ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន លើក​ទឹកចិត្ត​ឱ្យ​ក្រសួង​មហាផ្ទៃ​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​បន្ថែមទៀត​ជាមួយ​ប្រទេស​កាណាដា​លើ​វិស័យ​ពាក់ព័ន្ធ ដោយសារ​លោក​មើលឃើញ​ថា នយោបាយ​ការបរទេស​របស់​កាណាដា​មាន​ភាពអនុគ្រោះ​ខ្លាំង​ជាងមុន​ចំពោះ​កម្ពុជា​។

លោក​ ប្រាក់ សុខុន បាន​ជម្រាប​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា តាមរយៈ​លិខិត និង​ការទូរស័ព្ទ​ជាមួយ​ភាគី​កាណាដា​កាលពី​កន្លង​ទៅ ក្រសួង​ការបរទេស​បាន​សង្កេត​ឃើញ​ថា នយោបាយ​ការបរទេស​របស់​កាណាដា​មាន​ភាពអនុគ្រោះ​ជាង​មុន​សម្រាប់​កម្ពុជា​។ នេះ​បើតាម​លិខិត​ចុះ​ថ្ងៃទី​ ៦ ខែ​តុលា របស់​លោក ប្រាក់ សុខុន ផ្ញើជូន​លោក ស ខេង​។

លោក ប្រាក់ សុខុន បញ្ជាក់​ថា ភាពអនុគ្រោះ​របស់​កាណាដា​នេះ​អាច​បណ្ដាល​មកពី​ការជួយ​លើ​ផ្នែក​មនុស្សធម៌​របស់​កម្ពុជា​ក្នុង​ការសម្របសម្រួល​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​កាណាដា​ចំនួន ២៧១ នាក់​ដែល​ជាប់គាំង​លើ​នាវា​ទេសចរណ៍ Westerdam និង​ការជួយ​គាំទ្រ​គ្នា​លើ​វេទិកា​ពហុភាគី​។ លោក​បន្តថា​៖ «​កាណាដា បាន​សង្កត់ធ្ងន់​លើ​ការលើកកម្ពស់​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ និង​តំបន់ គំនិត​ផ្ដួចផ្ដើម​បោសសម្អាត​មីន ការលើក​កម្ពស់​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​វិធាន​ច្បាប់ និង​ការកសាង​សមត្ថភាព​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅក្នុង​តំបន់​»​។

លោក​បាន​យោង​ទៅ​លើ​លិខិត​របស់​លោក Francois Philippe Champagne រដ្ឋមន្ត្រី​ការបរទេស​កាណាដា ដែល​ឆ្លើយតប​មក​លោក​ក្នុង​ឱកាស​បុណ្យជាតិ​កាណាដា​លើក​ទី​ ១៥៣​។ លោក​ថា​៖ «​អាស្រ័យ​ហេតុនេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​យល់ថា ក្រសួងមហាផ្ទៃ​គួរ​ឆ្លៀតឱកាស​ដ៏ល្អ​នេះ​បន្ត​ពង្រឹង​ និង​ពង្រីក​ភាព​ជា​ដៃគូ​បន្ថែម​ជាមួយ​កាណាដា​លើ​វិស័យ​អាទិភាព​ខាងលើ​»​។

កាលពី​ថ្ងៃទី​ ២៣ ខែកញ្ញា លោក Champagne បាន​សរសេរ​លិខិត​មួយ​ផ្ញើ​មកកាន់​លោក ប្រាក់ សុខុន ដើម្បី​ថ្លែងអំណរគុណ​ដែល​លោក ប្រាក់ សុខុន បាន​សរសេរ​លិខិត​អបអរសាទរ​កាណាដា​ក្នុង​ឱកាស​នៃ​ការប្រារព្ធ​ទិវា​ជាតិ​លើក​ទី​ ១៥៣ នៅ​ថ្ងៃទី​ ១ ខែ​កក្កដា​។

លិខិត​របស់​លោក Champagne បាន​សរសេរ​ថា កាណាដា​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​របស់ខ្លួន​រយៈពេល​យូរអង្វែង និង​ចម្រុះ​វិស័យ​ជាមួយ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ កាណាដា​ទន្ទឹង​រង់ចាំ​ធ្វើឱ្យ​ជឿនលឿន​ដល់​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​សម្រេច​គោលដៅ​រួម​លើ​ការងារ​អាទិភាព​កម្រិត​តំបន់ និង​កម្រិត​សកល ជាពិសេស​តាមរយៈ​អង្គការ​សហប្រជាជាតិ និង​តាមរយៈ​សមាគម​អាស៊ាន​ដែលជា​ដៃគូ​សន្ទនា​មួយ​។ លោក​កត់សម្គាល់​ថា សមាគម​អាស៊ាន​នៅតែ​ជា​ផ្នែក​សំខាន់ សម្រាប់​វិបុលភាព និង​សន្តិសុខ​របស់​កាណាដា និង​សម្រាប់​តំបន់​។

