ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើក​ពី​​វឌ្ឍនភាព​របស់​កម្ពុជា​ប្រាប់​អង្គសន្និបាត​អង្គការ​សហប្រជាជាតិ ​(UN) ​ដោយ​រំលេច​ពី​ភាពរីកចម្រើន​មួយ​ចំនួន​រួមទាំង​ធនធាន​មនុស្ស​ផងដែរ​។

ការថ្លែង​របស់​លោក ប្រាក់ សុខុន ដូចនេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​របស់​ (UN) ​លើក​ទី​ ៧៤ កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ក្រោម​ប្រធានបទ​ «​ជំរុញ​កិច្ចប្រឹងប្រែង​ពហុភាគី​សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ ការអប់រំ​ប្រកប​ដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិយាប័ន្ន​»​។

តាមរយៈ​ Video ​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ UN Web TV លោក​ ប្រាក់ សុខុន បាន​ថ្លែងថា​៖ «​សន្ទស្សន៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​ដែល​ធ្វើឱ្យ​យើង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​នៃ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជា​មធ្យម និង​ជា​ប្រទេស​បំពេញការងារ​បានល្អ​បំផុត​ទី​ ៨ ​លើ​ពិភពលោក​ក្នុង​រយៈពេល​នេះ​» ។

លោក ប្រាក់ សុខុន បាន​​ថ្លែងថា​ចន្លោះ​ឆ្នាំ​ ១៩៩០ និង​ ២០១៧ អាយុកាល​របស់​ប្រជាជន​កម្ពុជា​បាន​កើនឡើង​ជិត​ ១៦ ​ឆ្នាំ​។ មាន​ការធ្លាក់​ចុះ​អត្រា​មរណភាព​ទារក​ និង​មាតា​ និង​ការកាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ជំងឺអេដស៍ និង​ជំងឺរបេង​។ ការទទួល​បាន​ការអប់រំ​នៅ​ថ្នាក់បឋមសិក្សា​ឥឡូវនេះ​ស្ទើរ​តែ​មាន​លក្ខណៈ​ជា​សកល ហើយ​អត្រា​ចុះឈ្មោះ​ចូលរៀន​នៅ​បឋមសិក្សា​គឺ​ស្ទើរ​តែ​មាន​ចំនួន ១០០ ​ភាគរយ​ ទាំង​ក្មេងស្រី និង​ក្មេងប្រុស​។

លោក​ ប្រាក់ សុខុន ដែល​តំណាងឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​យើង​បាន​ដាក់​បញ្ចូល​ការប្តេជ្ញាចិត្ត​របស់​យើង​ដោយ​មិន​ទុក​ឱ្យ​នរណាម្នាក់​នៅ​ឯកោ​ចូល​ទៅក្នុង​គោលនយោបាយ​ និង​សកម្មភាព​។ ការអនុម័ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​កិច្ច​គាំពារ​សង្គម​ឆ្នាំ​​​ ២០១៦-២០២៥ ​ជា​ចំណុច​របត់​មួយ​»​។

លោក​បាន​បន្តថា កាលពី​មុន​ប្រទេស​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​ UN​។ ប៉ុន្តែ​សព្វថ្ងៃ​នេះ​កម្ពុជា​បាន​រួម​ចំណែក​សកម្ម​បំផុត​មួយ​ក្នុង​បេសកកម្ម​នេះ​ដោយមាន​ទ័ព​មួក​ខៀវ​ជាង ៦ ៣០០ ​នាក់​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ប្រទេស​អាហ្វ្រិក​ចំនួន​ ៨ និង​នៅ​មជ្ឈិមបូព៌ា​តាំងពី​ឆ្នាំ​ ២០០៦ មក​។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​កាល​ម្សិលមិញ​។

លោក ឯម សុវណ្ណរ៉ា អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជាការ​កត់សម្គាល់​ប្រទេស​ជា​សមាជិក​ (​អ.ស.ប​) ​ដែល​គាំទ្រ​កម្ពុជា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស លោក​សង្កេត​ឃើញ​ថា មាន​តែ​ប្រទេស​វ៉េណេស៊ុយអេឡា និង​ចិន​ប៉ុណ្ណោះ​។ ដោយឡែក​ប្រទេស​ភាគច្រើន​មិន​បាន​គាំទ្រ​កម្ពុជា​ពី​រឿងនេះ​ទេ​។ ​លោក​ថា​បញ្ហា​ប្រឈម​របស់​កម្ពុជា​ក៏​ជា​ឧបសគ្គ​មួយ​ដែរ​នៅពេល​សហគមន៍​អឺរ៉ុប​ដាក់​សម្ពាធ​រឿង​ដក EBA​។

លោក​ថា​៖ «​អាហ្នឹង​ក៏​​ជា​ទឡ្ហីករណ៍​មួយ​ដែរ​ដែល​គេ​អាច​យក​មក​ដាក់​ជា​បន្ទុក​លើ​រដ្ឋាភិបាល​កម្ពុជា​»៕