​ភាព​ពាក់ព័ន្ធ​គ្នា និង​អាច​ដោះស្រាយ​បានតែ​តាមរយៈ​ការធ្វើឱ្យ​សកម្ម​ឡើងវិញ​នៃ​ពហុភាគី​និយម​»​។

លោក ហ៊ុន សែន មាន​ការប្ដេជ្ញា​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​។ កម្ពុជា​ចង់​ចូលរួមចំណែក​តាមតែ​អាចធ្វើ​បាន​ក្នុងការ​ធ្វើឱ្យ​ជឿនលឿន​ដល់​ពហុភាគី​និយម​។ ប្រសិនបើ​ពហុភាគី​និយម​នៅតែ​ដើរតួនាទី​របស់ខ្លួន​បានល្អ នោះ​ពិភពលោក​នឹងមាន​សាមគ្គីភាព មាន​ឆន្ទៈ និង​ធនធាន​រួម ដើម្បី​ប្រឈម​ដោះស្រាយ​ការគំរាមកំហែង​លើ​បញ្ហា​សុខភាព​។ នេះ​បើតាម​ការលើកឡើង​របស់​លោក ប្រាក់ សុខុន​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​ទេ ហើយ​យើង​ទាំងអស់​គ្នា​ក៏បាន​ដឹង​រឿង​នេះដែរ​។ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏ស្វិតស្វាញ ដែលមាន​រូបភាព​ជា​សង្គ្រាម​ត្រជាក់​បែប​ថ្មី​បាន​កំពុង​បន្ទុចបង្អាក់​កិច្ចប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា និង​បាន​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ដុនដាប​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​»​។

លោក​បន្តថា ពហុភាគី​និយម​មាន​ភាពចាំបាច់​មិនមែន​សម្រាប់តែ​ដោះស្រាយ​លើ​បញ្ហា​កូវីដ​​ ១៩​​ ទេ ប៉ុន្តែ​វា​ចាំបាច់​សម្រាប់​ដោះស្រាយ​ដល់​ជោគវាសនា​របស់​មនុស្ស​ដែល​រងគ្រោះ​ដោយសារ​បាតុភូត​នានា​ដែល​កើតឡើង​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា​៖ «​យើង​ទាំងអស់​គ្នា​បានឃើញ​ស្រាប់​ហើយពី​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​របស់​ភ្លៀង​ធ្លាក់​ក្នុង​ចំនួន​ច្រើន​ និង​បញ្ហា​ទឹកជំនន់​ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺ​មាន​ពិត និង​មាន​គ្រោះថ្នាក់​ដូចជា​ជំងឺ​កូវីដ​១៩​ដែរ​។ ​គ្មាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​បាន​ដោយ​ខ្លួនឯង​នោះទេ​។ មានតែ​ពហុភាគី​និយម​ដ៏រឹងមាំ និង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទើប​យើង​អាច​សង្ឃឹម​យកឈ្នះ​នូវ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទាំងនេះ​បាន​»​។

កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម និង​ក្របខ័ណ្ឌ​រក្សា​សន្តិភាព​ពហុភាគី​របស់​អង្គការ​សហប្រជាជាតិ​។ ចាប់តាំងពី​ឆ្នាំ ២០០៦ ​មក​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន ៧១២៣ ​នាក់​ទៅ​ប្រទេស​ចំនួន ៩ ដែល​ហែកហួរ​ដោយ​សង្គ្រាម​។ ក្នុង​ចំនួន​នេះ​មាន​ស្ត្រី ៤១៩ ​នាក់ ​ដែល​បំពេញ​មុខងារ​ជា​បុគ្គលិក​សុខាភិបាល និង​សន្តិសុខ វិស្វករ​សំណង់​ស៊ីវិល និង​ជា​អ្នកជំនាញ​ផ្នែក​ដោះមីន​។ នេះ​បើ​តាម​ការលើកឡើង​របស់​លោក ប្រាក់ សុខុន។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ១៧ ក្នុងចំណោម​ ១២០ ​ប្រទេស​ ដែល​បញ្ជូន​ស្ត្រី​ច្រើន​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អ.ស.ប នេះ​។ កម្ពុជា​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ ២ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន បើ​និយាយ​ពី​ចំនួន​ចូលរួម​របស់​ស្ត្រី​»​។

ពាក់ព័ន្ធ​នឹង​ការប្រឈម​ដោះស្រាយ​បញ្ហា​កូវីដ​១៩ ពហុភាគី​និយម​បាន​គាំទ្រ​ដល់​វិធានការ​របស់​កម្ពុជា​ក្នុង​ការទប់ស្កាត់​ជំងឺ​នេះ​។ នេះ​បើតាម​ការលើក​ឡើង​របស់​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ដែលជា​វាគ្មិន​ ១ ​រូប​នៃ​សិក្ខាសាលា​នេះ​។

លោកស្រី​បញ្ជាក់ថា ចាប់​តាំងពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩ កម្ពុជា​អភិវឌ្ឍ​លើ​សមត្ថភាពឆ្លើយតប​នឹង​ជំងឺ​ដោយ​បាន​បណ្ដុះបណ្ដាល និង​ពង្រាយ​ក្រុម​ឆ្លើយតប​រហ័ស​ជិត ៣ ០០០ ​នាក់​នៅ​ទូទាំង​ប្រទេស​។

លោកស្រី​បាន​បន្តថា កម្ពុជា​ទទួល​បាន​ភាពជោគជ័យ​ចំនួន ៣ ក្នុង​ការដោះស្រាយ​ជំងឺ​នេះ​។ ជោគជ័យ​ទាំងនោះ​រួមមាន​ការជួយសង្គ្រោះ​ដល់​អ្នក​ដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam កាលពី​ខែកុម្ភៈ ការគ្រប់គ្រង​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​ពី​បរទេស​ប្រមាណ ១០ ​ម៉ឺន​នាក់ និង​ការបន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សម្រាប់​អ្នកធ្វើ​ដំណើរ​។

លោកស្រី​ថ្លែងថា​៖ «​ប្រសិន​បើ​យើង​ចង់​ទទួល​បាន​នូវ​សមិទ្ធផល​ផ្នែក​សុខភាព ជាពិសេស​ការដោះស្រាយ​មិនត្រឹម​តែ​កូវីដ​ ១៩ ទេ ប៉ុន្តែ​សម្រាប់​ហេតុការណ៍​ភ័យរន្ធត់​នាពេល​អនាគត​នោះ យើង​ត្រូវតែ​ធ្វើការ​រួម​គ្នា​ពី​វិស័យ​ផ្សេងៗ ទាំង​វិស័យ​សាធារណៈ និង​ឯកជន ទាំង​ជាតិ និង​អន្តរជាតិ​»​។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គការ​ UN ប្រចាំ​កម្ពុជា​បាន​ថ្លែងថា មនុស្ស​ជាច្រើន​ចង់ឃើញ​មាន​ការសហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ថែម​ទៀត រវាង​ប្រទេស​នានា​ដើម្បី​ធ្វើការ​ជាមួយគ្នា​នាពេល​អនាគត និង​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​មាន​ការខ្វល់ខ្វាយ​។ ការពង្រឹង​វិធី​ដោះស្រាយ​ដោយ​ផ្អែកលើ​ពហុភាគី​និយម​សម្រាប់​បញ្ហា​ប្រឈម​សកល គឺជា​រឿង​ចាំបាច់​៕