លោក​សរសេរ​ថា​៖ «​លើស​ពី​នេះ​ទៅ​ទៀត យើង​ទទូច​ចង់​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​លើ​បញ្ហា​ដែលមាន​សារៈសំខាន់​រួម​ដូចជា​ការធ្វើឱ្យ​ជឿនលឿន​ដល់​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី និង​កម្រិត​តំបន់ គំនិត​ផ្ដួចផ្ដើម​ក្នុង​ការសម្អាត​មីន ការលើកកម្ពស់​សណ្ដាប់​ធ្នាប់​អន្តរជាតិ​ផ្អែកលើ​វិធាន​ច្បាប់ និង​ការកសាង​សមត្ថភាព​មូលដ្ឋាន សម្រាប់​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅក្នុង​តំបន់​»​។

​លោក Champagne ក៏បាន​បង្ហាញ​ការគាំទ្រ​ពេញទំហឹង សម្រាប់​ការបង្កើត​ការប្រឹក្សា​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​២​។ ការប្រឹក្សា​ពិគ្រោះ​យោបល់​នេះ នឹង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​លើកកម្ពស់​ការផ្លាស់ប្ដូរ​គំនិត ការបង្កើត​ចំណេះដឹង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​។ «​ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​គ្នា​ដើម្បីឱ្យ​ទំនាក់ទំនង​របស់​យើង​ទទួល​បាន​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​របស់​យើង​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ក៏ដូចជា​ស្ថានទូត​កាណាដា​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ផាត សុផានិត អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹងថា លិខិត​របស់​លោក ប្រាក់ សុខុន គ្រាន់តែ​ជា​ការជូន​ដំណឹង​ដល់​ក្រសួង និង​ស្ថាប័ន ក្នុង​ករណី​មាន​គោលបំណង​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់​ខ្លួន ប្រសិនបើ​មាន​ដោយ​ផ្អែកលើ​ទំនាក់ទំនង​ល្អប្រសើរ​ទ្វេភាគី​នេះ​។ លោក​ថ្លែងថា​៖ «​មកដល់​ពេល​នេះ​ក្រសួង​មិនទាន់​មាន​កិច្ចសហប្រតិបត្តិការ​ផ្លូវការ​ជា​ទម្រង់​ជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ឬ កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ​។ កន្លងមក​យើង​មានតែ​ទំនាក់ទំនង ឬ​កិច្ចសហការ​តាម​ករណី​ជាក់ស្តែង​នីមួយៗ​ប៉ុណ្ណោះ​»​។

កាលពី​ខែតុលា ឆ្នាំមុន​លោក ប្រាក់ សុខុន បាន​ជួប​ជាមួយ​លោកស្រី Donica Pottie ដែល​ពេលនោះ​ជា​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា​។ ក្នុងជំនួប​នោះ​លោក ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​កាណាដា​ដែល​ផ្ដល់ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​កម្ចាត់មីន អប់រំ បេសកកម្ម​រក្សា​សន្តិភាព​ និង​ការប្រែប្រួល​អាកាសធាតុ​។

លោកស្រី Pottie បាន​ប្រាប់​ទៅ​លោក ប្រាក់ សុខុន ថា ចាប់​តាំងពី​កាណាដា​បើក​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​ ២០១៦ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ ​កើនឡើង​ ៨០០ ​ភាគរយ​។ កាណាដា​ក៏​ផ្ដល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។ នេះ​បើ​តាម​ក្រសួង​ការបរទេស​។

កាលពី​ឆ្នាំ​ ២០១៩ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ បាន​ឈានដល់​កម្រិត​ ១ ពាន់​លាន​ដុល្លារ ដោយ​ការនាំចេញ​ចម្បង​របស់​កម្ពុជា​ទៅ​កាណាដា​គឺ​សម្លៀកបំពាក់​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា ប្រទេស​កាណាដា​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា ហើយ​ជា​លក្ខណៈ​ភូមិសាស្ត្រ វា​ត្រូវ​បាន​រាំងខ្ទប់​ដោយ​សហរដ្ឋអាមេរិក​ទៀត​។ ដូច្នេះ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​មាន​តិចតួច​ប៉ុណ្ណោះ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ទោះបី​ប្រជាជន​យើង​រស់នៅ​ទីនោះ​ច្រើន ប៉ុន្តែ​ទំនាក់ទំនង​រវាង​រដ្ឋ​ និង​រដ្ឋ​ហាក់​ដូចជា​ឆ្ងាយ ហើយ​នៅ​គ្រប់​សម័យកាល​ទាំងអស់ គឺ​មិនមាន​ទេ​។ តែ​បើសិន​ជា​យើង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​បច្ចុប្បន្ននេះ​សម្រាប់​រដ្ឋាភិបាល វា​ក៏​ជា​ការល្អ​ដែរ សម្រាប់​ផលិតផល និង​ទីផ្សារ​ទាំង​ផ្នែក​វាយនភណ្ឌ និង​ចំណីអាហារ​»៕